នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

តើ​ព្រះ​បាន​រាប់​យើង​ជា​សុ​ចរិត​ដូច​ម្តេច​ខ្លះ?  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

តើ​ព្រះ​បាន​រាប់​យើង​ជា​សុ​ចរិត​ដូច​ម្តេច​ខ្លះ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 31, 2025

«ប៉ុន្តែ សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពីមុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ... ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូចជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ​គ្រីស្ទ​វិញ ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់»(ភីលីព ៣:៧-៩)។

មាន​ពេល​ច្រើនដង​ពេក​ហើយ ដែល​ជីវិត​របស់​យើង​ខ្វល់ខ្វាយ​អំពី​ការ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ចូល​ចំណោម​គេ​ចុះ ឬ​ដើម្បី​ឲ្យ​គេ​ស្វាគមន៍​យើង។ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​អាច​ចូល​រៀន​ក្នុង​សាលា​រៀន​នោះ​បាន? ដើម្បី​ឲ្យ​សង្គម​រាប់រក​យើង? ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​មេ​គេ?» យ៉ាងណាមិញ ធម្មជាតិ​របស់​មនុស្ស​ពី​កំណើត​មក ក៏​មាន​ចម្ងល់​ដូច​នេះ​ផង​ដែរ អំពី​ការ​ពិត​ខាង​វិញ្ញាណ៖ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច»(លូកា ១៨:១៨)។

ជា​ញឹក​ញាប់ យើង​ពឹង​ផ្អែកលើ​សកម្មភាព​ដែល​យើង​ធ្វើ​ជា​ប្រចាំ ដូចជា ការ​ទៅ​ព្រះវិហារ ការ​អធិស្ឋាន និង​ការ​អាន​ព្រះ​គម្ពីរប៊ីប។ យើង​មាន​ទំនុក​ចិត្ត ពេល​យើង​បាន​អនុវត្ត​ជា​ទៀង​ទាត់ តែ​យើង​មាន​អារម្មណ៍​ថា​មាន​កំហុស ពេល​យើង​មិន​បាន​អនុវត្ត។ យើង​មើល​ឃើញ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជា​កាំជណ្តើរ ដែល​យើង​អាច​ឡើង​ទៅ​រក​ការ​ទទួល​ស្គាល់​របស់​ព្រះ។

មុន​ពេល​សាវ័ក ប៉ុល រៀបរាប់​អំពី​ការខាតបង់​ក្នុង​បទ​គម្ពីរ​នេះ គាត់​បាន​និយាយ​អំពី «អ្វីៗ​ដែល​គាត់​ទទួល​បាន» ក្នុង​ជីវិត​គាត់ ដែល​គាត់​ទទួល​បានជា​មរតក ក៏​ដូចជា​រកបាន​ដោយ​សមត្ថ​ភាព​ខ្លួនឯង ដោយសារ​គាត់​មាន​ឯកសិទ្ធិ​ពី​កំណើត ក៏​ដូចជា​មាន​ការ​អប់រំ​ខ្ពង់ខ្ពស់។ គេ​មិន​ចាំបាច់​ត្រូវ​សួរ​គាត់​អំពី​វង្ស​ត្រកូល​ដែល​គាត់​មាន​ពី​កំណើត​ឡើយ។ ត្រង់​ចំណុច​នេះ​សាវ័ក ប៉ុល ចង់​មានន័យថា បើ​ព្រះ​ទ្រង់​ទទួល​យក​មនុស្ស​ទាំង​អស់ ដោយសារ​កត្តា​ទាំង​អស់​នេះ នោះ​យើង​អាច​ដឹង​ថា គាត់​មាន​ភាព​សក្ដិសម​គ្រប់​យ៉ាង​ហើយ តើ​គាត់​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ និង​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​បាន​យ៉ាង​ល្អិត​ល្អន់​ហើយ​ទេ​ឬ?

សាវ័ក ប៉ុល ធ្លាប់​គិតថា គាត់​គឺជា​អ្នកមហា​សេដ្ឋី​ខាង​វិញ្ញាណ។ គាត់​ធ្លាប់​គិតថា គាត់​មាន​ភាព​បរិសុទ្ធ​ក្នុង​កម្រិត​ខ្ពស់។ ប៉ុន្តែ ថ្ងៃ​មួយ​ការ​យល់​ឃើញ​នេះ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង។ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​យេរូសាឡិម​ទៅ​ទីក្រុង​ដា​ម៉ាស គាត់​ក៏​បាន​ដឹង​ថា គាត់​មាន​ការ​ក្ស័យ​ធន​ខាង​វិញ្ញាណ ពោល​គឺ​មិន​ទាំង​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ តើ​សាវ័ក ប៉ុល សង្ឃឹម​អ្វី? នៅ​តាម​ផ្លូវ គាត់​ក៏​បាន​ជួប​ព្រះ​យេស៊ូវ ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (កិច្ចការ ៩:១-១៩) ហើយ​គាត់​ក៏​បាន​យល់​គោល​លទ្ធិ​នៃ​ការ​រាប់​ជា​សុ​ចរិត ដែល​ក្នុង​នោះ​ព្រះ​ទ្រង់​ប្រកាស​ថា មនុស្ស​មាន​បាប​បាន​ក្លាយ​ជា​សុចរិត ផ្អែក​ទៅលើ​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ​សម្រេច​បាន។

