នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ការ​ទទួល​ស្គាល់ និង​ការ​ឆ្លើយ​តប  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ទទួល​ស្គាល់ និង​ការ​ឆ្លើយ​តប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 24, 2025

«រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ​គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មកវិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់។ នោះ​សិស្ស១ដែល​ព្រះយេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺជា​ព្រះអម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់ នោះ​គាត់​ពាក់អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះទៅ​ក្នុង​ទឹក»(យ៉ូហាន ២១:៦-៨)។

នៅពេល​ដែល​អង្គ​បុគ្គល​ម្នាក់​ឈរ​នៅ​លើ​ឆ្នេរ​សមុទ្រ ប្រាប់​ពួក​អ្នក​នេសាទ​ឲ្យ​ទម្លាក់​អួន​នៅ​ក្នុង​ទឹក បន្ទាប់ពី​ពួកគេ​នេសាទ​មិន​បាន​ត្រី​សោះ​ពេញ​មួយ​យប់។ នៅពេល​ដែល​ពួកគេ​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ស្ទើរ​រហែក​សំណាញ់ ពួកគេ​ក៏​បាន​ដឹង​ថា អ្នក​ដែល​ស្រែក​ប្រាប់​ពួកគេ​នោះ ជា​នរណា។ មុន​ពេល​នោះ ព្រះ​អង្គ​ប្រហែល​មិន​ទាន់​ឲ្យ​ពួក​គេ​មើល​ព្រះ​អង្គ​ស្គាល់ គឺ​ដូច​បុរស​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស (លូកា ២៤:‌១៦)។ ពុំ​នោះ​ទេ ប្រហែល​ជា​ដោយសារ​អ័ព្ទ​នៅពេល​ព្រឹក​ព្រលឹម ឬ​ដោយសារ​ទូក​នៅ​ឆ្ងាយ​ពី​ឆ្នេរ ធ្វើ​ឲ្យ​ពួកគេ​មើល​ព្រះ​អង្គ​សង្គ្រោះ​មិន​ស្គាល់។

ទោះជា​ស្ថិត​ក្នុង​ករណី​មួយ​ណា​ក៏ដោយ បន្ទាប់​ពី​ព្រះ​អង្គ​មាន​បន្ទូល​មក​ពួកគេ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង លោក យ៉ូហាន «ជា​សាវ័ក​ដែល​ព្រះយេស៊ូវ​ស្រឡាញ់» ក៏​បាន​ដឹង​ថា នរណា​កំពុង​និយាយ​មក​កាន់​ពួកគេ ហើយ​គ្រាន់តែ​គាត់​ទៅ​ប្រាប់​លោក ពេត្រុស ភ្លាម លោក ពេត្រុស ក៏​បាន​ប្រញាប់​លោត​ចុះទៅ​ក្នុង​ទឹក។ ការ​ដែល​សាវ័ក យ៉ូហាន មើល​ព្រះ​អង្គ​ស្គាល់ បាន​រួម​ផ្សំ​ជាមួយ​ការ​ធ្វើស​កម្ម​ភាព​របស់​លោក ពេត្រុស ដែល​បង្ហាញ​បំណង​ព្រះទ័យ​របស់​ព្រះ ដែល​ចង់​ឲ្យ​ការ​ទាំង​ពីរ​នេះ​រួម​ផ្សំ​គ្នា។ ព្រះ​អង្គ​ប្រើ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ដូច​លោក យ៉ូហាន និង​លោក ពេត្រុស ឲ្យ​នៅ​ជាមួយ​គ្នា ដើម្បី​ឲ្យ​ពួក​គេ​ពឹង​ផ្អែក​គ្នា​ទៅវិញ​ទៅ​មក។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ទាំងមូល យើង​ឃើញថា សាវ័ក យ៉ូហាន បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​ដែល​មាន​ការ​គិត​ស៊ី​ជម្រៅ និង​នឹងធឹង។ នៅពេល​ដែល​គាត់ និង​លោក ពេត្រុស ទៅ​មើល​ផ្នូរ​ព្រះ​អង្គ គាត់​ក៏បាន​ពិចារណា អំពី​អត្ថន័យ​នៃ​សំពត់​រុំ​សព​ដែល​នៅ​ទទេ មិន​មាន​ព្រះ​កាយ​ព្រះ​យេស៊ូវ ហើយ​គាត់​ក៏​បាន​ជឿ​ថា ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (យ៉ូហាន ២០:៨)។ ការ​ប្រកាស​របស់​គាត់​នៅ​លើ​ទូក គឺ​បាន​បង្ហាញ​ថា គាត់​មិនមែន​ជា​មនុស្ស​ដែល​ធ្វើ​ការ​សន្និដ្ឋាន​ភ្លាមៗ​នោះ​ទេ តែ​គាត់​បាន​ពិចារណា ហើយ​ក៏​បាន​ជឿ។ ពេល​លោក យ៉ូហាន ដឹង​ថា បុរស​នោះ​ជា​ព្រះ​យេស៊ូវ គាត់​ក៏បាន​ប្រាប់​ឲ្យ​លោក ពេត្រុស ដឹង​ដែរ។ លោក ពេត្រុស ក៏​បាន​ឆ្លើយតប ចំពោះ​ការ​ដឹង​នេះ​ដូច​សព្វ​មួយដង ដោយ​ធ្វើស​កម្ម​ភាព​ភ្លាមៗ ដែល​ពេញ​ដោយ​ជំនឿ និង​ភាព​ឆេះឆួល។ អ្នក​អាច​ស្រមៃ​ថា គាត់​លោត​ចុះទៅ​ក្នុង​ទឹក លុយ​ទឹក​ផង ហែល​ទឹក​ផង ដើម្បី​ឲ្យ​ឆាប់​បាន​ទៅដល់​ព្រះ​អង្គ​សង្គ្រោះ​នៅ​លើ​ឆ្នេរ។ គាត់​មិន​មាន​ការ​ស្ទាក់ស្ទើរ​សោះ នៅ​ក្នុង​ការ​ចុះទៅ​ក្នុង​ទឹក។ គាត់​គ្មាន​គិត​អ្វី​ក្រៅពី​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ទៅដល់​ព្រះ​អម្ចាស់។

