ល្ងាច

អ្នកបម្រើដែលបន្ទាបខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 9, 2025
«អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ ដូច្នេះ បើខ្ញុំដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើងដល់គ្នានឹងគ្នាដែរ» (យ៉ូហាន ១៣:១៣-១៤)។
លោក អេនឌ្រូ ម៉ាទីនេស (Andrew Martinez) ស្ថិតក្នុងចំណោមអ្នកស្ពាយឧបករណ៍វាយកូនហ្គោលដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនហ្គោល ដោយគាត់បានស្ពាយឧបករណ៍វាយកូនហ្គោលឲ្យកីឡាករល្បីៗដូចជាលោក ចននី មីលល័រ (Johnny Miller) ចន ឃុក (John Cook) និងលោក ថម លេមិន (Tom Lehman)។ គាត់ក៏ជាកីឡាករដែលមានទេពកោសល្យផងដែរ។ ផ្នែកដែលធ្វើឲ្យគាត់ល្បីល្បាញក្នុងការងារជាអ្នកស្ពាយឧបករណ៍នោះ គឺគាត់មានចិត្តប្តូរផ្តាច់ចំពោះចៅហ្វាយនាយរបស់គាត់ ចាប់តាំងពីពេលដែលគាត់បោះជំហានចូលកន្លែងធ្វើការរបស់អ្នកស្ពាយឧបករណ៍វាយកូនហ្គោល ហើយពាក់ឯកសណ្ឋានពណ៌ស។ នៅក្នុងការបំពេញតួនាទី គាត់មិនបានគិតអំពីខ្លួនឯងទេ។ គាត់នៅតែមានឈ្មោះ ម៉ាទីនេស ប៉ុន្តែ មានឈ្មោះផ្សេងនៅលើខ្នងរបស់គាត់ដែលមានន័យថា គាត់បានមានវត្តមាននៅទីនោះ ដើម្បីបម្រើនរណាម្នាក់ ទោះគាត់មានអំណោយទាន និងសមត្ថភាពយ៉ាងណាក៏ដោយ។
នៅពេលយប់មុនពេលព្រះយេស៊ូវសុគត ព្រះអង្គបានលាងជើងឲ្យពួកសាវ័ក ជាទិដ្ឋភាពដែលគួរឲ្យចងចាំបំផុតក្នុងព្រះជន្មគង់នៅលើផែនដី។ មូលហេតុមួយដែលព្រះអង្គបានធ្វើដូចនេះ គឺដើម្បីធ្វើជាគំរូនៃការបម្រើដោយបន្ទាបខ្លួន ព្រោះការងារលាងជើងគឺជាការងាររបស់ពួកទាសករ មិនមែនការងាររបស់ស្តេចទេ។ យើងសុទ្ធតែអាចរៀនសូត្រពីការដើរតាមគំរូរបស់ព្រះអង្គត្រង់ចំណុចដែលថា ព្រះអាទិករបានលាងជើងឲ្យស្នាព្រះហស្តរបស់ព្រះអង្គ ដោយព្រះអង្គបានបម្រើទាំងពួកសាវ័កដែលមានការប៉ះទង្គិចគ្នា និងបម្រើសាវ័កដែលក្បត់ព្រះអង្គផងដែរ។ ការធ្វើដូចនេះ គឺលើសពីការស្វាគមន៍ ដែលបានបង្ហាញចេញមកក្នុងពិធីលាងជើងនេះ។
