
ក្សត្រដែលព្រះអម្ចាស់ប្រទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 18, 2025
«រួចទ្រង់មានព្រះបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ចូរឯងបង្កើតកូនចម្រើនជាច្រើនឡើង និងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ» (លោកុប្បត្ដិ ៣៥:១១)។
កណ្ឌគម្ពីរពួកចៅហ្វាយបានចែងអំពីរឿងរបស់ពួកអ៊ីស្រាអែលក្នុងទឹកដីសន្យា បន្ទាប់ពីលោក យ៉ូស្វេ ជាអ្នកដឹកនាំរបស់ពួកគេបានលាចាកលោក ។ ក្នុងកណ្ឌគម្ពីរនេះទាំងមូល ពួកបណ្តាជនងាយនឹងបះបោរទាស់នឹងព្រះម្តងហើយម្តងទៀត។ ទីមួយ ពួកគេបានធ្វើអំពើបាប។ ទីពីរ ព្រះអម្ចាស់បណ្តោយឲ្យពួកគេទទួលបរាជ័យ ហើយស្ថិតក្រោមការកៀបសង្កត់របស់សាសន៍ដទៃ។ ទីបី ពួកគេក៏បានស្រែករកព្រះអង្គ។ ហើយទីបួន ព្រះអម្ចាស់ក៏បានធ្វើអន្តរាគមន៍ដោយរើសតាំងពួកចៅហ្វាយ ឬអ្នកដឹកនាំ ដើម្បីវាយបំបាក់ពួកខ្មាំងសត្រូវ ហើយស្អាងឲ្យមានសន្តិភាពក្នុងទឹកដីពួកគេឡើងវិញ។ ប៉ុន្តែ សន្តិភាពនោះមិនស្ថិតស្ថេរបានយូរឡើយ ដោយសារពួកគេចាប់ផ្ដើមធ្វើខុសដូចមុនទៀត។
ក្នុងអំឡុងសម័យពួកចៅហ្វាយ ប្រជាជាតិអ៊ីស្រាអែលមានការដួលរលំទាំងផ្នែកជំនឿសាសនា សង្គម សីលធម៌ និងផ្នែកសេដ្ឋកិច្ច។ ជាការឆ្លើយតបចំពោះបញ្ហានេះ ពួកបណ្តាជនក៏បានផ្ដើមគិតថា ជីវិតរបស់ពួកគេនឹងមានភាពល្អប្រសើរជាងនេះ បើសិនជាពួកគេជ្រើសតាំងឲ្យមានស្ដេចគ្រប់គ្រងពួកគេ ដូចដែលព្រះអម្ចាស់បានប្រកាសចំពោះលោក យ៉ាកុប ជាពួកព្ធយុកោរបស់ពួកគេ។ ប៉ុន្តែ ពួកគេបានព្យាយាមកែប្រែនគររបស់ខ្លួនឲ្យមានលក្ខណៈដូចនគរនៅជុំវិញ ដោយពួកគេបានបដិសេធន៍ការដឹកនាំរបស់ព្រះអង្គ ជាការដឹកនាំដែលធ្វើឲ្យពួកគេពិសេសខុសពីសាសន៍ដទៃ។ ពួកគេចង់បានរបបរាជានិយមជាជាងការគ្រប់គ្រងរបស់ព្រះ។ ហើយពួកគេមិនបានស្វែងរកស្ដេចដែលនឹងគ្រប់គ្រងប្រទេស នៅក្រោមព្រះអម្ចាស់ ហើយដឹកនាំពួកគេឲ្យស្តាប់បង្គាប់តាមការដឹកនាំរបស់ព្រះអង្គទេ តែផ្ទុយទៅវិញ ពួកគេបានស្វែងរកស្ដេចដែលនឹងគ្រប់គ្រងពួកគេជំនួសព្រះអង្គ។
គួរឲ្យកត់សម្គាល់ថា ទោះបំណងចិត្តរបស់ពួកអ៊ីស្រាអែលបានជាប់មានបាបយ៉ាងណាក៏ដោយ ក៏ព្រះអម្ចាស់នៅតែបំពេញតាមសំណូមពររបស់ពួកគេ។ មានស្ដេចជាច្រើនអង្គបានគ្រប់គ្រងទឹកដីអ៊ីស្រាអែល តែមិនមែនជាស្ដេចដែលពួកគេពិតជាត្រូវការនោះទេ។ ប៉ុន្តែ មានក្សត្រមួយអង្គដែលល្អប្រសើរបំផុត ដែលនឹងត្រូវយាងមក។
រាស្ត្ររបស់ព្រះអង្គបានទាមទារឲ្យមានស្ដេចដូចសាសន៍ដទៃដែរ តែព្រះអង្គបានប្រើការទាមទារ ដែលមិនបានមើលវែងឆ្ងាយនេះ ដើម្បីសម្រេចបំណងព្រះទ័យដែលខ្ពស់បំផុតដោយប្រទានក្សត្រមួយអង្គ ឲ្យគ្រប់គ្រងសាសន៍ទាំងអស់នោះ។ ទីបំផុត ព្រះយេស៊ូវក៏បានប្រសូតមក នៅក្នុងខ្សែលោហិតនៃរាជវង្សរបស់ស្ដេចអ៊ីស្រាអែល។ ព្រះអង្គជាក្សត្រដែលត្រូវយាងមកតាមព្រះបន្ទូលសន្យា ដែលក្នុងនោះ «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់» (លោកុប្បត្ដិ ៤៩:១០)។ ព្រះមេស្ស៊ីនឹងបង្កើតនគរពិតប្រាកដមួយ និងដឹកនាំដោយអំណាចរបស់ព្រះ ហើយធ្វើជាអំណោយខ្ពង់ខ្ពស់បំផុតដល់មនុស្សដែលមិនសមនឹងទទួលអំណោយនោះ។
ចូរយើងទទួលស្គាល់ថា ព្រះអង្គជាព្រះដែលធំប្រសើរប៉ុណ្ណា ដែលអាចរួមផ្សំការទូលសូមដ៏ល្ងង់ខ្លៅ និងបំណងអាក្រក់របស់មនុស្ស ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ! ព្រះអង្គធំប្រសើរលើសការសម្រេចចិត្ត និងសូម្បីតែកំហុសរបស់យើង។ ព្រះអង្គមានអំណាចគ្រប់គ្រងទាំងស្រុងមកលើការភ្លាត់ដួលរបស់យើង។ ទោះយើងអាចប្រព្រឹត្តខុសជាញឹកញាប់ដូចពួកអ៊ីស្រាអែលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះអម្ចាស់នឹងមានជ័យជម្នះមកលើកំហុសរបស់យើង ខណៈពេលដែលព្រះអង្គសម្រេចបំណងព្រះទ័យទ្រង់។ ហើយយើងអាចស្តាប់បង្គាប់ព្រះមេស្ស៊ីដ៏ជាក្សត្រពិតប្រាកដ ក្នុងការរស់នៅរបស់យើងក្នុងពេលសព្វថ្ងៃ ជាជាងព្យាយាមបម្រើនរណាម្នាក់ ឬអ្វីមួយជំនួសឲ្យព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២សាំយ៉ូអែល ៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ២០-២២ និង កិច្ចការ ១៣:២៦-៥២