
ផែនការរបស់ព្រះ និងរាស្រ្តរបស់ព្រះអង្គ
ដោយElisa Morgan
July 18, 2025
និក្ខមនំ ៣១:១-៦
នោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង។ និក្ខមនំ ៣១:៦
បន្ទាប់ពីខ្ញុំបានចូលរួមជាមួយក្រុមប្រឹក្សារបស់សាលាព្រះគម្ពីរមួយ អ្នកដឹកនាំដែលបានធ្វើការនៅទីនោះជាយូរមកហើយ បានប្រកាសលាឈប់ពីតំណែង។ ដូចនេះ ខ្ញុំមានចំណែកជាមួយពួកគេ ក្នុងការស្វែងរកនាយកថ្មី។ យើងក៏បានរួមគ្នាដើម្បីកំណត់លក្ខណៈសម្បត្តិក្នុងការត្រូវជ្រើសរើស។ តើធ្វើដូចម្តេចឲ្យយើងអាចស្វែងរកនរណាម្នាក់ ដែលមានសមត្ថភាពបំពេញតួនាទីដ៏ស្មុគស្មាញ និងសំខាន់មួយនេះបាន?
ខ្ញុំក៏មានចម្ងល់ដូចនេះផងដែរ នៅពេលដែលខ្ញុំអានសេចក្តីបង្គាប់របស់ព្រះ អំពីការសង់ជើងចង្កៀងសម្រាប់រោងឧបោសថ ពីមាសសុទ្ធ ដែលមានជើងទម្រមានរូបរាងដូចផ្កា និងមានមែក៧ (និក្ខមនំ ២៥:៣១-៣៦)។ ហើយ “ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ ហើយត្រូវមានសសរ២០ នឹងជើងលង្ហិន២០ ឯទំពក់សសរ នឹងគន្លឹះ នោះត្រូវធ្វើពីប្រាក់” (២៧:៩-១០)។ តើនរណាខ្លះអាចធ្វើកិច្ចការលម្អិតដូចនេះបាន?
ព្រះអម្ចាស់បានប្រទានចម្លើយយ៉ាងដូចនេះថា “មើល អញបានហៅបេតសាលាល... ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ ... និងការគ្រប់មុខទាំងអស់ផង” (៣១:២-៥)។ ព្រះអង្គក៏មានបន្ទូលផងដែរថា “ឯអស់អ្នកណាដែលចំណានការ នោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង” (ខ.៦)។
តើយើងត្រូវងាកទៅរកនរណា ដើម្បីឲ្យមកបំពេញតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ ឬមានតួនាទីជាអ្នកស្ម័គ្រចិត្តនៅព្រះវិហារ ឬដើម្បីដឹកនាំការរៀបចំព្រឹត្តិការណ៍ណាមួយ? គឺយើងងាកទៅរកព្រះ ដែលត្រាស់ហៅ និងប្រទានសមត្ថភាពដល់រាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គមានការតម្រូវខ្ពស់ និងលម្អិត ក្នុងការជ្រើសរើសមនុស្សឲ្យធ្វើការងារសាងសង់ និងរចនា សម្រាប់ព្រះវិហាររបស់ព្រះអង្គ នៅគ្រាសញ្ញាចាស់។ បន្ទាប់មក ព្រះអង្គក៏បានជ្រើសរើស និងប្រទានសមត្ថភាពឲ្យរាស្រ្តរបស់ព្រះអង្គ ដើម្បីសម្រេចកិច្ចការទាំងនោះ។ សរុបមក ព្រះអង្គសម្រេចផែនការរបស់ព្រះអង្គ ដោយប្រើរាស្រ្តរបស់ព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ និងប្រទានសមត្ថភាព។—ELISA MORGAN
តើអ្នកបានឃើញព្រះទ្រង់ធ្វើការដូចម្តេច ក្នុងជីវិតរបស់រាស្រ្ត ដែលព្រះអង្គបានប្រទានសមត្ថភាពឲ្យធ្វើកិច្ចការថ្វាយព្រះអង្គ? តើព្រះអង្គបានប្រទានសមត្ថភាពឲ្យអ្នកធ្វើអ្វីខ្លះ?
ឱព្រះដ៏បរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជ្រើសរើស និងប្រទានសមត្ថភាពដល់មនុស្ស ក្នុងជីវិត ក្នុងព្រះវិហារ និងកន្លែងធ្វើការរបស់ទូលបង្គំ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