
អំណោយទានដែលព្រះទ្រង់ប្រទាន
ដោយAlyson Kieda
July 25, 2025
១ពេត្រុស ៤:៧-១១
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ១ពេត្រុស ៤:១០
នៅក្នុងវគ្គដែលមានការប៉ះពាល់ចិត្តជាងគេ ក្នុងរឿងល្ខោនបែបតន្ត្រី មានចំណងជើងថា ការធ្វើដំណើរខាងវិញ្ញាណ លេសា (LEISA) បានឈរនៅពីមុខជួរកៅអីសម្រាប់ទស្សនិកជនដែលជាមនុស្សគថ្លង់ ក្នុងសាលមហោស្រព ដោយប្រើភាសាកាយវិការរបស់អាមេរិក ដើម្បីបកប្រែអំពីការសម្ដែងឲ្យពួកគេបានយល់។ រឿងល្ខោននេះបានប្រព្រឹត្តទៅ ផ្អែកទៅលើសៀវភៅ ដែលលោក បុនយ៉ាន (BUNYAN) បាននិពន្ធ មានចំណងជើងថា ការធ្វើដំណើរខាងវិញ្ញាណ ដែលនិយាយអំពីការធ្វើដំណើរខាងវិញ្ញាណរបស់បុរសម្នាក់។ រឿងល្ខោនបែបតន្ត្រីនេះពិតជាធ្វើឲ្យគេប៉ះពាល់ចិត្ត ប៉ុន្តែ ការបកប្រែភាសាគរបស់លេសាក៏បានធ្វើឲ្យមានការប៉ះពាល់ចិត្តផងដែរ។
នៅពេលដែលគេសួរលេសា អំពីការបកប្រែនោះ នាងក៏បានឆ្លើយថា “មូលហេតុដែលខ្ញុំបកប្រែរឿងការធ្វើដំណើរខាងវិញ្ញាណនេះ ព្រោះដំណឹងល្អគួរតែសម្រាប់ឲ្យមនុស្សទាំងអស់បានឮ។ ហើយមនុស្សគថ្លង់ ជាក្រុមមនុស្សដែលគេបានមើលរំលងយ៉ាងខ្លាំង”។ នាងក៏បានបន្ថែមទៀតថា “ខ្ញុំមានការឈឺចិត្តនៅពេលដែលបានដឹងថា ក្នុងពិភពលោកនេះ មានមនុស្សគថ្លង់តែ២ភាគរយប៉ុណ្ណោះ ដែលបានឮអំពីព្រះយេស៊ូវ”។ លេសាបានប្រើអំណោយទានរបស់នាង ដើម្បីឲ្យមនុស្សគថ្លង់អាចស្គាល់ព្រះយេស៊ូវ។
ព្រះអម្ចាស់ក៏បានត្រាស់ហៅយើង ឲ្យប្រើអំណោយទាន និងជំនាញរបស់យើង ដើម្បីធ្វើបន្ទាល់ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយនាំអ្នកដទៃទៅរកព្រះយេស៊ូវ ដើម្បីឈោងចាប់លោកិយ ដោយដំណឹងល្អ។ សាវ័កពេត្រុសបានបង្រៀនយើងឲ្យ “ខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ” (១ពេត្រុស ៤:១០)។ អំណោយទានទាំងនេះរាប់បញ្ចូលការស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ (ខ.៧-៨)។ ទោះអ្នកមានអំណោយទានលើកទឹកចិត្ត ជាអ្នកជួយគេនៅពីក្រោយ ជាគ្រូបង្រៀន ជាវាគ្មិន ឬជាអ្នកពូកែអធិស្ឋាន ឬក៏មានអំណោយទាន និងសមត្ថភាពផ្សេងទៀតក្តី ព្រះទ្រង់អាចប្រើអ្នកឲ្យបម្រើអ្នកដទៃ។ ចូរទូលសូមព្រះអង្គ។ ព្រះអង្គនឹងបង្ហាញផ្លូវអ្នក។—ALYSON KIEDA
តើអ្នកបានឮដំណឹងល្អលើកដំបូង នៅពេលណា? តើអ្នកមានអំណោយទានអ្វី ដែលអាចបម្រើព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរកឃើញមធ្យោបាយបម្រើព្រះអង្គ តាមរយៈការបម្រើអ្នកដទៃ។
FOR FURTHER STUDY, READ WHY SHOULD WE HELP? LOVING OUR NEIGHBORS AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៧-៣៩ និង កិច្ចការ ២៦