
ព្រះអង្គអង្វរឲ្យយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 1, 2025
«ដូច្នេះ ម៉ូសេ ត្រឡប់ទៅឯព្រះយេហូវ៉ាទូលថា បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ» (និក្ខមនំ ៣២:៣១-៣២)។
កាលព្រះអម្ចាស់រំដោះរាស្ត្រអ៊ីស្រាអែលឲ្យរួចពីភាពជាទាសករ ព្រះអង្គបានបង្គាប់ពួកគេឲ្យទៅជួបជនជាតិអេស៊ីព្ទជាអតីតម្ចាស់ដី និងជាអតីតម្ចាស់របស់ពួកគេ ដើម្បីសុំមាស ប្រាក់ និងក្រណាត់សម្រាប់យកទៅជាមួយក្នុងការធ្វើដំណើរឆ្លងចូលទៅទឹកដីសន្យា។ សម្ភារៈទាំងអស់នេះមានប្រយោជន៍នៅក្នុងការសាងសង់រោងឧបោសថ ជាកន្លែងដែលព្រះអម្ចាស់ប្រើ ដើម្បីគង់នៅក្នុងចំណោមរាស្ត្រព្រះអង្គ។
កាលព្រះអម្ចាស់ត្រាស់ហៅលោក ម៉ូសេ ឲ្យឡើងភ្នំស៊ីណាយ ដើម្បីជួបព្រះអង្គ នោះពួកអ៊ីស្រាអែលបានធ្វើដំណើរមិនទាន់បានឆ្ងាយប៉ុន្មានទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោក ម៉ូសេ បានឡើងទៅយូរពេកខុសពីការរំពឹងគិតរបស់ពួកបណ្តាជន ពួកគេបាត់បង់ការអត់ធ្មត់ ហើយក៏បានទាមទារលោក អើរ៉ុន ជាបងប្រុសលោក ម៉ូសេ ឲ្យធ្វើរូបព្រះសម្រាប់នាំមុខពួកគេ (និក្ខមនំ ៣២:១)។ ដូចនេះ លោក អើរ៉ុន ក៏បានប្រាប់ពួកគេថា «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីឯងរាល់គ្នាយកមកឲ្យអញ» ហើយគាត់ក៏បានយកគ្រឿងទាំងអស់នោះទៅធ្វើជារូបកូនគោមាស ហើយគេក៏បានប្រកាសថា «នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង» (ខ.២, ៤)។ ព្រះអង្គបានប្រទានឲ្យពួកគេនូវអ្វីដែលខ្លួនត្រូវការក្នុងកិច្ចការដែលព្រះអង្គត្រាស់ហៅឲ្យពួកគេធ្វើ តែផ្ទុយទៅវិញ ពួកគេក៏បានប្រើអំណោយរបស់ព្រះអង្គក្នុងផ្លូវខុស ដើម្បីដេញតាមសេចក្តីប៉ងប្រាថ្នារបស់ខ្លួន និងថ្វាយបង្គំព្រះក្លែងក្លាយដែលពួកគេបានបង្កើត។ យើងប្រហែលមិនមែនកំពុងតែធ្វើរូបកូនគោមាសនោះទេ ប៉ុន្តែ យើងក៏មិនអាចមានភាពស៊ាំ នឹងការប្រព្រឹត្តតាមគំរូរបស់ពួកគេ ដោយប្រើអ្វីៗដែលព្រះអង្គបានប្រទានមក ដោយព្រះគុណព្រះអង្គ។
