
ពោលទំនួញទៅកាន់ព្រះអម្ចាស់
ដោយAmy Boucher Pye
September 11, 2025
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សុភាសិត ១០-១២ និង ២កូរិនថូស ៤
បរិទេវ ១:២០-២២
ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន។ បរិទេវ ១:២០
មានពេលមួយ ខ្ញុំបានទៅមើលការតាំងបង្ហាញសំណង់រំឭក និងសារមន្ទីរនៃព្រឹត្តិការណ៍៩វិច្ឆិកា ក្នុងទីក្រុងញូយ៉ក ដោយចិត្តចង់ដឹងចង់យល់បន្ថែមទៀត ប៉ុន្តែ ខ្ញុំក៏បានព្យាយាមទប់អារម្មណ៍ផងដែរ។ អ្នកនាំផ្លូវយើងក៏បានផ្លាស់ប្តូររបៀបដែលគាត់ពិពណ៌នា នៅពេលដែលយើងដើរចូលខាងក្នុងកន្លែងតាំងបង្ហាញ ដែលអ្នកអភិរក្សកន្លែងនោះបានដាក់បំរាម មិនឲ្យក្មេងៗចូលមើល ក៏ដូចជាដាក់បំរាមដល់អ្នកដែលមិនចង់មើលរូបភាពដែលធ្វើឲ្យរន្ធត់ចិត្ត។ នៅពេលដែលខ្ញុំបានស្តាប់រឿងមួយហើយមួយទៀត ដែលបង្កប់ទៅដោយការឈឺចាប់ និងការបាត់បង់ ដួងចិត្តរបស់ខ្ញុំកើតមានសេចក្តីទំនួញឥតឈប់ឈរ។
នៅពេលណាយើងបានឃើញ ឬនឹកចាំ អំពីការបំផ្លិចបំផ្លាញ និងការឈឺចាប់ យើងអាចចូលរួមជាមួយអ្នកដែលកំពុងទូលថ្វាយអំពីទុក្ខលំបាករបស់ខ្លួនដល់ព្រះ។ ការនេះក៏រាប់បញ្ចូលពាក្យទំនួញដ៏ឈឺចាប់ ដែលមានចែងក្នុងបទគម្ពីរបរិទេវ ដែលហោរាយេរេមាបាននិពន្ធ បន្ទាប់ពីទីក្រុងយេរូសាឡិមបានទទួលរងការបំផ្លិចបំផ្លាញ។ នៅក្នុងបទកំណាព្យដ៏សោកសៅនេះ គាត់បានបង្ហាញការសោកសង្រេង និងការឈឺចាប់ ចំពោះទុក្ខវេទនានៃរាស្ត្ររបស់ព្រះយ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន”(បរិទេវ ១:២០)។ តែគាត់ទទួលស្គាល់ថាព្រះអង្គគឺជាអ្នកជំនុំជម្រះ ដោយដឹងថា មានតែព្រះអង្គទេ ដែលអាចដោះស្រាយបញ្ហានៃអំពើបាប និងសេចក្តីហិនវិនាសនោះបាន បានជាគាត់ទូលព្រះអង្គថា “សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់”(ខ.២២)។
ការស្រែករកព្រះ ដោយចិត្តស្មោះត្រង់ដូចនេះ អាចជួយយើងឲ្យប្រឈមមុខដាក់សោកនាដកម្មដ៏ឈឺចាប់ គឺដូចរឿងដែលបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬរឿងសោកសៅដទៃទៀត ក្នុងពេលបច្ចុប្បន្ន។ ចូរយើងមើលទៅព្រះអង្គ ដើម្បីទទួលបានជំនួយ ក្តីសង្ឃឹម ការកម្សាន្តចិត្ត និងយុត្តិធម៌។—AMY BOUCHER PYE
នៅពេលដែលអ្នកឃើញការអាក្រក់កំពុងកើតឡើង តើធ្វើដូចម្តេចឲ្យអ្នកនៅតែមានចិត្តអាណិតអ្នកដទៃ
នៅចំពោះព្រះ? តើព្រះអង្គអាចដឹកនាំអ្នក ឲ្យអធិស្ឋានឲ្យអ្នកដែលកំពុងឈឺចាប់នៅថ្ងៃនេះ យ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីពិត និងសេចក្តីស្រឡាញ់ ទូលបង្គំដឹងថា ព្រះទ័យរបស់ព្រះអង្គឈឺចាប់ ចំពោះទុក្ខវេទនាក្នុងលោកិយ។
សូមព្រះអង្គបានគ្របបាំងទូលបង្គំ ដោយព្រះគុណ និងសេចក្តីមេត្តា ហើយប្រោសរបួសទូលបង្គំឲ្យជា។