
ការជ្រើសរើសដោយប្រថុយ
ដោយBill Crowder
August 11, 2025
កិច្ចការ ៤:១-២,៥-១៣
កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ កិច្ចការ ៤:១៣
កាលលោកហ្វ្រង់កូ ហ្សេហ្វ៊ីរេលី(Franco Zeffirelli) បានត្រៀមខ្លួនថតខ្សែភាពយន្ត តាមលំនាំរឿងប្រលោមលោក រ៉ូមេអូ(Romeo) និងជូលីអ៊ែត(Juliet) ដែលលោកសេកស្ពៀរ(Shakespeare) បាននិពន្ធ គាត់បានធ្វើការសម្រេចចិត្ត ដោយការប្រថុយយ៉ាងខ្លាំង។ ក្នុងការថតខ្សែភាពយន្តនេះដែលបានទទួលការកោតសរសើរយ៉ាងខ្លាំង គាត់បាន ជ្រើសរើសមនុស្សពីរនាក់ដែលគាត់មិនស្គាល់ ឲ្យសម្ដែងជាតួឯក ហើយបានទទូចឲ្យគេរកតួសម្ដែងមានអាយុស្របាលនឹងអាយុរបស់តួអង្គ ក្នុងរឿងដែលលោកសេកស្ពៀរបាននិពន្ធ។ ទីបំផុតលោកហ្សេហ្វ៊ីរេរី ក៏បានជ្រើសរើសលោកលីអូណាដ វាយធីង(Leonard Whiting)មានអាយុ១៧ឆ្នាំ ឲ្យដើរតួជាលោករ៉ូមេអូ និងកញ្ញាអូលីវា ហ៊ូសេយ(Olivia Hussey) មានអាយុ១៦ឆ្នាំ ឲ្យដើរតួជានាងជូលីអ៊ែត។
អ្នកខ្លះប្រហែលជាគិតថា ព្រះយេស៊ូវមានការប្រថុយស្រដៀងនេះផងដែរ នៅពេលដែលទ្រង់ជ្រើសរើសពួកសាវ័ក ដែលក្រោយមក ពួកគេបាននាំព្រះរាជសារនៃការអត់ទោស ទៅប្រកាសដល់លោកិយ។ យើងដឹងថា មានគេគិតដូចនេះ នៅពេលដែលពួកអ្នកដឹកនាំសាសនាបានចាប់ខ្លួនពួកសាវ័កមួយចំនួន ហើយបានសួរចម្លើយពួកគេ។ បន្ទាប់មក កណ្ឌគម្ពីរកិច្ចការក៏បានចែងថា “កាលបានឃើញថា ពេត្រុស និងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ”។
របៀបដែលព្រះយេស៊ូវជ្រើសរើសសាវ័ក មិនមានការប្រថុយទេ។ គេអាចទទួលស្គាល់ថា ពួកសាវ័កជាមនុស្សដែលមានសមត្ថភាព ដោយសារពួកគេធ្លាប់នៅជាមួយព្រះយេស៊ូវ(៤:១៣)។ ពួកគេមិនគ្រាន់តែធ្លាប់នៅជាមួយព្រះអង្គប៉ុណ្ណោះទេ តែក៏បានទុកចិត្តលើព្រះបន្ទូលរបស់ព្រះអង្គ ដែលបានសន្យាថា នឹងគង់នៅជាមួយពួកគេជារៀងរហូត(ម៉ាថាយ ២៨:២០)។ ព្រះអង្គក៏បានសន្យាយ៉ាងដូចនេះ ចំពោះយើងផងដែរ(ហេព្រើរ ១៣:៥) ហើយយើងអាចទុកចិត្តថា ក្នុងព្រះវត្តមាន និងដោយព្រះគុណរបស់ព្រះអង្គ ក្នុងចំណោមកិច្ចការនៅចំពោះមុខយើង គ្មានកិច្ចការអ្វីដែល ពិបាកពេកសម្រាប់ព្រះអង្គឡើយ។—Bill Crowder
នៅពេលដែលអ្នកមានអារម្មណ៍ថា ពិបាកលើសសមត្ថភាព តើអ្នកឆ្លើយតបដូចម្តេចខ្លះ ចំពោះសំពាធនោះ?
តើអ្នកអាចទូលសូមព្រះយេស៊ូវ ឲ្យជួយអ្នកក្នុងអំឡុងពេលដ៏ពិបាកនោះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលបានព្យាយាមធ្វើអ្វី
តាមកម្លាំង និងប្រាជ្ញារបស់ខ្លួនឯង។ សូមព្រះអង្គបង្រៀនទូលបង្គំឲ្យទុកចិត្តព្រះអង្គ ក្នុងគ្រប់កាលៈទេសៈនៃជីវិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨១-៨៣ និង រ៉ូម ១១:១៩-៣៦