
កំហឹងដែលមិនសុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 24, 2025
«កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោក បានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោក មានចិត្តឆួលក្តៅឡើង ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ» (លោកុប្បត្ដិ ៣៩:១៩-២០)។
លោក ប៉ូទីផារ ពូកែមើលមនុស្ស។ ក្នុងនាមគាត់ជាមន្ត្រីរបស់ស្ដេច ផារ៉ោន និងជាមេកងការពារស្ដេច គាត់មានមនុស្សជាច្រើននៅក្រោមបង្គាប់របស់គាត់។ បទពិសោធន៍របស់គាត់ជួយឲ្យគាត់អាចមើលដឹងថា យ៉ូសែបមានចំណុចពិសេស។
យ៉ូសែបខុសពីអ្នកបម្រើដទៃទៀត។ គាត់ជាអ្នកបម្រើល្អបំផុត។ កិច្ចការទាំងអស់របស់លោក ប៉ូទីផារ បានចម្រើនឡើង នៅក្រោមការគ្រប់គ្រងរបស់យ៉ូសែប ហើយលោក ប៉ូទីផារ ក៏បានប្រគល់អ្វីៗទាំងអស់ឲ្យ យ៉ូសែប មើលការខុសត្រូវលើកលែងតែប្រពន្ធរបស់គាត់ប៉ុណ្ណោះ។
ដូចនេះ យើងមិនគួរភ្ញាក់ផ្អើលទេ នៅពេលដែលលោក ប៉ូទីផារ មានប្រតិកម្ម ដោយកំហឹង នៅពេលដែលប្រពន្ធគាត់ចោទប្រកាន់ យ៉ូសែប ថា បានព្យាយាមចាប់រំលោភនាង។ ប្ដីណាក៏ដោយដែលស្រឡាញ់ប្រពន្ធក៏មានប្រតិកម្មយ៉ាងដូចនេះដែរ។ ការការពារប្រភេទនេះមានភាពត្រឹមត្រូវ ហើយយើងគួរតែរំពឹងថា លោក ប៉ូទីផារ នឹងការពារប្រពន្ធគាត់។
កំហុសរបស់លោក ប៉ូទីផារ មិនស្ថិតនៅក្នុងការមានប្រតិកម្មពីដំបូងនោះទេ តែគាត់ខុស ដោយសារគាត់កាត់ទោស យ៉ូសែប លឿនពេក។ ព្រះគម្ពីរមិនបានចែងថា លោក ប៉ូទីផារបានចំណាយពេលគិតពិចារណាចំពោះអ្វីដែលគាត់បានឮនោះទេ ដោយយល់ដល់ភាពស្មោះត្រង់ដែល យ៉ូសែប ធ្លាប់មានក្នុងការងារតាំងពីដើមមក។ ផ្ទុយទៅវិញ លោក ប៉ូទីផារបានបណ្តោយឲ្យកំហឹងគាត់នាំមុខការវិនិច្ឆ័យរបស់គាត់។ កំហឹងបានធ្វើឲ្យគាត់មើលមិនឃើញសេចក្តីពិត និងហេតុផល។
លោក ប៉ូទីផារក៏បានបណ្តោយឲ្យខ្លួនគាត់ ស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រពន្ធគាត់យ៉ាងហួសហេតុ។ ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែងាយនឹងទទួលការអូសទាញ ពីមនុស្សជិតស្និទ្ធជាញឹកញាប់។ ប៉ុន្តែ យើងម្នាក់ៗមិនត្រូវស្ថិតក្រោមឥទ្ធិពលរបស់នរណាម្នាក់យ៉ាងហួសហេតុនោះទេ លើកលែងតែព្រះប៉ុណ្ណោះ។ ពេលណាយើងបណ្តោយឲ្យខ្លួនយើងស្ថិតក្រោមការអូសទាញយ៉ាងដូចនេះ ជាពិសេសក្នុងការសម្រេចចិត្ត គឺមានន័យថា យើងមិនគ្រាន់តែដាក់ខ្លួនឯង តែក៏ដាក់អ្នកដទៃក្នុងស្ថានភាពគ្រោះថ្នាក់។ ផ្ទុយទៅវិញ យើងត្រូវតែស្វែងរកសុវត្ថិភាព និងជ័យជម្នះ ក្នុងការប្រឹក្សាយោបល់ (សុភាសិត ១១:១៤ ២៤:៦) ដែលនឹងចង្អុលបង្ហាញយើងទៅរកប្រាជ្ញានៃព្រះបន្ទូលព្រះក្នុងគ្រប់កាលៈទេសៈ។ កាលណាយើងមានបញ្ហាកាន់តែធំប៉ុណ្ណា ហើយត្រូវធ្វើការសម្រេចចិត្តដែលសំខាន់ប៉ុណ្ណា នោះយើងក៏ត្រូវស្វែងរកការប្រឹក្សាយោបល់កាន់តែច្រើន ហើយត្រូវចំណាយពេលកាន់ច្រើន ក្នុងការលត់ជង្គង់អធិស្ឋានប៉ុណ្ណោះដែរ។
លោក ប៉ូទីផារបានបណ្តោយខ្លួនឲ្យធ្វើការសម្រេចចិត្ត កាលគាត់កំពុងមានកំហឹង ហើយការសម្រេចចិត្តរបស់គាត់មានភាពអយុត្តិធម៌។ កំហឹងដែលគ្មានការគ្រប់គ្រងធ្វើឲ្យខ្វាក់គំនិត។ ពេលណាមានការបញ្ឆេះកំហឹង ការបណ្តោយឲ្យកំហឹងឆេះឡើង មានភាពងាយស្រួលជាងការពន្លត់កំហឹង។ ប៉ុន្តែ សូម្បីតែក្នុងកាលៈទេសៈ ដែលយើងគួរតែមានកំហឹងចំពោះភាពអយុត្តិធម៌ និងបាប (ដូចដែលព្រះអម្ចាស់ឆ្លើយតបដោយសេចក្តីក្រោធចំពោះបាប—ម៉ាកុស ១១:១៥-១៨) ក៏យើងមិនអាចបណ្តោយឲ្យកំហឹងដឹកនាំអារម្មណ៍ ឬការសម្រេចចិត្តរបស់យើងបានដែរ។ ចូរយើងប្រញាប់ទូលសូមព្រះអម្ចាស់ឲ្យបើកបង្ហាញប្រភពនៃកំហឹងដែលបន្តមានក្នុងជីវិតយើង ដើម្បីឲ្យយើងអាចប្រែចិត្តតាមដែលចាំបាច់ អត់ទោសឲ្យតាមការបង្គាប់ ហើយបោះជំហានទៅមុខដោយប្រាជ្ញា និងជំនឿ។
ព្រះគម្ពីរសញ្ជឹងគិត៖ កាឡាទី ៥:១៦-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៣៥-៣៦ និង កិច្ចការ ១៧:១-១៥