
សេរីភាពក្នុងដែនកំណត់
ដោយElisa Morgan
September 5, 2025
ចោទិយកថា ៥:២៨-២៩,៣២-៣៣
ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ។ ចោទិយកថា ៥:៣៣
ស្ថាបត្យករមួយក្រុម បានធ្វើការសិក្សា អំពីផលប៉ះពាល់ នៃការសាងសង់របងព័ទ្ធជុំវិញកន្លែងក្មេងលេង ក្នុងសាលាមត្តេយ្យ។ គេសង្កេតឃើញថា នៅកន្លែងក្មេងលេងដែលមានរបងជុំវិញ ក្មេងៗច្រើនតែទៅផ្តុំគ្នា នៅក្បែរអាគាររបស់សាលា និងគ្រូរបស់ពួកគេ ហើយមិនវង្វេងចេញពីកន្លែងនោះទេ។ ប៉ុន្តែ ក្នុងកន្លែងក្មេងលេងដែលមានរបងជុំវិញ ពួកគេរត់លេងពាសពេញកន្លែងនោះ យ៉ាងសប្បាយរីករាយ។ អ្នកស្រាវជ្រាវក៏បានធ្វើការសន្និដ្ឋានថា ព្រំដែនអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមានសេរីភាពកាន់តែច្រើន។ រឿងនេះហាក់ដូចជាផ្ទុយនឹងទស្សនៈរបស់មនុស្សជាច្រើន ដែលគិតថា ព្រំដែនធ្វើឲ្យមានការរឹតត្បិតមកលើការកម្សាន្តសប្បាយរបស់មនុស្ស។ តែរបងពិតជាអាចផ្តល់ឲ្យនូវសេរីភាពមែន!
ព្រះទ្រង់បានមានបន្ទូលសង្កត់ធ្ងន់អំពីសេរីភាព ដែលយើងទទួលបានពីព្រំដែនដែលព្រះអង្គបានដាក់។ ក្នុងការប្រទានក្រឹត្យវិន័យ១០ប្រការ ព្រះអង្គបានសន្យាអំពីជីវិត “ដ៏សម្បូរសប្បាយ” ដែលនឹងកើតឡើង ពីការរស់នៅ ក្នុងព្រំដែនដែលព្រះអង្គបានកំណត់។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងទទួលយកនោះ”(ចោទិយកថា ៥:៣៣)។ ត្រង់ចំណុចនេះ ភាពសម្បូរសប្បាយនោះ ក៏រាប់បញ្ចូលជីវិតដែលបង្កើតផលផ្លែខាងវិញ្ញាណផងដែរ។
ព្រះយេស៊ូវបានសម្រេចក្រឹត្យវិន័យ ដោយការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង។ ព្រះអង្គបានប្រកាសថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ជាការពិតណាស់ ព្រំដែនដែលព្រះអង្គបានកំណត់ គឺដើម្បីប្រយោជន៍យើងទេ។ ដូចនេះ “របង” អាចរំដោះយើងឲ្យមានសេរីភាព ក្នុងការអរសប្បាយនឹងជីវិត ដែលព្រះអង្គបានបង្កើតសម្រាប់ឲ្យយើងបានដកពិសោធន៍ជាមួយព្រះអង្គ។—ELISA MORGAN
តើព្រះរាជបញ្ជារបស់ព្រះ បានរំដោះអ្នកឲ្យមានសេរីភាព យ៉ាងដូចម្តេចខ្លះ?
តើអ្នកអាចឱបក្រសោបយក សិរីភាព ដែលទទួលបានពីដែនកំណត់នោះ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការដាក់ដែនកំណត់ ក្នុងជីវិតទូលបង្គំ ដើម្បីជាប្រយោជន៍ដល់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៦-១៤៧ និង ១កូរិនថូស ១៥:១-២៨