នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

រស់ជាតិផ្អែមនៃព្រះបន្ទូល

រស់ជាតិផ្អែមនៃព្រះបន្ទូល

ដោយBren thackett

September 20, 2025

ទំនុកដំកើង ១៩:៧-១៤
ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ។ ទំនុកដំកើង ១៩:៧
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៩ អត្ថបទសម្រាប់ចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ បានលេចឡើង នៅក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលបាននិពន្ធដោយលោកបណ្ឌិត អ៊ែម អរ ឌីហាន(M. R. DEHAAN)។ កាលនោះ គាត់បានសរសេរ អំពីពេលដែលគាត់ឃ្លានអាហារសម្រន់ ដែលជាពោតផ្ទុះម៉ាក CRACKER JACK មួយប្រអប់។ បំណងរបស់គាត់ គឺដើម្បីប្រៀបធៀបការស្រេកឃ្លាននោះ ទៅនឹងការស្រេកឃ្លានព្រះបន្ទូលព្រះក្នុងព្រះគម្ពីរប៊ីប។ តែពីរបីសប្តាហ៍ក្រោយមក គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពោតផ្ទុះម៉ាក CRACKER JACK មួយប្រអប់ហើយ មួយប្រអប់ទៀត បានចាប់ផ្តើមមកដល់ការិយាល័យគាត់។ បំណងចិត្តរបស់គាត់ដែលចង់បានពោតផ្ទុះ បានសម្រេច តាមរយៈប្រិយមិត្តអ្នកអានសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ ដែលគាត់បាននិពន្ធ។
យើងពិតជាងាយនឹងរអិលចេញពីការចំណាយពេលជាមួយព្រះបន្ទូលព្រះជាទៀងទាត់ បើសិនជាយើងមិនប្រយ័ត្នទេនោះ។ ហេតុនេះហើយ យើងចាំបាច់ត្រូវស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ដែល “ផ្អែមជាងទឹកឃ្មុំ”(ទំនុកដំកើង ១៩:១០)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង បានលើកទឹកចិត្តយើងឲ្យដឹងថា ព្រះបន្ទូលព្រះ “គ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ” គឺជា “សេចក្តីពិត” ដែលពេញដោយប្រាជ្ញា(ខ.៧)។ ទ្រង់ពន្យល់ថា “សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្ដាលឲ្យចិត្តរីករាយសប្បាយ”(ខ.៨)។ 
លោកបណ្ឌិត ឌីហាន បានលើកទឹកចិត្តអ្នកអានសៀវភៅរបស់គាត់ ឲ្យមានការប្រកបជាមួយព្រះបន្ទូល ជាទម្លាប់ ជាអ្វីដែលពួកគេស្រេកឃ្លានជារៀងរាល់ថ្ងៃ ដូចការឃ្លានអាហារដ៏ឈ្ងុយឆ្ងាញ់។ យើងក៏ចាំបាច់ត្រូវបង្កើតទម្លាប់ជញ្ជឹងគិតព្រះបន្ទូល និងឆ្លុះបញ្ចាំងខ្លួនយើង ហើយឆ្លើយតបចំពោះសេចក្តីពិតនៃព្រះគម្ពីរ ជាទៀងទាត់។ ដោយមានជំនួយពីព្រះ ចូរយើងយកគំរូតាមស្តេចដាវីឌ ដែលបានមានបន្ទូលថា “សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់”(ខ.១៤)។—BRENT HACKETT

តើព្រះគម្ពីរប៊ីបមានរស់ជាតិផ្អែមយ៉ាងណា ចំពោះអ្នក? តើអ្នកអាចចែកចាយ
ជាមួយអ្នកដទៃដូចម្តេចខ្លះ ឲ្យគេដឹងថា ព្រះគម្ពីរប៊ីបមានតម្លៃលើសមាសប្រាក់?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានខគម្ពីរមក 
ដ្បិតខគម្ពីរទាំងនោះចង្អុលបង្ហាញទូលបង្គំឲ្យងាកទៅរកព្រះយេស៊ូវ។ 
សូមព្រះអង្គជួយទូលបង្គំ ឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះអង្គ 
ជារៀងរាល់ថ្ងៃ ដើម្បីឲ្យទូលបង្គំបាននឹកចាំសេចក្តីពិតរបស់ព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាស្តា ៤-៦ និង ២កូរិនថូស ១២

ល្ងាច

ទទួល​ស្គាល់​ថា​យើង​ក្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទទួល​ស្គាល់​ថា​យើង​ក្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 20, 2025

