
សេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 2, 2025
«...ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ» (អេភេសូរ ៥:២០-២១)។
មនុស្សចុះចូលចំពោះគ្នាទៅវិញទៅមក ដោយសារហេតុផលជាច្រើន ផ្អែកទៅលើរចនាសម្ព័ន្ធនយោបាយ ឬសង្គម ឬផ្អែកទៅលើស្ថានភាពជាក់ស្តែង។ ជួនកាល ការចុះចូលអ្នកដទៃតែម្តង មានភាពងាយស្រួលជាងការប្រព្រឹត្តចំពោះគេ (ហើយពិតជាល្អជាង!) ដែលអាចធ្វើឲ្យគេគិតថា យើងហាក់ដូចជាគ្មានការគួរសម ឬមានការប្រឈមមុខដាក់គ្នា។
ទោះជាយ៉ាងណាក៏ដោយ ហេតុផលទាំងអស់នេះ មិនមែនជាកត្តាបណ្តាលចិត្តគ្រីស្ទបរិស័ទឲ្យចុះចូលគ្នាទៅវិញទៅមកនោះទេ។ ផ្ទុយទៅវិញ «ការគោរពស្រឡាញ់ព្រះគ្រីស្ទ» គួរតែជាមូលហេតុដែលយើងចុះចូលគ្នាទៅវិញទៅមក។ ការលុតជង្គង់នៅចំពោះព្រះគ្រីស្ទ ជួយយើងមិនឲ្យផ្ដោតទៅលើខ្លួនឯង។ ការគោរពព្រះគ្រីស្ទមិនគ្រាន់តែទាញយើងចេញពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំយើងទៅរកព្រះយេស៊ូវ។ នៅក្នុងព្រះអង្គ យើងក៏ឃើញរបៀបដែលយើងត្រូវធ្វើតាមការត្រាស់ហៅឲ្យចុះចូលផងដែរ ព្រោះព្រះអង្គបានបង្រៀនដោយផ្ទាល់ថា «មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ...ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាថាយ ២០:២៦, ២៨)។ ព្រះអង្គមិនគ្រាន់តែបានមានបន្ទូល ប៉ុន្តែក៏បានធ្វើជាគំរូផងដែរ។ ឧទាហរណ៍៖ ព្រះអង្គបានលាងជើងឲ្យពួកសាវ័កក្នុងបទគម្ពីរយ៉ូហានជំពូក១៣។ គឺដូចដែលកណ្ឌគម្ពីរយ៉ូហានបានចែងថា «នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត» (យ៉ូហាន ១៣:៣-៥)។ ហេតុអ្វីព្រះអង្គធ្វើដូចនេះ? ការនេះបានបង្ហាញច្បាស់ថា ព្រះរាជបុត្រាកំពុងចុះចូលបំណងព្រះទ័យព្រះវរបិតា។ ព្រះអង្គជាព្រះ ប៉ុន្តែព្រះអង្គបានលះបង់អង្គទ្រង់ ដោយទទួលយករូបភាពជាអ្នកបម្រើ (ភីលីព ២:៧)។
ព្រះយេស៊ូវបានយាងមកយកកំណើតជាមនុស្ស ដើម្បីធ្វើតាមបំណងព្រះទ័យព្រះវរបិតា (យ៉ូហាន ៦:៣៨)។ ហេតុនេះហើយ ព្រះអង្គបានទទួលយកទុក្ខវេទនា។ ព្រះអង្គបានជួបភាពឯកោ និងត្រូវគេធ្វើទារុណកម្ម។ ព្រះអង្គបានស៊ូទ្រាំនឹងការជេរប្រមាថ និងការយល់ច្រឡំរបស់មនុស្ស និងសេចក្តីស្លាប់។ ព្រះអង្គបានទទួលយកភាពប្រេះបែក ដើម្បីឲ្យជីវិតដែលប្រេះបែករបស់យើងអាចទទួលបានការជួសជុល និងការកែប្រែ។ គឺព្រះអង្គបានយាងមកសុគតនៅលើឈើឆ្កាង ដោយចុះចូលបំណងព្រះទ័យព្រះវរបិតា ដើម្បីឲ្យព្រះអង្គអាចប្រទានការបង់ថ្លៃលោះសម្រាប់អស់អ្នកដែលបន្ទាបខ្លួនក្រាបចុះ ហើយនិយាយថា «ព្រះអង្គគឺជាព្រះអង្គសង្គ្រោះដែលខ្ញុំត្រូវការ»។
ពេលណាយើងពិចារណាអំពីព្រះគ្រីស្ទ តាមលក្ខណៈពិតរបស់ព្រះអង្គ យើងប្រាកដជាទទួលការបណ្តាលចិត្តឲ្យគោរពព្រះអង្គ។ តើមាននរណាទៀតដែលយើងគួរតែគោរព និងស្រឡាញ់ឲ្យលើសអង្គទីពីរនៃព្រះត្រៃឯកដែលបានស្ម័គ្រព្រះទ័យចុះចូលរហូតដល់សុគត ដោយការស្តាប់បង្គាប់តាមព្រះវរបិតា និងដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ព្រះអង្គ? ហើយពេលណាយើងគោរពព្រះគ្រីស្ទ យើងអាចមានចារិកលក្ខណៈដូចព្រះគ្រីស្ទ ដោយមិនឱបក្រសោបយកភាពធំឧត្តម ឬស្វែងរកអំណាច ឬក៏បម្រើប្រយោជន៍ផ្ទាល់ខ្លួន តែស្តាប់បង្គាប់ព្រះដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបងប្អូនប្រុសស្រីរបស់យើង។
មានហេតុផលជាច្រើន ដែលយើងអាចសម្រេចចិត្តចុះចូលចំពោះគ្នាទៅវិញទៅមក (និងមានហេតុផលជាច្រើន ដែលយើងមិនត្រូវចុះចូល)។ ប៉ុន្តែ ចូរយើងប្រាកដថា យើងចុះចូលអ្នកដទៃក្នុងពួកជំនុំ ដោយការគោរពស្រឡាញ់ព្រះគ្រីស្ទ ដែលបានចុះចូលព្រះវរបិតា និងបានក្លាយជាព្រះអង្គសង្គ្រោះ តាមរយៈការចុះចូលនេះ។
ខគម្ពីរសញ្ជឹងគិត៖ ភីលីព ២:១៧-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣៧-១៣៩ និង២កូរិនថូស ១១:១៦-៣៣