
ព្រះយេស៊ូវឈោងព្រះហស្តមករកអ្នក
ដោយKaren Huang
August 31, 2025
ម៉ាកុស ១:៤០-៤៥
ទ្រង់មានព្រះហឫទ័យក្ដួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ។ ម៉ាកុស ១:៤១
លេតធី(Letty) គឺជាអ្នកបោសសម្អាតក្នុងអគារការិយាល័យ។ មនុស្សជាច្រើនបានដឹងថា គាត់មានទម្លាប់ដើរលឿន គឺលឿនខុសពីធម្មតា។ មូលហេតុគឺដោយសារគាត់មិនចង់ជួបអ្នកដទៃ។ ជីវិតគាត់មានស្នាមរបួសដោយសារភាពទាល់ក្រ ហើយក៏ស៊ាំនឹងការមើលងាយពីអ្នកដទៃ ហេតុនេះហើយ គាត់បានដើរកាត់អ្នកដទៃ ដោយប្រញាប់យកដៃបាំងមុខគាត់មួយចំហៀង។ គាត់ថា គាត់មានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ដោយសារគាត់មិនដូច “មនុស្សធម្មតា ដែលស្អាត និងមានការអប់រំ”។ នៅពេលដែលស្ត្រីម្នាក់ នៅកន្លែងធ្វើការជាមួយគាត់បានរាប់អានគាត់ជាមិត្តភក្តិ គាត់ក៏បានចាប់ផ្តើមទទួលបានការប្រោសឲ្យជា។
បុរសមានជំងឺឃ្លង់ម្នាក់ បានរស់នៅដោយការខ្មាសអៀន ប្រហែលជាខ្លាំងជាង លេធីទៅទៀត។ ជំងឺគាត់បានធ្វើឲ្យគាត់មានភាពមិនស្អាត តាមស្តង់ដារនៃក្រឹត្យវិន័យរបស់លោកម៉ូសេ ដោយបានកាត់ផ្តាច់គាត់ចេញពីសង្គមរបស់សាសន៍អ៊ីស្រាអែលនៅសម័យដើម។ បញ្ហារបស់គាត់ មិនគ្រាន់តែជាជំងឺខាងរូបកាយប៉ុណ្ណោះទេ តែក៏ជាដំបៅខាងព្រលឹងវិញ្ញាណផងដែរ។ ដោយសារជំងឺនេះ គាត់បានចូលទៅរកព្រះគ្រីស្ទ ដោយទូលសូមព្រះអង្គថា “បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន”(ម៉ាកុស ១:៤០)។ គាត់បានទូលសូមព្រះអង្គប្រោសគាត់ឲ្យជា តែការទូលសូមនេះ ក៏បានដកសេចក្តីអាម៉ាសចេញពីគាត់ផងដែរ។
ព្រះយេស៊ូវបានឆ្លើយតប មិនមែនដោយបណ្តេញគាត់ចេញ តែដោយសេចក្តីអាណិត។ ព្រះអង្គក៏បានលូកព្រះហស្តទៅពាល់គាត់ ដោយមានបន្ទូលថា “ខ្ញុំចង់ដែរ ចូរឲ្យបានជាស្អាតចុះ!”(ខ.៤១)។ ដែលលេធីបានទទួលការរាប់រក ដោយមិត្តរួមការងារជាយ៉ាងណា នោះឥរិយាបថរបស់ព្រះយេស៊ូវ គឺបានបង្ហាញច្បាស់ថា ព្រះអង្គបានទទួលយកបុរសកើតឃ្លង់ ទោះគេបានស្អប់ខ្ពើមគាត់ខ្លាំងយ៉ាងណាក៏ដោយ។
យើងប្រហែលជាបានធ្វើដំណើរឆ្លងកាត់ជីវិតរបស់យើង ដោយការលាក់បាំងអ្វីមួយ ដែលយើងគិតឃើញថា វាបានកាត់ផ្តាច់ខ្លួនយើងចេញពី “មនុស្សធម្មតា ស្រស់ស្អាត និងមានការអប់រំ”។ ចូរយើងអនុញ្ញាតព្រះយេស៊ូវ ឲ្យលូកព្រះហស្តមកពាល់យើង ហើយប្រោសលោះយើង ឲ្យរួចពីការខ្មាសអៀននោះ។ ចូរយើងដឹងថា ក្នុងនាមយើងជាកូនព្រះអង្គ ព្រះអង្គបានទទួលយក និងស្រឡាញ់យើង។—Karen Huang
តើមានអ្វីធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន? តើអ្នកអាចថ្វាយការអៀនខ្មាសនេះ
ដល់ព្រះគ្រីស្ទ ដែលមានក្តីស្រឡាញ់ដ៏ប្រោសលោះ ដោយរបៀបណា?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឈោងមករកទូលបង្គំ ទោះទូលបង្គំមានបាបធ្ងន់យ៉ាងណាក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣២-១៣៤ និង ១កូរិនថូស ១១:១៧-៣៤