
សូមយើងមើលកិច្ចការដែលព្រះអង្គបានធ្វើ
ដោយKenneth Petersen
September 2, 2025
កិច្ចការ ៩:១-៦,៨,១០-១២,១៥
នោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួន គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ។ កិច្ចការ ៩:៣-៤
លោកម៉ស(MORSE) គឺជាកូនប្រុសរបស់អ្នកបម្រើព្រះ ក្នុងនិកាយប្រូតេស្តង់ ហើយជាវិចិត្រករគំនូរទេសភាព ដែលពិបាករកប្រាក់ចំណូលចិញ្ចឹមជីវិត។ ក្នុងទសវត្សរ៍ឆ្នាំ១៨២០ គាត់បានប្រកបរបរតូចតាច ជាវិចិត្រករចល័ត ដោយគូររូបដែលពិពណ៌នា អំពីជីវិតក្នុងតំបន់អាមេរិកនៅសម័យអាណានិគមអង់គ្លេស។ ប៉ុន្តែ ព្រះទ្រង់បានដឹកនាំជីវិតគាត់ ទៅតាមទិសដៅផ្សេងមួយទៀត។ គាត់ក៏មានចំណាប់អារម្មណ៍ មកលើវិទ្យាសាស្ត្រផងដែរ។ គាត់បានរៀនសូត្រអំពីអេឡិចត្រូម៉ាញេទិច ហើយក៏បានបង្កើតទ្រឹស្ដីមួយ ដែលនាំឲ្យពិភពលោកមានការផ្លាស់ប្តូរ ក្នុងការទំនាក់ទំនងចម្ងាយឆ្ងាយ។ ក្នុងឆ្នាំ១៨៣២ លោកស៊ែមញួល អែហ្វ ប៊ី ម៉ស(SAMUEL F. B. MORSE) បានបង្កើតទ្រឹស្ដីតេឡេក្រាមអេឡិចត្រូនិក ហើយក្រោយមក ក៏បានបន្តស្រាវជ្រាវរហូតឆ្នៃបង្កើតបានឧបករណ៍តេឡេក្រាម ដែលមានដំណើរការដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត ហើយសារដំបូងដែលគាត់បានផ្ញើនោះគឺ “សូមយើងមើល នេះជាកិច្ចការដែលព្រះអង្គបានធ្វើ!”
ក្នុងព្រះគម្ពីរប៊ីប ប្រហែលជាបាននិយាយអំពីការផ្លាស់ប្តូរការងារ គួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងរឿងរបស់លោកសូល ដែលកំពុង “បញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់”(កិច្ចការ ៩:១)។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ ឲ្យគាត់ឃើញដោយពន្លឺដ៏អស្ចារ្យមួយ(ខ.៣) ដោយបន្ទូលប្រាប់គាត់ថា គាត់កំពុងតែបៀតបៀនព្រះអង្គ។ ក្នុងន័យនេះ ព្រះអង្គកំពុងប្រាប់លោកសូលឲ្យឈប់បៀតបៀនពួកជំនុំទៀត ព្រោះគាត់ស្ថិតនៅក្រោមបញ្ជាថ្មី(ខ.៦)។ លោកសូលក៏បានផ្លាស់ប្រែទាំងស្រុង ហើយបានទទួលយកអត្តសញ្ញាណថ្មី ក្នុងព្រះគ្រីស្ទ ធ្វើជាសាវ័ក ដែលទីបំផុតគាត់ក៏បានចេញផ្សាយដំណឹងល្អ នៅកន្លែងណាដែលគាត់ទៅដល់។
ជួនកាល ផ្លូវដែលយើងចង់ដែរ មិនមែនជាផ្លូវដែលយើងត្រូវដើរនោះឡើយ។ ព្រះទ្រង់ដឹកនាំយើងទៅតាមទិសដៅផ្សេងមួយទៀត។ ការផ្លាស់ប្តូរទិសដៅនោះ អាចជាការត្រាស់ហៅយើងឲ្យដើរចេញពីបាបរបស់យើង។ ឬប្រហែលជាការផ្លាស់ប្តូរក្នុងការងារបម្រើព្រះអង្គ ឬអាជីព។ នៅពេលដែលព្រះអង្គប្រទានទិសដៅថ្មីសម្រាប់ជីវិតយើង យកល្អយើងត្រូវឈប់ធ្វើអ្វីដែលយើងកំពុងធ្វើ ហើយដើរតាមផ្លូវថ្មីវិញ។ ហើយខណៈពេលដែលផ្លូវថ្មីរបស់យើងបានបើកពីមុខយើង យើងអាចនឹកចាំអំពីសារតេឡេក្រាមដែលលោកម៉សបានផ្ញើដំបូងបំផុតថា “សូមយើងមើល នេះជាកិច្ចការដែលព្រះអង្គ បានធ្វើ!”—KENNETH PETERSEN
តើព្រះទ្រង់បានដឹកនាំជីវិតអ្នក ទៅតាមទិសដៅថ្មី ដូចម្តេចខ្លះ?
តើព្រះអង្គសព្វព្រះទ័យឲ្យអ្នកនិយាយពាក្យលើកទឹកចិត្តអ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបើកចំហរចិត្ត ទទួលការដឹកនាំពីព្រះអង្គ
ខណៈពេលដែលព្រះអង្គដឹកនាំផ្លូវ និងការងាររបស់ទូលបង្គំ ក្នុងរដូវកាលនេះ។
FOR FURTHER STUDY, READ IT’S NOT FAIR: TRUSTING GOD WHEN LIFE DOESN’T MAKE SENSE AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