នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សម្តេច​សង្ឃ​ដែល​យើង​ត្រូវ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សម្តេច​សង្ឃ​ដែល​យើង​ត្រូវ​ការ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 10, 2025

«ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ១អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន​សួគ៌ គឺ​ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ...ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ» (ហេព្រើរ ៤:១៤-១៦)។
ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​និយាយ​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត អំពី​ទម្ងន់​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ស​ម្តេច​សង្ឃ​របស់​ប្រជាជន​អ៊‌ីស្រាអែល (ឧទាហរណ៍ និក្ខមនំ២៩ និង លេវីវិន័យ១៦)។ ការងារ​ជា​ស​ម្តេច​សង្ឃ​មាន​ការ​ទទួល​ខុស​ត្រូវ​ធំ​ណាស់។ មាន​តែ​គាត់​ទេ​ដែល​អាច​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​បាន ជា​បន្ទប់​ខាង​ក្នុង​ព្រះ​វិហារ​របស់​សាសន៍​យូដា។ មាន​តែ​គាត់​ទេ ដែល​អាច​ថ្វាយ​យញ្ញ​បូជា ដើម្បី​លោះ​បាប «ដែល​ពួក​បណ្តាជន​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ចេតនា» (ហេព្រើរ ៩:៧)។ ទោះ​គាត់​ជា​មនុស្ស​មាន​បាប គាត់​បាន​បម្រើ​ការ​ជា​អ្នក​ទូល​អង្វរ ឲ្យ​សហគមន៍​របស់​គាត់​នៅ​ចំពោះ​ព្រះ។ 
ប៉ុន្តែ គឺ​ដូច​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្ហាញ​យើង​ថា មាន​សម្តេច​សង្ឃ​ដ៏​ធំ​ឧត្តម​គឺ​ព្រះ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ធ្វើ​អ្វី​ដែល​សង្ឃ​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន ហើយ​ក៏​បាន​ទទួល​បន្ទុក​ធ្ងន់​បំផុត​នៃ​ការ​ទទួល​ខុស​ត្រូវ ដែល​គ្មាន​មនុស្ស​ណា​អាច​ទទួល​បាន។ ព្រះ​យេស៊ូវ​មិន​បាន​យាង​កាត់​តាម​វាំងនន​ចូល​កន្លែង​បរិសុទ្ធ​បំផុត ក្នុង​ព្រះ​វិហារ​ទីក្រុង​យេរូសាឡឹម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ព្រះ​អង្គ​បាន​យាង​កាត់​នគរ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​ទ្រង់​ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះ​វរបិតា​ជំនួស​យើង។ ព្រះ​អង្គ​មិន​ចាំ​បាច់​ត្រូវ​ពោល​ទំនួញ​អំពី​អវត្តមាន​នៃ​ព្រះ​កាយ​របស់​ព្រះ​អង្គ​នៅ​លើ​ផែនដី​នោះ មិន​គ្រាន់​តែ​ដោយ​សារ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ទេ តែ​ក៏​ដោយ​សារ​អវត្តមាន​នៃ​ព្រះ​កាយ​របស់​ព្រះ​អង្គ គឺ​មាន​ន័យ​ថា​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ព្រះ​វរបិតា​ដោយ​ផ្ទាល់​ជំនួស​យើង (ហេព្រើរ ៧:២៥)។ 
ហេតុ​នេះ​ហើយ ក្នុង​គ្រា​សញ្ញា​ថ្មី ការងារ​បម្រើ​ព្រះ​មិនមែន​សម្រាប់​ពួក​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ​ដង្វាយ​លោះ​បាប​ទៀត​ទេ។ អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ហើយ​ប្រទាន​ឯកសិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដឹក​នាំ និង​បង្រៀន​រាស្ត្រ​របស់​ព្រះ មិន​ចាំ​បាច់​ត្រូវ​ទូល​អង្វរ​ជំនួស​រាស្ត្រ​របស់​ព្រះ ដូច​ពួក​សង្ឃ​នៅ​គ្រា​សញ្ញា​ចាស់​នោះ​ឡើយ។ ព្រោះ​ស​ម្តេច​សង្ឃ​ដ៏​ធំ​ឧត្តម​នៃ​យើង បាន​ថ្វាយ​ដង្វាយ​លោះ​បាប​មួយ​ដង​ជា​សម្រេច ដូច​នេះ​យើង​មិន​ត្រូវ​ការ​ថ្វាយ​ដង្វាយ​លោះ​បាប​ផ្សេង​ទៀត​ទេ។ ជា​ការ​ពិត​ណាស់ ដោយ​សារ​ព្រះ​អង្គ​បាន​បំពេញ​នាទី​ជា​ស​ម្តេច​សង្ឃ​ហើយ នោះ​យើង​មិន​ត្រូវ​ការ​អ្នក​ថ្វាយ​ដង្វាយ​លោះ​បាប​ម្នាក់​ទៀត​ឡើយ ទោះ​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី​ក្តី។ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​សុគត​ជំនួស​យើង និង​ទូល​អង្វរ​ជំនួស​យើង​បាន ហើយ​មាន​តែ​ព្រះ​អង្គ​ទេ ដែល​បាន​សម្រេច​កិច្ច​ការ​លោះ​បាប។
ភាព​​ប្រសើរ​ឧត្តម​នៃ​ការងារ​ជា​ស​ម្តេច​សង្ឃ​របស់​ព្រះ​គ្រីស្ទ គឺ​ផ្អែក​ទៅ​លើ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់ ដើម្បី​លោះ​បាប​យើង​មួយ​ដង​ជា​សម្រេច។ យើង​មិន​ត្រូវ​ការ​អ្វី​ក្រៅ​ពី​ទទួល​ស្គាល់​ថា «ទ្រង់​មាន​ការងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពីព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ» (ហេព្រើរ ៧:២៤)។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​សង្គ្រោះ​អស់​អ្នក ដែល​ចូល​មក​រក​ព្រះ ផ្អែក​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ។ ព្រះ​អង្គ​តែង​តែ​គង់​នៅ ដើម្បី​ទូល​អង្វរ​ឲ្យ​រាស្ត្រ​ព្រះ​អង្គ។ ព្រះ​អង្គ​កំពុង​ទូល​អង្វរ​ឲ្យ​អ្នក​នៅ​ពេល​នេះ។ ដូច​នេះ ពេល​ណា​អ្នក​អធិស្ឋាន អ្នក​អាច​ទុក​ចិត្ត​ថា ពាក្យ​អធិស្ឋាន​របស់​អ្នក​បានឮ​ដល់​បល្ល័ង្ក​ព្រះ ហើយ​វិញ្ញាណ​របស់​អ្នក​នឹង​បាន​ទៅ​ដល់​កន្លែង​នោះ នៅ​ពេល​អ្នក​លាចាក​លោក។ ថ្ងៃ​នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ជំនឿ​លើស​ម្តេច​សង្ឃ​ដ៏​ធំ​ប្រសើរ ដែល​បាន​ធ្វើ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ៧:២៣-២៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ពួក​ចៅហ្វាយ ៩-១០ និង​យ៉ូហាន ៤:១-៣០

ប្រភេទ