ល្ងាច

ការល្បួងរបស់លោក យ៉ូសែប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 7, 2025
«រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។ កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ តែគាត់មិនព្រមសោះ» (លោកុប្បត្ដិ ៣៩:៦-៨)។
ការល្បួងគឺជាការនាំចិត្តមនុស្សឲ្យចង់ប្រព្រឹត្តការអាក្រក់ ឬអំពើបាប។ មនុស្សម្នាក់ៗសុទ្ធតែជួបការល្បួង សូម្បីតែព្រះអម្ចាស់យេស៊ូវក៏ធ្លាប់ជួបដោយផ្ទាល់ដែរ។ ដូចនេះ ការល្បួងមិនមែនជាបាបនោះទេ តែការឆ្លើយតបរបស់យើងចំពោះវា ដែលនាំឲ្យយើងចូលទៅក្នុងផ្លូវនៃសេចក្តីទុចរិត ឬធ្លាក់ចូលទៅក្នុងការលិចលង់នៃការមិនស្តាប់បង្គាប់ ដែលប្រៀបដូចជាការធ្លាក់ចូលខ្សាច់ស្រូបមិនអាចដកខ្លួនរួច។
ទង្វើរបស់ប្រពន្ធលោក ប៉ូទីផារ បានបង្ហាញអំពីរបៀបដែលការល្បួងបានបង្ហាញខ្លួនវាចេញមក។ ពីដំបូង ទង្វើគាត់មានភាពស្ងប់ស្ងាត់។ គំនិតរបស់គាត់ចាប់ផ្ដើមគិតអំពីលោក យ៉ូសែប ខុសពីធម្មតា។ ភ្នែកគឺជាទ្វារបើកចូលទៅក្នុងវិញ្ញាណ ហើយការល្បួងជាច្រើនចូលតាមច្រកទ្វារនោះ។ ចិត្តចាប់ផ្ដើមមានភាពត្រេកត្រអាល ដោយសារភ្នែកចូលចិត្តមើលផ្តេសផ្តាស។
ភ្នែករបស់គាត់បាននាំឲ្យវិញ្ញាណគាត់ជាប់អន្ទាក់ គាត់លែងគិតអំពីភាពថ្លៃថ្នូរទៀតហើយ។ ហេតុអ្វីគាត់បណ្តោយខ្លួនតាមការល្បួងឲ្យចង់ប្រព្រឹត្តអំពើផិតក្បត់ ដោយគ្មានការខ្មាសអៀនដូចនេះ? មូលហេតុគឺដោយសារ គាត់បានចិញ្ចឹមចិត្តត្រេកត្រអាល ក្នុងកំរិតនៃការស្រមៃរបស់គាត់ ដែលបង្កើនឲ្យមានឱកាសដែលគាត់ចង់ប្រព្រឹត្តអ្វីដែលគាត់កំពុងគិតចង់ធ្វើ។ អំពើបាបតែងតែត្រៀមខ្លួនជាស្រេច ដើម្បីកើតឡើងភ្លាមៗ ដោយការជំរុញពីបំណងចិត្តដែលងងឹតងងល់ ក្តៅក្រហាយ ឬស្ទើរតែមិនអាចគ្រប់គ្រងបាន។ មានពេលខ្លះ យើងបានផុងខ្លួនជ្រៅយ៉ាងខ្លាំងនៅក្នុងគំនិតយើង បានជាយើងស្វែងរកឱកាសដើម្បីប្រព្រឹត្តវា ហើយពេលណាយើងមានឱកាស យើងប្រព្រឹត្តវាភ្លាម។
យើងអាចរៀនសូត្រពីកំហុសរបស់ប្រពន្ធលោក ប៉ូទីផារ។ អ្នកត្រូវដឹងច្បាស់ថា ការអ្វីដែលអ្នកអនុញ្ញាតឲ្យភ្នែកអ្នកមើល ហើយដក់ជាប់ក្នុងគំនិតអ្នក មិនយូរមិនឆាប់ វានឹងមានឥទ្ធិពលមកលើការប្រព្រឹត្តរបស់អ្នក។ ពេលនោះ យើងត្រូវសម្រេចចិត្តថា យើងនឹងចិញ្ចឹម ឬប្រឆាំងការល្បួង និងបំណងចិត្តដែលវាបានបណ្ដាលឡើង។ តើយើងបានត្រៀមខ្លួន «នាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទ» (២កូរិនថូស ១០:៥) ជាជាងចិញ្ចឹមចិត្តត្រេកត្រអាល ឬបាបដទៃទៀតដែរឬទេ? តើយើងស្ម័គ្រចិត្ត «ចូលនគរព្រះ ដោយមានភ្នែកតែម្ខាង» (ម៉ាកុស ៩:៤៧) ឬជីវិតអស់កល្បមិនមានតម្លៃដែលសក្តិសមនឹងឲ្យយើងធ្វើការលះបង់ភាពត្រេកត្រអាលនោះ?
នៅថ្ងៃនេះ តើភ្នែក និងគំនិតរបស់អ្នកបានប្រឈមមុខដាក់ការល្បួងអ្វីខ្លះ? ការល្បួងនីមួយៗសុទ្ធតែជាការអញ្ជើញដ៏គ្រោះថ្នាក់ឲ្យយើងប្រព្រឹត្តបាប តែវាក៏ជាឱកាសសម្រាប់ឲ្យយើងជ្រើសរើសយកការស្តាប់បង្គាប់ផងដែរ។ ចូរយើងអធិស្ឋានសូមប្រាជ្ញា និងចិត្តក្លាហាន ដើម្បីឲ្យយើងមើលឃើញឱកាសនោះ ហើយឆ្លើយតបចំពោះការល្បួង តាមរបៀបដែលនាំឲ្យគេដើរក្នុងផ្លូវនៃសេចក្តីសុចរិត។
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ៤:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣០-៣១ និង កិច្ចការ ៧:២២-៤៣