
ការមិនស្តាប់បង្គាប់ និងការស្ទាក់ស្ទើរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 9, 2025
«យ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា» (យ៉ូណាស ១:៣)។
ជានិច្ចកាល ដំណើរនៃការមិនស្អាប់បង្គាប់ គឺជាដំណើរដាំក្បាលចុះក្រោម ទាល់តែព្រះទ្រង់ចូលធ្វើអន្តរាគមន៍។ ក្នុងដំណើរដែលហោរា យ៉ូណាស ប្រញាប់រត់គេចពីព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ឲ្យទៅផ្សាយព្រះបន្ទូលនៃកាប្រែចិត្ត ទៅដល់ទីក្រុងនីនីវេ គាត់បានចុះទៅដល់ក្រុងយ៉ុបប៉េ រួចឡើងជិះសំពៅទៅកាន់ទឹកដីមួយ តែនៅតាមផ្លូវ គាត់ត្រូវត្រីធំលេបចូលទៅក្នុងពោះ (យ៉ូណាស ២:៦)។ នៅពេលដែលលោក យ៉ូណាស កំពុងគេងលក់នៅក្នុងសំពៅនោះ ក្នុងដំណើររត់គេចពីព្រះអម្ចាស់ «ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ»(១:៤)។ ប៉ុន្តែ ហោរា យ៉ូណាស នៅតែបន្តគេងលក់នៅក្នុងខ្យល់ព្យុះដ៏កាចសាហាវ និងភាពជ្រួលច្របល់របស់ពួកនាវិក ដែលកំពុងស្រែកស្លន់ស្លោ ទួញយំ និងបួសសួងទៅព្រះរបស់គេរៀងខ្លួន ហើយក៏បានបោះរបស់របរចូលទៅក្នុងទឹក។
តើលោក យ៉ូណាស អាចខ្សោះអស់កម្លាំងខ្លាំងយ៉ាងនេះ ដោយរបៀបណា? ជាការពិតណាស់ គាត់មានការហត់នឿយទាំងខាងផ្លូវកាយ និងវិញ្ញាណ ដោយសារគាត់បានសម្រេចចិត្តរត់គេចពីព្រះអង្គ។ ការមិនស្តាប់បង្គាប់អាចធ្វើឲ្យយើងរំភើបរីករាយបានតែមួយរយៈពេលខ្លី តែវាក៏ធ្វើឲ្យយើងខ្សោះអស់កម្លាំងនៅទីបញ្ចប់។ ការយកជើងទៅធាក់ជន្លួញ គឺមិនស្រួលទេ (កិច្ចការ ២៦:១៤)។ មានរឿងតិចណាស់ដែលវេទនាជាងការគេងលក់ដ៏ហត់នឿយ បន្ទាប់ពីយើងមិនអើពើចំពោះព្រះបន្ទូលព្រះ ហើយការបះបោររបស់យើងក្លាយជាបន្ទុកដ៏ធ្ងន់។ នៅពេលនោះ យើងគ្រាន់តែចង់ដកខ្លួនចេញពីមនុស្សរាល់គ្នា ហើយលាក់ខ្លួននៅក្នុងដំណេកដាច់ចេញពីគេ។
លោក យ៉ូណាស ចង់ឲ្យព្រះអម្ចាស់ឈប់រំខានគាត់ទៀត។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់មានសេចក្តីមេត្តាយ៉ាងខ្លាំងបានជាមិនអាចធ្វើតាមចិត្តគាត់បាន។ ព្រះអង្គក៏បានបញ្ជូនខ្យល់ព្យុះមួយមក ហើយខ្យល់ព្យុះក៏បានបណ្តាលឲ្យនាយនាវាទៅរកលោក យ៉ូណាស ហើយដាស់ឲ្យគាត់ក្រោក។ នាយនាវាក៏បានប្រើពាក្យសម្ដី ដូចកាលព្រះបានមានបន្ទូលត្រាស់ហៅគាត់ឲ្យប្រកាសព្រះបន្ទូលថា «ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ»(មើលយ៉ូណាស ១:៦ ធៀបនឹង ១:២)។
បន្ទាប់មក លោក យ៉ូណាស ក៏បានបង្ហាញនូវការស្ទាក់ស្ទើរក្នុងការធ្វើអ្វីដែលគេបានប្រាប់ឲ្យគាត់ធ្វើ តែព្រះអម្ចាស់ក៏មិនសព្វព្រះទ័យឲ្យអ្នកបម្រើរបស់ព្រះអង្គបន្តរស់នៅក្នុងការពិបាកចិត្ត និងទុក្ខវេទនា ក្នុងបាបរបស់ខ្លួនទៀតទេ។ រយៈពេលបីថ្ងៃ ដែលលោក យ៉ូណាស នៅក្នុងពោះត្រីធំក៏បានធ្វើបន្ទាល់ជាបន្ថែមទៀត អំពីសេចក្តីពិតនេះ។ ទោះការបះបោររបស់លោក យ៉ូណាស សមនឹងទទួលការជំនុំជម្រះក៏ដោយ ក៏មិនយូរប៉ុន្មាន ព្រះអង្គក៏បានជួយសង្គ្រោះគាត់ឲ្យរួចផុតពីសេចក្តីហិនវិនាសក្នុងទឹកសមុទ្រ ហើយក៏បានស្អាងគាត់ឡើងវិញ ដើម្បីឲ្យគាត់អាចចែកចាយអំពីការជំនុំជម្រះ និងសេចក្តីមេត្តារបស់ព្រះអង្គទៅកាន់អ្នកក្រុងនីនីវេ។
ព្រះទ្រង់យាងមករកយើងម្តងហើយម្តងទៀត ពេលដែលយើងមិនស្តាប់បង្គាប់ ដោយព្រះអង្គមិនព្រមឲ្យយើងបន្តរស់នៅក្នុងបាបរបស់យើងទៀតទេ។ ទោះយើងយកម្រាមដៃញ៉ុកត្រចៀក ហើយធ្វើពុតជាមិនបានឮព្រះអង្គ ហើយថែមទាំងបដិសេធមិនស្តាប់បង្គាប់ដោយត្រង់ៗក៏ដោយ ក៏ព្រះអង្គនៅតែតាមហៅយើង ជាកូនព្រះអង្គដែលកំពុងវង្វេង។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់បានជាព្រះអង្គមិនចង់ទុកឲ្យយើងដើរតាមផ្លូវរបស់យើងទេ។ ពេលយើងរស់នៅក្នុងអំពើបាប យើងមិនអាចឈ្នះសេចក្តីមេត្តារបស់ព្រះអង្គ ជាព្រះដែលមិនចាកចោលយើង ឬបោះបង់ចោលយើងឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូណាស ១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៧៧-៧៨ និងកិច្ចការ ២៧:២៧-៤៤