នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

រក​ឃើញ​ព្រះ ពេល​ដែល​ជីវិត​ធ្លាក់​ដល់​ចំណុច​សូន្យ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រក​ឃើញ​ព្រះ ពេល​ដែល​ជីវិត​ធ្លាក់​ដល់​ចំណុច​សូន្យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 22, 2025

«ហើយ​ក៏​យក​គាត់​ទៅ​ដាក់គុក... តែ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង»(លោកុប្បត្ដិ ៣៩:២០-២១)។

បន្ទាប់ពី​ប្រពន្ធ​របស់​លោក ប៉ូទីផារ បាន​ចោទ​ប្រកាន់​លោក យ៉ូសែប ដោយ​អយុត្តិធម៌ ជីវិត​របស់​គាត់​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​សារ​ជា​ថ្មី​ទៀត។ កាល​ពីមុន គេ​កាត់​ទោស​គាត់ ដោយ​ទម្លាក់​គាត់​ចូល​ក្នុង​រណ្តៅ តែ​លើក​នេះ គេ​កាត់​ទោស​គាត់​ឲ្យ​ជាប់គុក​ងងឹត។ គាត់​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម។

ប៉ុន្តែ ក្នុង​នាម​គាត់​ជា​មនុស្ស​ដែល​តាម​ព្រះ​ហឫទ័យ​ព្រះ និង​ជា​មនុស្ស​មាន​គោលការណ៍ គាត់​ក៏បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​អត់​ធ្មត់​ក្នុង​ការ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក។ គាត់​បាន​រត់​គេច​ពី​ការ​ល្បួង​របស់​ប្រពន្ធ​របស់​លោក ប៉ូទីផារ ដោយ​ការ​ប្រកាន់​គោល​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ចិត្ត ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​បរិសុទ្ធ និង​ភាព​ត្រឹម​ត្រូវ។ ជា​ការ​ពិត​ណាស់ លោក យ៉ូសែប បាន​កោត​ខ្លាច​ព្រះ លើស​ជាង​គុក​ងងឹត។ គាត់​មិន​ព្រម​ផិត​ក្បត់​ជាមួយ​ប្រពន្ធ​របស់​លោក ប៉ូទីផារ ព្រោះ​ការ​ប្រព្រឹត្ត​ដូច​នេះ​គឺជា​អំពើបាប​ទាស់​នឹង​ព្រះ។ សម្រាប់​លោក យ៉ូសែប គាត់​មិន​ចាំបាច់​ត្រូវ​គិត​ច្រើន​ទេ ការ​ដឹង​ដូច​នេះ គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​គាត់។

ការ​មាន​ផ្នត់​គំនិត​ដូច​នេះ នឹង​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ចង្អៀត។ ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​កើត​ចេញពី​ការ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍ មិនមែន​បត់បែន​តាម​ទិដ្ឋភាព​ជាក់​ស្តែង​នោះ​ទេ។ វា​ជា​ការ​សម្រេច​ចិត្ត ដោយ​ចិត្ត​ស្ងប់ ដោយ​ជៀស​ចេញពី​ការ​បង្វែង​អារម្មណ៍។ វា​ជា​ការ​សម្រេច​ចិត្ត ដោយ​មិន​ខ្លាច​លទ្ធផល។ វា​ជា​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជា​បុរស និង​ស្ត្រី​របស់​ព្រះ ដោយ​ដឹង​អំពី​របៀប​ឆ្លើយតប នៅ​ពេល​ដែល​បាប​បាន​ដាក់​សម្ពាធ​ខ្លាំង​បំផុត ឬ​នៅពេល​ដែល​អ្វីៗ​ដួល​រំលំ​មក​លើ​យើង។