បើ​គ្មាន​ចរិត​លក្ខណៈ​ពិចារណា​ស៊ី​ជម្រៅ របស់​មនុស្ស​ដូច​លោក យ៉ូហាន ទេ នោះ​មនុស្ស​ដូច​លោក ពេត្រុស ក្នុង​លោកីយ៍​នេះ​នឹង​ខ្សោះ​អស់​កម្លាំង​នៅ​ក្នុង​សកម្ម​ភាព​ដ៏​ឆេះឆួល។ តែបើ​គ្មាន​ភាព​ក្លាហាន​របស់​មនុស្ស​ដូច​លោក ពេត្រុស ទេ នោះ​ការ​គិត​ស៊ី​ជម្រៅ​របស់​មនុស្ស​ដូច​លោក យ៉ូហាន ក្នុង​ពិភពលោក​នេះ​នឹង​ក្លាយ​ជា​អសារ​ឥតការ។ យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ដៃ​គូ ដើម្បី​បម្រើ​ព្រះ​គ្រីស្ទ​ឲ្យ​បាន​ល្អ។ ទោះ​យើង​មាន​ចរិត​លក្ខណៈ​ដូច​សាវ័ក ពេត្រុស ឬ​សាវ័ក យ៉ូហាន ក្តី ឬ​មាន​ចរិត​លក្ខណៈ​ដូច​ម្តេច​ក៏ដោយ ព្រះ​ទ្រង់​បាន​បង្កើត​អ្នក​មក​ឲ្យ​មាន​លក្ខណៈ​ពិសេស​រៀង​ខ្លួន ដើម្បី​សម្រេច​គោលបំណង​មួយ​ក្នុង​នគរ​ព្រះ​អង្គ។ មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​ប្រាថ្នា​ឲ្យ​ខ្លួនឯង​មាន​លក្ខណៈ​ដូច​អ្នក​ដទៃ។ អ្នក​ដទៃ​ទៀត​មិន​មាន​បញ្ហា នៅ​ក្នុង​ការ​ទទួល​ស្គាល់​បុគ្គលិក​លក្ខណៈ ឬ​ចំណុច​ខ្លាំង​របស់​ខ្លួនឯង​ទេ តែ​យើង​ពិតជា​ពិបាក​បន្ទាប​ខ្លួន​ប្រើ​លក្ខណសម្បត្តិ​ទាំង​នោះ ក្នុង​ការ​បម្រើ​អ្នក​ដទៃ ឬ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ចរិត​លក្ខណៈ​របស់​អ្នក​ដទៃ ដែល​ខុស​ប្លែក​ពី​យើង។ តើ​ទស្សនៈ​ដែល​អ្នក​មាន ចំពោះ​ខ្លួនឯង និង​ចំពោះ​គោលបំណង​របស់​អ្នក នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ បើសិន​ជា​អ្នក​ទទួល​ស្គាល់​ថា គ្រប់​ផ្នែក​ទាំង​អស់​នៃ​បុគ្គលិក​លក្ខណៈ​របស់​អ្នក គឺជា​អំណោយ​មកពី​ព្រះ ដែល​សម្រាប់​ឲ្យ​អ្នក​ប្រើ មិនមែន​ដើម្បី​ខ្លួនឯង តែ​ដើម្បី​ស្តាប់​បង្គាប់​ព្រះ​អង្គ​ជាមួយ​រាស្រ្ត​ព្រះ​អង្គ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​រាជបុត្រា​ព្រះ​អង្គ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១២:១២-២៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១១៦-១១៨ និង​២កូរិនថូស ៣

ប្រភេទ