ក្រឹត្យ​វិន័យ​របស់​ព្រះ​មាន​ភាព​ខុស​ប្លែក​ពី​កាំ​ជណ្តើរ​ឆ្ងាយ​ណាស់ តែ​មាន​លក្ខណៈ​ដូច​កញ្ចក់​ជាង​ត្រង់​ចំណុច​ដែល​ថា ក្រឹត្យ​វិន័យ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​បាន​ធ្វើ​ខុស ហើយ​មិន​អាច​លុបលាង​កំហុស​ខ្លួនឯង​បានទេ។ អ្វីៗ​ដែល​យើង​សម្រេច​បាន​កាលពី​មុន ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការ​ខាតបង់ គឺជា​ការ​បរាជ័យ។

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​ថា ព្រះ​គ្រីស្ទ​ទទួល​យក​អ្នក? ព្រះ​អង្គ​ទទួល​យក មិនមែន​ដោយសារ​អ្នក​ចូល​មក​រក​ព្រះ​អង្គ​ដោយ​សេចក្តី​សុចរិត​ដែល​អ្នក​សម្រេច​បាន​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គឺ​ដោយសារ​បាប​របស់​អ្នក​ត្រូវ​បាន​ផ្ទេរ​ទៅ​ព្រះ​អង្គ​ដែល​មិន​មាន​បាប​សោះ បាន​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​សុចរិត​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ (២កូរិនថូស ៥:២១)។ អ្នក​មិន​អាច​បន្ថែម ឬ​បន្ថយ​ការ​រាប់​សេចក្តី​សុចរិត​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ឡើយ។ ការ​រាប់​ជា​សុចរិត​មាន​ភាព​ពេញលេញ ព្រោះ​ព្រះ​ទ្រង់​ប្រទាន​សេចក្តី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ដល់​អ្នកជឿ ហើយ​ក៏​បាន​ចប់​សព្វ​គ្រប់ ដោយសារ​ការ​រាប់​ជា​សុចរិត​បាន​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​អំណោយ​របស់​ព្រះ ដែល​ជា​ព្រះ​រាជបុត្រា។ ពេល​ណា​អ្នក​ដឹង​ថា អ្នក​មិន​អាច​បាត់បង់​ផ្លូវ​ចូល​ទៅ​រក​ជីវិត​អស់​កល្ប នោះ​អ្នក​ក៏​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​លះបង់​អ្វីៗ​ផ្សេង​ទៀត ថ្វាយ​ព្រះ​ដែល​បាន​ប្រទាន​ផ្លូវ​នោះ​មក។ ពោល​គឺ​អ្នក​អាច​លះបង់​កេរ្តិ៍​ឈ្មោះ ឋានៈ បុណ្យ​សក្តិ និង​ទ្រព្យ​សម្បត្តិ។ អ្វី​ក៏ដោយ​ដែល​អ្នក​ធ្លាប់​គិតថា អ្នក​សម្រេច​បាន នោះ​អ្នក​អាច​ចាត់​ទុក​ពួកវា​ជា​ខាត​វិញ ដោយ​អំណរ។ អ្នក​បាន​ស្ម័គ្រ​ចិត្ត​លះបង់​ជីវិត​ថ្វាយ​ព្រះ​គ្រីស្ទ ព្រោះ​អ្នក​ដឹង​ថា តាមរយៈ​ព្រះ​គ្រីស្ទ​អ្នក​រកបាន​ជីវិត​ពិត។ តើ​មាន​អ្វី​ដែល​អ្នក​ពិបាក​លះបង់​ដើម្បី​ព្រះ​គ្រីស្ទ? ចូរ​ឲ្យ​ការ​រាប់​ជា​សុចរិត បាន​បណ្តាល​ចិត្ត​ឲ្យ​អ្នក​ស្តាប់​បង្គាប់​ព្រះ​អង្គ​អស់ពី​ចិត្ត។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ២៦:១-២៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១៣៣-១៣៤, និង​២កូរិនថូស ១០

ប្រភេទ