ខណៈ​ពេល​ដែល​លោក យ៉ូសែប បាន​រង​ទ្រាំ​នឹង​ទុក្ខ​វេទនា​យ៉ាង​អយុត្តិធម៌ ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដល់​គាត់ ដោយ​បណ្តាល​ចិត្ត​មេ​គុក​ឲ្យ​ស្រឡាញ់​គាត់។ ព្រះ​គម្ពីរប៊ីប​មិន​បាន​ចែងថា លោក យ៉ូសែប បាន​ព្យាយាម​កេង​ចំណេញ​ពី​កាលៈទេសៈ ដើម្បី​សម្រេច​គោលបំណង​របស់​គាត់​នោះ​ទេ។ ហើយ​បើ​គាត់​ស្វែងរក​មិត្ត​ភក្តិ ឬ​សម្ព័ន្ធ​មិត្ត​ណា​ម្នាក់​នៅ​ទីនោះ គាត់​នឹង​មិន​នឹក​ស្មានថា មេ​គុក​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​គាត់​នោះ​ទេ។ ប៉ុន្តែ ព្រះអម្ចាស់​មាន​គំនិត​ផ្សេង​ពី​នេះ។ ព្រះ​វត្ត​មាន​របស់​ព្រះអម្ចាស់​បាន​នៅ​ជាប់​នឹង​រាស្រ្ត​ព្រះ​អង្គ សូម្បីតែ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ធ្ងន់ធ្ងរ​បំផុត​ក៏ដោយ។

ពី​មួយ​ពេល​ទៅ​មួយ​ពេល យើង​រាល់​គ្នា​មាន​អារម្មណ៍​ថា យើង​ហាក់​ដូចជា​កំពុង​ជាប់​ក្នុង​គុក​ងងឹត ឬ​ធ្លាក់​ដល់​ចំណុច​សូន្យ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ។ អ្នក​ប្រហែល​មាន​អារម្មណ៍​ដូច​នេះ នៅ​ថ្ងៃ​នេះ។ អ្នក​ប្រហែល​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ចោទ​ប្រកាន់ ដោយ​អយុត្តិធម៌ ឬ​កំពុងតែ​គិត​អំពី​ការ​លះបង់​នៅ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ ពុំ​នោះ​ទេ បញ្ហា​អ្វី​ផ្សេង​ទៀត កំពុង​តែ​សង្កត់​មក​លើ​វិញ្ញាណ​ដ៏​ហត់នឿយ​របស់​អ្នក មិន​ខុសពី​លោក យ៉ូសែប ទេ។ ទោះ​យើង​ជួប​បញ្ហា​អ្វី​ក៏ដោយ ព្រះ​អម្ចាស់​តែងតែ​ជ្រាប​ជានិច្ច។ គ្មាន​រឿង​អ្វី​កើត​ឡើង ដោយ​ព្រះ​អង្គ​មិន​បាន​ដឹង​ជាមុន​នោះ​ទេ ហើយ​ព្រះ​អង្គ​ស្រឡាញ់​អ្នក ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​មិន​ប្រែ​ប្រួល ហើយ​មិន​ផ្លាស់​ប្តូរ​ទៅតាម​កាលៈទេសៈ​នោះ​ទេ។ ព្រះ​អង្គ​ស្រឡាញ់​អ្នក​ខ្លាំង​ល្មម​នឹង​ឲ្យ​ព្រះ​អង្គ​ឆ្លង​កាត់​គុក​ងងឹត​នៃ​សេចក្តី​ស្លាប់ និង​ភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​ស្ថាននរក ដើម្បី​កុំ​ឲ្យ​យើង​ចាំបាច់​ត្រូវ​ឆ្លង​កាត់។ ចូរ​ទទួលយក​ការ​កម្សាន្ត​ចិត្ត​ពី​ព្រះបន្ទូល​ដែល​ហោរា សាការី បាន​ប្រកាស​ថា «អ្នកណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ»(សាការី ២:៨)។ 
 

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ៨:២២-៣៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១១០-១១២ និង​២កូរិនថូស ១

ប្រភេទ