នៅពេលដែលលោក ម៉ូសេ ចុះពីលើភ្នំមកវិញ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលគាត់បានឃើញពួកគេធ្វើ។ គាត់ក៏បានក្រាបផ្កាប់មុខដល់ដីនៅចំពោះព្រះអម្ចាស់ ដើម្បីទូលអង្វរឲ្យរាស្ត្រព្រះអង្គ ជាពិសេសគាត់បានទូលព្រះអង្គក្នុងន័យថា ព្រះអង្គជាព្រះ ដែលបានតាំងសេចក្តីសញ្ញាជាមួយរាស្ត្ររបស់ព្រះអង្គ។ សូមព្រះអង្គរក្សាសេចក្តីសញ្ញារបស់ព្រះអង្គ! យើងខ្ញុំបានយករបស់អ្វីដែលព្រះអង្គប្រទាន ទៅប្រើក្នុងផ្លូវខុស ដោយធ្វើរូបព្រះក្លែងក្លាយ តែសូមព្រះអង្គកុំបោះបង់យើងខ្ញុំចោលឡើយ។ សូមព្រះអង្គកុំបោះបង់ស្នាព្រះហស្តរបស់ព្រះអង្គ (និក្ខមនំ ៣២:១១-១៣)។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក ម៉ូសេ មិនមានកំហុសសោះក្នុងរឿងនោះ តែគាត់បានព្រមទទួលកំហុសជាមួយពួកបណ្តាជន។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះ គាត់ថែមទាំងស្ម័គ្រចិត្ត ឲ្យព្រះអង្គលុបឈ្មោះគាត់ចេញពីបញ្ជីឈ្មោះរាស្ត្រព្រះអង្គ បើសិនជាព្រះអម្ចាស់មិនលើកលែងឲ្យពួកគេ។
នៅក្នុងការទូលអង្វររបស់លោក ម៉ូសេ យើងអាចសង្កេតឃើញរឿងដែលនឹងសម្រេច នៅក្នុងគ្រាសញ្ញាថ្មី។ ព្រះអម្ចាស់មិនមែនជាអ្នកធ្វើការមិនចប់ចុងចប់ដើម នៅក្នុងការដោះស្រាយបញ្ហាជាមួយរាស្ត្រព្រះអង្គនោះឡើយ។ ព្រះគ្រីស្ទបានទូលអង្វរឲ្យយើង ហើយព្រះអង្គសម្រេចព្រះបន្ទូលសន្យាទាំងអស់ (២កូរិនថូស ១:២០)។ អាចនិយាយម្យ៉ាងទៀតថា ព្រះបន្ទូលដែលបានសន្យាថា ព្រះអង្គនឹងរក្សារាស្ត្រព្រះអង្គ ហើយសម្រេចកិច្ចការដែលព្រះអង្គបានចាប់ផ្តើមក្នុងពួកគេ គឺជាព្រះបន្ទូលដែលបានសម្រេចក្នុងព្រះយេស៊ូវ។
យើង «ងាយនឹងវង្វេងចេញពីព្រះអង្គ» ហើយក៏ «ងាយនឹងចាកចេញពីព្រះដែលយើងស្រឡាញ់»1។ យើងជាមនុស្សដែលយករបស់អ្វីដែលព្រះបានប្រទានទៅបង្កើតរូបព្រះសម្រាប់ថ្វាយបង្គំ។ យើងត្រូវការអ្នកទូលអង្វរឲ្យយើង ហើយយើងមានអ្នកទូលអង្វរនោះហើយ! គឺព្រះអម្ចាស់យេស៊ូវដែលបានសុគតជំនួសយើង ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ពេលណាយើងសារភាពបាបរបស់យើង នៅចំពោះព្រះយេស៊ូវ គឺយើងកំពុងចូលទៅរកព្រះ ដែលបានអង្វរឲ្យយើងរួចរាល់ហើយ។ សូមឲ្យសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលព្រះអង្គមានចំពោះលោកអ្នក បាននាំចិត្តលោកអ្នក ចេញពីការវង្វេងតាមការថ្វាយបង្គំរូបព្រះ ហើយវិលមករកការប្រើប្រាស់អ្វីៗទាំងអស់ដែលអ្នកមាន ដើម្បីបម្រើព្រះ ដែលបានប្រទានអ្វីៗដែលអ្នកត្រូវការ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ៤:៤-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១៣-១៥ និង កិច្ចការ ៤:១-២២