
ស្រឡាញ់ព្រះយេស៊ូវជាងគេ
ដោយMike Wittmer
July 17, 2025
ចោទិយកថា ១៥:១-១១
នឹងគ្មានអ្នកទាល់ក្រនៅជាមួយនឹងឯងឡើយ។ ចោទិយកថា ១៥:៤
មានពេលមួយ សមាជិកពួកជំនុំបានសួរគ្រូគង្វាលរបស់ពួកគេថា ហេតុអ្វីព្រះវិហារមានគម្រោងសង់ប៉មដែលមានកំពូលស្រួចនៅជាប់ដំបូលអគារព្រះវិហារ។ តើការប្រើធនធានរបស់ព្រះយ៉ាងដូចនេះ គឺជាគំនិតល្អទេ? ហេតុអ្វីពួកគេមិនយកដង្វាយនោះទៅទិញអាហារចែកអ្នកក្រវិញ? លោកគ្រូគង្វាលក៏បានឆ្លើយតបថា មានគេដាក់ដង្វាយសម្រាប់ការសាងសង់នេះ ដូចនេះ គាត់គ្រាន់តែចង់ធ្វើតាមគោលបំណងនៃការដាក់ដង្វាយរបស់ពួកគេ។ គាត់ក៏បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវថា “ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប” (យ៉ូហាន ១២:៨)។
លោកគ្រូគង្វាលក៏បានប្រញាប់និយាយសុំទោស ចំពោះការដកស្រង់ព្រះបន្ទូលខុសបរិបទ ដែលធ្វើឲ្យខ្ញុំឆ្ងល់ថា តើព្រះយេស៊ូវបានមានបន្ទូលដូចនេះ ក្នុងបរិបទអ្វី? រយៈពេល៦ថ្ងៃ មុនពេលព្រះអង្គសុគត មានស្ត្រីម្នាក់បានយកទឹកអប់ដែលមានតម្លៃថ្លៃមកលាបព្រះបាទព្រះអង្គ។ ពួកសាវ័កមានការទើសទាល់យ៉ាងខ្លាំង។ ពួកគេទូលសួរព្រះអង្គថា ហេតុអ្វីនាងមិនលក់ទឹកអប់នោះយកលុយ ទៅជួយអ្នកក្រវិញ? ព្រះអង្គក៏បានឆ្លើយតប ដោយដកស្រង់បទគម្ពីរចោទិយកថា ១៥:១១ ដែលបានចែងថា “ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ” (យ៉ូហាន ១២:៨)។
នៅក្នុងការដកស្រង់បទគម្ពីរចោទិយកថានេះ ព្រះអង្គក៏ជ្រាបផងដែរថា មុនបទគម្ពីរនេះ មានខគម្ពីរផ្សេងទៀតដែលបានចែងថា “នឹងគ្មានអ្នកទាល់ក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមក ឲ្យឯងចាប់យកជាមរដកនោះជាមិនខាន គឺបើឯងគ្រាន់តែខំប្រឹងស្ដាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្ត ដែលអញបង្គាប់ដល់ឯង នៅថ្ងៃនេះគ្រប់ជំពូកប៉ុណ្ណោះ” (ចោទិយកថា ១៥:៤-៥)។ ប្រហែលនេះជាមូលហេតុដែលព្រះយេស៊ូវបានស្តីបន្ទោសពួកគេ។ អ្នកក្រនៅតែរស់នៅក្នុងចំណោមពួកគេ គឺដោយសារប្រជាជនអ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះ។ ត្រង់ចំណុចនេះ ការនិយាយអំពីអ្នកក្រ គឺជាបង្វែរអារម្មណ៍របស់គេចេញពីព្រះយេស៊ូវ ដែលព្រះអង្គគឺជាសាសន៍អ៊ីស្រាអែលពិតប្រាកដ ដែលស្តាប់បង្គាប់ព្រះវរបិតាដល់ទីបញ្ចប់។
យើងមិនចាំបាច់ត្រូវជ្រើសរើសរវាងព្រះយេស៊ូវ និងអ្នកក្រនោះទេ។ យើងស្រឡាញ់មនុស្សបានល្អបំផុត ដោយស្រឡាញ់ព្រះអង្គជាងគេ ហើយពេលណាយើងស្រឡាញ់ព្រះអង្គជាងគេ យើងក៏នឹងបានស្រឡាញ់អ្នកដទៃ តាមរបៀបដែលល្អបំផុតផងដែរ។—MIKE WITTMER
តើអ្នកបានជួយអ្នកដែលក្រជាងអ្នក ដូចម្តេចខ្លះ? តើរបៀបដែលព្រះយេស៊ូវបានរស់នៅ
និងការបង្រៀនរបស់ព្រះអង្គ បានបណ្តាលចិត្តអ្នកឲ្យចែករំលែក ដល់អ្នកខ្វះខាតដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ព្រះអង្គមានព្រះទ័យសប្បុរស ហើយសក្តិសមនឹងទទួលការសរសើរតម្កើងគ្រប់យ៉ាង។
FOR FURTHER STUDY, READ MISSING THE MISSION: DISCIPLES IN AN AGE OF ABUNDANCE AT DISCOVERODB.ORG.គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៨-១៩ និង កិច្ចការ ២០:១៧-៣៨