នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ប្រកាស​អំពី​សេចក្តី​មេត្តា​របស់​ព្រះ ​(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ប្រកាស​អំពី​សេចក្តី​មេត្តា​របស់​ព្រះ ​(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 12, 2025

«ចំណេរ​មក ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា បាន​មក​ដល់​យ៉ូណាស​ម្តង​ទៀត​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ តាម​សេចក្តី​ដែល​អញ​នឹង​បង្គាប់ ដូច្នេះ​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា»(យ៉ូណាស ៣:១-៣)។

ព្រះ​ទ្រង់​ជា​ព្រះ​ដែល​ផ្តល់​ឱកាស​លើក​ទី២។ 
លោក យ៉ូណាស បាន​រត់​គេច​ពី​ព្រះអម្ចាស់ ក្នុង​ការ​ឆ្លើយតប ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ​ឲ្យ​ទៅ​ព្រមាន​ទីក្រុង​នីនីវេ អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​ត្រូវ​មក។ ប៉ុន្តែ នៅពេល​ដែល​ព្រះ​អង្គ​ត្រាស់ហៅ​គាត់​ម្តង​ទៀត គាត់​មិន​បាន​រត់​គេច​ទៀត​ទេ។ គាត់​បាន​ស្គាល់​កំហុស​ខ្លួនឯង ហើយ​បាន​ស្គាល់​ព្រះគុណ​ដែល​ព្រះ​បាន​បង្ហាញ​ដល់​គាត់ ដូច​នេះ គាត់​ហាក់​ដូចជា​មាន​ចិត្ត​អន្ទះសា​ចង់​ប្រកា​ស​ព្រះរាជសារ ពេល​ដែល​គាត់​មាន​ឱកាស។ ពេល​យើង​អាន​ដល់​ចំណុច​ដែល​លោក យ៉ូណាស ប្រកាស​ដល់​ប្រជាជន​ក្នុង​ទីក្រុង​ឲ្យ​ប្រែ​ចិត្ត​ចេញពី​អំពើបាប យើង​អាច​ស្រមៃ​អំពី​ទម្ងន់​នៃ​បទ​ពិសោធន៍​របស់​គាត់ នៅពេល​ដែល​គាត់​ចាប់​ផ្តើម​ប្រកាស​អំពី​ផល​វិបាក​នៃ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ។ គាត់​បាន​នាំ​ការ​ព្រមាន​មក ព្រម​ទាំង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ការ​ពិត​ដែល​ថា ព្រះ​អង្គ​ស្ម័គ្រ​ព្រះទ័យ និង​អាច​សង្គ្រោះ​មនុស្ស​មាន​បាប ឲ្យ​រួចពី​កាលៈទេសៈ​ដែល​ធ្ងន់ធ្ងរ​បំផុត។ ទោះ​ក្រោយមក គាត់​បាន​បង្ហាញ​ចេញ​នូវ​អាកប្ប​កិរិយា​ដែល​មិន​បាន​ឱប​ក្រសោប​យក​ទំហំ​នៃ​ព្រះគុណ​ព្រះ​ទាំងស្រុង​ក៏ដោយ (យ៉ូណាស ៤:១-៣) ក៏​សេចក្តី​មេត្តា​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ដល់​គាត់ ពិតជា​បាន​នាំ​ឲ្យ​អ្នក​ក្រុង​នីនីវេ​បាន​ឮ​ព្រះរាជសារ​ព្រះ​អង្គ។ ព្រះ​ដែល​បាន​ប្រទាន​ឱកាស​ទីពីរ​តាមរយៈ​ត្រី​ធំ ឥឡូវ​នេះ​ព្រះ​អង្គ​ក៏បាន​ប្រទាន​ឱកាស​ទីពីរ​ដល់​មនុស្ស​ទាំង​ប្រុស​ស្រី​ក្នុង​ទីក្រុង ដែល​បាន​ងាក​បែរ​ចេញពី​ព្រះ​អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

