នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ព្រះ​គុណ សេចក្តី​មេត្តា​ករុណា និង​សន្តិភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​គុណ សេចក្តី​មេត្តា​ករុណា និង​សន្តិភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 25, 2025

«ខ្ញុំ​ផ្ញើ​មក​ធីម៉ូថេ ជា​កូន​ស្ងួន​ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ​គុណ សេចក្តី​មេត្តា​ករុណា និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ហើយ​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា» (២ធីម៉ូថេ ១:២)។ 
ការ​ដែល​សាវ័ក ប៉ុល បាន​ហៅ​លោក ធីម៉ូថេ ថា​កូន ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​គាត់​ទាំង​មូល គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សាវ័ក ប៉ុល និង​លោក ធីម៉ូថេ មិន​មែន​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា​នោះ​ទេ តែ​គាត់​បាន​ហៅ​លោក ធីម៉ូថេ ថា «កូន​ស្ងួន​ភ្ងា» «កូន​ក្នុង​ព្រះ​អម្ចាស់» និង​ជា «អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ» (២ធីម៉ូថេ ១:២ ១កូរិនថូស ៤:១៧ រ៉ូម ១៦:២១)។ 
បើ​យើង​មើល​មួយ​ភ្លែត យ៉ាង​ហោច​ណាស់ តាម​គំនិត​របស់​មនុស្ស យើង​ប្រហែល​គិត​ថា លោក ធីម៉ូថេ​មិន​សូវ​សក្តិ​សម​ធ្វើ​ជា​អ្នក​ទទួល​សំបុត្រ​របស់​សាវ័ក ប៉ុល ទេ។ គាត់​មិន​មាន​ភាព​រឹងមាំ ឬ​មាន​ភាព​ពេញ​វ័យ តែ​មាន​ភាព​វ័យ​ក្មេង មាន​សុខ​ភាព​ទន់​ខ្សោយ ហើយ​ក៏​ខ្មាសអៀន​ច្រើន ដែល​មើល​ទៅ​ប្រាកដ​ជា​ខ្វះ​បទ​ពិសោធន៍​នៅ​ក្នុង​កិច្ចការ​ដែល​គាត់​កំពុង​ធ្វើ។ ការ​ថប់​បារម្ភ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ក្រពះ (១ធីម៉ូថេ ៥:២៣)។ គាត់​មិន​មែន​ជា​បេសកជន​កម្រិត​ខ្ពស់​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ អ្នក​ជឿ​ព្រះ​ភាគ​ច្រើន ទាំង​អ្នក និង​ខ្ញុំ​ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ 
ប៉ុន្តែ លោក ធីម៉ូថេ​ជា​មនុស្ស​សំណព្វ​របស់​ព្រះ។ 
គាត់​ជា​មនុស្ស​សំណព្វ​​របស់​ព្រះ ព្រោះ​ព្រះ​អង្គ​បាន​ជ្រើស​រើស​គាត់។ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ជ្រើស​រើស​បុរស និង​ស្ត្រី​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​នៅ​ក្មេង មាន​សុខ​ភាព​ទន់​ខ្សោយ ឬ​មាន​ភាព​អៀនខ្មាស​ច្រើន ហើយ​និយាយ​រួម គឺ​យើង​មាន​ចំណុច​ខ្សោយ​ផ្សេងៗ​គ្នា។ យើង​ជា​អ្នក​បម្រើ​ដែល​ព្រះ​អង្គ​បាន​រើស សម្រាប់​កិច្ចការ ដែល​ព្រះ​អង្គ​ចាត់​តាំង​ឲ្យ​យើង​ធ្វើ។ 
ព្រះ​អម្ចាស់​បាន​ប្រើ​លោក ជច វ៉ាយហ្វៀល (George Whitefield) ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី១៨ ដើម្បី​នាំ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យ​ទទួល​ជឿ​ព្រះ​អង្គ​ឲ្យ​បាន​សង្គ្រោះ។ តែ​គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​ក្នុង​ការងារ​បម្រើ​ព្រះ។ មាន​ពេល​មួយ នៅ​តាម​ផ្លូវ​ទៅ​ផ្សាយ​ដំណឹង​ល្អ ក្នុង​ព្រះ​វិហារ ក្នុង​ប៉ម​ទីក្រុង​ឡុងដ៍ គាត់​បាន​កត់​សម្គាល់​ថា «នៅ​ពេល​ដែល​ខ្ញុំ​ឡើង​ជណ្ដើរ មនុស្ស​ស្ទើរ​ទាំង​អស់​ហាក់​ដូច​ជា​មើល​មក​ខ្ញុំ​ដោយ​ការ​មើល​ស្រាល ចំពោះ​យុវភាព​របស់​ខ្ញុំ តែ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​មាន​ចិត្ត​ឆេះឆួល និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អធិប្បាយ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង»5។ ហេតុ​អ្វី​អ្នក​ស្តាប់​ការ​អធិប្បាយ​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ការ​ឆ្លើយ​តប? មូល​ហេតុ​គឺ​ដោយ​សារ លោក វ៉ាយហ្វៀល ជា​មនុស្ស​ដែល​ព្រះ​បាន​ជ្រើសរើស មិន​ខុស​ពី​លោក ធីម៉ូថេ​ទេ។ 
លោក ធីម៉ូថេ ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដ៏​លើសលប់​ពី​សាវ័ក ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​នេះ ដែល​បាន​រំឭក​គាត់​អំពី​ធនធាន​ដែល​ព្រះ​បាន​ប្រទាន! ព្រះ​អម្ចាស់​បាន​ប្រោស​លោះ និង​ត្រាស់​ហៅ​លោក ធីម៉ូថេ ហើយ​ក៏​បាន​ប្រទាន​ព្រះ​គុណ​ក្នុង​ពេល​ដ៏​លំបាក សេចក្តី​មេត្តា​ករុណា សម្រាប់​ពេល​ដែល​គាត់​ធ្វើ​ខុស ហើយ​ប្រទាន​សន្តិភាព នៅ​ចំពោះ​មុខ​នៃ​គ្រោះ​ថ្នាក់ និង​ការ​សង្ស័យ។ 
តើ​យើង​ត្រូវ​ការ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ? គឺ​ត្រូវ​ការ​អ្វី​ដែល​លោក ធីម៉ូថេ ត្រូវ​ការ​ដែរ​ដូច​ជា ព្រះ​គុណ សេចក្តី​មេត្តា​ករុណា និង​សន្តិភាព​ក្នុង​ចិត្ត។ សេចក្តី​អ្វី​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​លោក ធីម៉ូថេ នោះ​ក៏​មាន​សម្រាប់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ អ្នក​អាច​ពឹង​ផ្អែក​លើ​ព្រះ និង​ការ​ផ្គត់ផ្គង់​ដែល​ព្រះ​អង្គ​មាន​សម្រាប់​អ្នក​ក្នុង​ព្រះ​គ្រីស្ទ។ ធនធាន​របស់​ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់​ល្មម​នឹង​អាច​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​អ្នក និង​ដើម្បី​សម្រេច​កិច្ចការ​នីមួយៗ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ធ្វើ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ធីម៉ូថេ ១:១-១៤ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៣៧-៣៩ និង កិច្ចការ ១៧:១៦-៣៤

ប្រភេទ