នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សន្សំ​ទ្រព្យ​អស់​កល្ប​ជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សន្សំ​ទ្រព្យ​អស់​កល្ប​ជានិច្ច (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 16, 2025

«មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផល​ដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ។ ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ​ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ាប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ» (ភីលីព ៤:១៧-១៨)។
ក្នុង​សំបុត្រ​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព គាត់​បាន​ថ្លែង​អំណរ​គុណ​ពួក​គេ​សម្រាប់​ការ​ឧបត្ថម្ភ ដោយ​គាត់​បាន​​រៀបរាប់​ដូច​រឿង​ប្រលោមលោក​ក្នុង​ន័យ​ថា សេចក្តី​សប្បុរស​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​រីករាយ មិន​មែន​ដោយ​សារ​អំណោយ​របស់​ពួក​គេ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គាត់​នោះ​ទេ តែ​ដោយ​សារ​អំណោយ​ពួក​គេ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួក​គេ។ គាត់​ថា អំណោយ​ឧបត្ថម្ភ​របស់​ពួក​គេ​នឹង​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ច្រើន​ជាង​មាន​ប្រយោជន៍​ចំពោះ​គាត់​ដែល​ជា​អ្នក​ទទួល​អំណោយ។ 
ចិត្ត​រំភើប​រីករាយ​របស់​សាវ័ក ប៉ុល ចំពោះ​សេចក្តី​សប្បុរស​របស់​ពួក​គេ គឺ​បាន​បង្ហូរ​ចេញពី​ការ​ធានា​ថា ពួក​គេ​នឹង​បាន​ទទួល​ប្រយោជន៍​ពី​អំណោយ​នោះ​អស់​កល្ប​ជានិច្ច។ ទំនុក​ចិត្ត​របស់​គាត់ គឺ​ផ្អែក​ទៅ​លើ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ។ ឧទាហរណ៍៖ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា សាវ័ក ពេត្រុស បាន​ទូល​ព្រះ​យេស៊ូវ​ថា «មើល យើង​ខ្ញុំ​បាន​លះចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ» (លូកា១៨:២៨)។ យើង​មិន​ដឹង​ថា មាន​កត្តា​អ្វី​ដែល​បណ្តាល​ចិត្ត​សាវ័ក ពេត្រុស ឲ្យ​និយាយ​ដូច​នេះ​ទេ ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នកណា ដែល​លះចោល​ផ្ទះ​សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ ឥត​បាន​ចំរើន​កាន់តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរលោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ថែម​ទៀត​ផង» (ខ.២៩-៣០)។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល​ថា សាវ័ក ពេត្រុស និង​សាវ័ក​ដទៃ​ទៀត មិន​បាន​ខាត​បង់​អ្វី​ឡើយ តែ​កំពុង​តែ​សន្សំ​ទ្រព្យ​នៅ​នគរ​ស្ថាន​សួគ៌​វិញ។ 
ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ពេល​បច្ចុប្បន្ន និង​ពេល​អស់​កល្ប​ជានិច្ច​ដែល​នៅ​ជិត​បង្កើយ។ យើង​ងាយ​នឹង​រស់​នៅ​តាម​របៀប​ធ្វើ​មើល​តែ​​ពេល​អស់​កល្ប​ជានិច្ច​មិន​មាន​ឥទ្ធិពល​មក​លើ​របៀប​ដែល​យើង​ដាក់​ដង្វាយ គិត និង​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ការ​ពិត​ដែល​ថា ភាព​អស់​កល្ប​ជានិច្ច​នៅ​ជិត​បង្កើយ​សម្រាប់​មនុស្ស​ម្នាក់ៗ ហើយ​បើ​ធៀប​នឹង​ជីវិត​ដែល​រួញ​ខ្លី ជីវិត​អស់​កល្ប​មាន​រយៈ​ពេល​វែង​ជាង​ឆ្ងាយ​ណាស់។ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ថ្វាយ​ដង្វាយ ហើយ​ទុក​ចិត្ត​ថា យើង​នឹង​ទទួល​រង្វាន់​ជា​បរិបូរ​ក្នុង​ជីវិត​អស់​កល្ប។
សមត្ថភាព​របស់​យើង ក្នុង​ការ​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​គិត​ដល់​ភាព​អស់កល្ប​ជានិច្ច គឺ​បាន​ចាក់​ឫស នៅ​ក្នុង​សេចក្តី​សប្បុរស​របស់​ព្រះ​ដែល​ជា​ម្ចាស់​អំណោយ​ខ្ពង់ខ្ពស់​បំផុត។ កំហុស​ធំ​បំផុត​នៅ​ក្នុង​ការ​ថ្វាយ ប្រហែល​ជា​ការ​មិន​ថ្វាយ​ទាល់​តែ​សោះ។ យើង​ប្រហែល​ជា​ចង់​គិត​ថា យើង​មិន​មាន​លទ្ធភាព​ថ្វាយ ប៉ុន្តែ​តាម​ពិត យើង​មិន​អាច​មិន​ថ្វាយ​បាន​ទេ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ដល់​យើង​ថា «ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក​តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ» (លូកា ៦:៣៨)។ 
ដូច​នេះ ចូរ​ពិចារណា​អំពី​ការ​បណ្ដាក់​ទុន​របស់​អ្នក មិន​មែន​នៅ​ក្នុង​គម្រោង​ចូល​និវត្តន៍ ឬ​ក្នុង​ទី​ផ្សារ​ហ៊ុន​នោះ​ទេ តែ​នៅ​ក្នុង​ការ​ថ្វាយ ដែល​បង្កើន​ទ្រព្យ​របស់​អ្នក​ក្នុង​នគរ​ព្រះ​អស់​កល្ប​ជានិច្ច។ ការ​ដាក់​ដង្វាយ​សម្រាប់​ការងារ​ផ្សាយ​ដំណឹង​ល្អ នឹង​នាំ​មក​នូវ​រង្វាន់​អស់​កល្ប​ជានិច្ច។ ចូរ​ឲ្យ​ការ​យល់​ដឹង​អំពី​ជីវិត​អស់​កល្ប បាន​ធ្វើ​ជា​កត្តា​កំណត់​របៀប​ដែល​អ្នក​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​របស់​អ្នក ក្នុង​ពេល​សព្វ​ថ្ងៃ ហើយ​អ្នក​នឹង​​អាច​ថ្វាយ​ដង្វាយ​ដោយ​ចិត្ត​សប្បុរស និង​ដោយ​អំណរ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៨:១-១៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ បរិទេវ ៣-៥ និង​យ៉ូហាន ៦:៥២-៧១

ប្រភេទ