តើ​អ្នក​ឃើញ​ទេ ព្រះ​អង្គ​ជា​ព្រះ​ដែល​ប្រទាន​ឱកាស​លើក​ទី២ (ហើយ​ទី៣ និង​ទី៤​ទៀត​ផង)? តើ​អ្នក​ឃើញ​ទេ អ្នក​មិន​អាច​រត់​គេច​ពី​សេចក្តី​មេត្តា ឬ​ស្គាល់​ជម្រៅ​នៃ​ព្រះគុណ​របស់​ព្រះ​អង្គ​ឡើយ? បើ​អ្នក​បាន​ដឹង​មែន អ្នក​ប្រាកដ​ជា​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​អ្នក​ដទៃ​មិនខាន។ ហើយ​ការ​ប្រព្រឹត្ត​ដូច​នេះ នឹង​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​មេត្តា​ដែល​អ្នក​បាន​ទទួល។ បើ​គ្រីស្ទាន​បង្ហាញ​ចេញ​នូវ​អត្ត​ចរិត​កាច គ្មាន​ក្តី​អាណិត ហើយ​តឹង​រ៉ឹង​ជ្រុល​ពេក ពេល​ដែល​ពួកគេ​និយាយ​អំពី​ជំនឿ​របស់​ខ្លួន ការ​នេះ​បាន​បង្ហាញថា ចិត្ត​របស់​ពួកគេ​មិន​បាន​បន្ទន់​ទាំងស្រុង ដោយ​សេចក្តី​មេត្តា ព្រះគុណ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅឡើយ​ទេ។ ម្យ៉ាង​ទៀត ពេលណា​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ពួកគេ​បាន​ឆ្លុះ​បញ្ចាំង អំពី​លក្ខណៈ​នៃ​សេចក្តី​មេត្តា​របស់​ព្រះ ដែល​មាន​ភាព​ទាក់ទាញ និង​មាន​ការ​ជំរុញ​ចិត្ត ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ពួកគេ​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​មេត្តា​នោះ​ដោយ​ផ្ទាល់​ហើយ។

លោក ឆាល វេសលី (Charles Wesley) ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ទំនុក​បរិសុទ្ធ​មាន​ចំណង​ជើង​ថា «សេចក្តី​មេត្តា​របស់​ព្រះ​បាន​ឈ្នះ​ចិត្ត​ខ្ញុំ»។ គាត់​បាន​ប្រកា​ស​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​បទ​ចម្រៀង​នេះ​ថា ៖ ឱ​ជម្រៅ​នៃ​សេចក្តី​មេត្តា​របស់​ព្រះ! តើ​ព្រះ​អង្គ​នៅតែ​មាន​សេចក្តី​មេត្តា​សម្រាប់​ខ្ញុំ​ទេ? តើ​ព្រះ​នៃ​ខ្ញុំ​បាន​ដក​សេចក្តី​ក្រោធ​ចេញ​ទេ? តើ​ព្រះ​អង្គ​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​បាប​ធ្ងន់​ជាងគេ​ទេ?

ខ្ញុំ​បាន​ប្រឆាំង​ព្រះគុណ​ព្រះ​អង្គ​ជា​យូរ​មក​ហើយ ដោយ​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ និង​មិន​អើពើ​ចំពោះ​ព្រះ​សូរសៀង​ព្រះ​អង្គ និង​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ឈឺចាប់​ព្រះទ័យ​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​កំហុស​ជា​ច្រើន​រាប់​មិន​អស់។ តែ​ព្រះ​អង្គ​សង្គ្រោះ​បាន​ឈរ​នៅ​ពីមុខ​ខ្ញុំ ដោយ​លា​ព្រះ​ហស្ត​ដែល​មាន​របួស​មក​រក​ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​ជា​តួ​នៃ​សេចក្តី​ស្រឡាញ់។ ខ្ញុំ​អាច​ដឹង​បាន។ ទោះ​ព្រះ​យេស៊ូវ​បាន​ព្រះ​កន្សែង​ដោយសារ​បាប​របស់​ខ្ញុំ ក៏​ព្រះ​អង្គ​នៅតែ​ស្រឡាញ់​ខ្ញុំ។

ឥឡូវ​នេះ ចូរ​ជញ្ជឹង​គិត​អំពី​សេចក្តី​មេត្តា​ដែល​ព្រះ​មាន​ចំពោះ​អ្នក ដោយ​នាំ​អ្នក​ឲ្យ​មាន​សេចក្តី​ជំនឿ ហើយ​នៅ​បន្ត​មាន​ព្រះទ័យ​អត់​ធ្មត់​ចំពោះ​អ្នក និង​អត់​ទោស​ឲ្យ​អ្នក។ ចូរ​ឲ្យ​ភាព​ស្ញប់​ស្ញែង​ដែល​អ្នក​មាន​ចំពោះ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​អ្នក​បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​សេចក្តី​ស្រឡាញ់​ដ៏​ជួយ​សង្គ្រោះ​របស់​ព្រះ​អង្គ។ ហើយ​បើសិន​ជា​មាន​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្តី​មេត្តា​របស់​ព្រះ ឬ​ចែក​ចាយ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ដល់​ពួកគេ​នៅពេល​ដែល​មាន​ឱកាស ចូរ​អធិស្ឋាន​សូម​ឱកាស​ចែក​ចាយ​ម្តង​ទៀត ហើយ​ឆក់​យក​ឱកាស​នោះ​ចុះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៣០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ៨៤-៨៦ និង​១ពេត្រុស ២

ប្រភេទ