ព្រះយេស៊ូវបានធ្វើជាគំរូឲ្យយើងដើរតាម (ព្រោះព្រះអង្គបានប្រើពាក្យ «គួរតែឲ្យអ្នករាល់គ្នា») ហើយមិនគ្រាន់តែជាគំរូប៉ុណ្ណោះទេ។ បើយើងរាល់គ្នាគ្រាន់តែផ្ដោតទៅលើការត្រាស់ហៅឲ្យត្រាប់តាមការបន្ទាបព្រះកាយរបស់ព្រះយេស៊ូវក្នុងរឿងនេះ នោះយើងនឹងវង្វេងនៅក្នុងការប្រព្រឹត្តតាម ហើយខកខានមិនបានយល់អំពីបំណងព្រះទ័យពេញលេញ និងរុងរឿងរបស់ព្រះគ្រីស្ទ។ ខណៈពេលដែលព្រះអង្គលាងជើងឲ្យពួកសាវ័ក ព្រះអង្គជ្រាបថា ពេលអនាគតដ៏ខ្លីខាងមុខនឹងមានរឿងអ្វីខ្លះកើតឡើង។ ព្រះអង្គជ្រាបច្បាស់ អំពីពេលរងទុក្ខខ្លាំងបំផុត ជាការសុគតនៅលើឈើឆ្កាងដែលត្រូវមកដល់។
សកម្មភាពរបស់ព្រះអង្គនៅពេលនោះបានបង្ហាញថា ពេលអនាគតតែងតែស្ថិតក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតា។ ការលាងជើងពួកសាវ័ក គឺជានិមិត្តសញ្ញានៃការលាងសម្អាតវិញ្ញាណរបស់ពួកគេ នៅពេលអនាគតជាការលាងសម្អាតមិនមែនដោយទឹកក្នុងចានក្លាំ តែដោយព្រះលោហិតនៅលើឈើឆ្កាងវិញ។ ព្រះរាជបុត្រាបានបន្ទាបព្រះកាយ ដើម្បីផ្តល់ឲ្យយើងនូវការលាងសម្អាតស្នាមប្រឡាក់នៃបាបរបស់យើង ហើយយើងត្រូវតែយកគំរូតាមដោយការបន្ទាបខ្លួនដែរ ដោយទទួលស្គាល់ថា យើងត្រូវការការលាងសម្អាត ហើយទូលសូមឲ្យព្រះអង្គលាងសម្អាតយើង។
ទាល់តែយើងបានឲ្យតម្លៃ ការបម្រើរបស់ព្រះអង្គសង្គ្រោះ ទើបយើងអាចបម្រើអ្នកដទៃដូចព្រះអង្គ។ សាវ័ក ពេត្រុស មានការភាន់ច្រឡំ ចំពោះអ្វីដែលព្រះអង្គកំពុងធ្វើ (យ៉ូហាន ១៣:៦-៨) តែក្រោយមក គាត់ក៏បានយល់ព្រះបន្ទូលព្រះអង្គ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានលើកទឹកចិត្តបងប្អូនរួមជំនឿថា «ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានតម្កើងអ្នករាល់គ្នាឡើងនៅវេលាកំណត់» (១ពេត្រុស ៥:៦)។ គាត់ដឹងថា គំរូរបស់ព្រះគ្រីស្ទមិនគ្រាន់តែកែតម្រង់អាកប្បកិរិយារបស់យើងប៉ុណ្ណោះទេ តែក៏ដើម្បីបន្ទាបយើងចុះ ហើយធានាយើងអំពីការអត់ទោសបាបរបស់យើង។
តើព្រះអម្ចាស់បានត្រាស់ហៅអ្នកឲ្យលាងជើងឲ្យអ្នកដទៃយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចលះបង់ពេលវេលា ឬភាពសុខស្រួល ដើម្បីបម្រើមនុស្សជុំវិញអ្នក ដោយសេចក្តីស្រឡាញ់ដែលមានការបន្ទាបខ្លួនដូចម្តេចខ្លះ? ហើយដែលសំខាន់បំផុតនោះ តើអ្នកអាចបម្រើអ្នកដទៃ តាមរបៀបដែលចង្អុលបង្ហាញពួកគេទៅរកការបម្រើដែលធំជាងនោះទៀត ដែលទទួលបានពីការលាងសម្អាតដោយព្រះលោហិតរបស់ព្រះគ្រីស្ទដែលបានបង្ហូរនៅលើឈើឆ្កាងដែរឬទេ?
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៣:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៧-៨ និងយ៉ូហាន ៣:១៦-៣៦