«ទ្រង់​ងើប​ព្រះ​នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​ព្រះ​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា» (លូកា ៦:២០)។
ព្រះ​យេស៊ូវ​លើក​តម្កើង​អ្វី​ដែល​លោកីយ៍​ស្អប់ ហើយ​បដិសេធ​អ្វី​ដែល​លោកីយ៍​ស្ងើច​សរសើរ។ 
យើង​ពិត​ជា​ពិបាក​យ៉ាង​ខ្លាំង ក្នុង​ការ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​អំពី​ព្រះពរ ក្នុង​បទ​គម្ពីរ​នេះ ជា​ពិសេស​នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​អំពី​ទ្រព្យ​សម្បត្តិ។ យើង​កំពុង​រស់នៅ​ក្នុង​លោកីយ៍ ដែល​បាន​ជំរុញ​យើង​ឲ្យ​ស្វែងរក​ភាព​ជោគជ័យ​សម្រាប់​ខ្លួន​ឯង ជា​ពិសេស ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​ទ្រព្យ​សម្បត្តិ។ ភាព​សុខ​ស្រួល​គឺ​ជា​ស្តេច នៅ​ក្នុង​វប្ប​ធម៌​ដែល​យក​អតិថិ​ជន​ជា​ធំ ហើយ​វប្បធម៌​នេះ​គឺ​ជា​ទឹក ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ហែល។ ដូច​នេះ យើង​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ចាប់​ផ្តើម​ការ​អធិប្បាយ​ព្រះ​បន្ទូល ដោយ​មាន​បន្ទូល​ថា «មាន​ព​រហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ»។ ហេតុ​អ្វី​ព្រះ​អង្គ​មាន​បន្ទូល​ដូច​នេះ? តើ​ព្រះអង្គ​កំពុង​មានន័យថា ភាព​ក្រី​ក្រ​ខាង​សាច់ឈាម គឺ​ជា​គន្លឹះ​ចូល​ទៅ​រក​សេចក្តី​សង្គ្រោះ​ឬ? ទេ មិនមែន​ទេ! ផ្ទុយ​ទៅវិញ ព្រះអង្គ​កំពុង​ពន្យល់​ថា អ្នក​ដែល​ពិត​ជា​បាន​ទទួល​ស្គាល់​ភាព​ក្រី​ក្រ​ខាង​វិញ្ញាណ​របស់​ខ្លួន នឹង​បាន​ចូល​នគរ​ព្រះ។ 
មាន​អ្នក​ខ្លះ​ពិត​ជា​បាន​អះ​អាង​ថា ព្រះយេស៊ូវ​កំពុង​បង្រៀន​ថា បើ​អ្នក​ក្រ នោះ​អ្នក​គួរ​តែ​អរ​សប្បាយ ព្រោះ​អ្នក​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​នគរ​ព្រះ ដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ ភាព​ក្រី​ក្រ​ដូច​នេះ មិន​មែន​ជា​គន្លឹះ ដើម្បី​ចូល​នគរ​ព្រះ​នោះ​ទេ ហើយ​ព្រះ​ក៏​មិន​បាន​បិទ​ទ្វារ​មិន​ឲ្យ​នរណា​ម្នាក់​ចូល​នគរ​ព្រះ ដោយ​សារ​ពួកគេ​មាន​ទ្រព្យ​ច្រើន​នោះ​ដែរ។ ជា​ការ​ពិត​ណាស់ ព្រះ​អង្គ​បាន​ស្វាគមន៍​ទាំង​អ្នក​មាន និង​អ្នកក្រ ចូល​នគរ​របស់​ព្រះ​អង្គ ពេល​ដែល​ពួក​គេ​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ការ​អត់​ទោស​បាប និង​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ។ ពុំ​នោះ​ទេ ស្ត្រី​ឈ្មោះ លីឌា ជា​អ្នក​ជំនួញ​ដ៏​ស្តុកស្តម្ភ​នៅ​ក្រុង​ភីលីព មុខ​ជា​មិន​បាន​បើក​ចិត្ត​ទទួល​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ឡើយ (កិច្ចការ ១៦:១១-១៥)។ ទេ! ដើម្បី​ចូល​នគរ​ព្រះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ភាព​ក្រី​ក្រ​ខាង​វិញ្ញាណ គឺ​ជា​ការ​ដាច់​ចេញពី​ព្រះយេស៊ូវ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ថា ភាព​ក្រីក្រ​ផ្នែក​ហិរញ្ញ​វត្ថុ​អាច​ជា​ផ្លូវ​នាំ​ទៅ​រក​ព្រះ​ពរ​ខាង​វិញ្ញាណ។ ភាព​ក្រី​ក្រ​ប្រភេទ​នេះ ច្រើន​តែ​នាំ​បុរស​ស្ត្រី​ទាំងឡាយ​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ មិន​គ្រាន់​តែ​ដើម្បី​បំពេញ​តម្រូវ​ការ​ខាង​សាច់ឈាម តែ​ក៏​ដើម្បី​ទទួល​ព្រះពរ​ខាង​វិញ្ញាណ​ផង​ដែរ។ 
ហេតុ​នេះ​ហើយ ភាព​ក្រី​ក្រ​ច្រើន​តែ​នាំ​ឲ្យ​មនុស្ស​មាន​ការ​ឆ្លើយ​តប​កាន់​តែ​ខ្លាំង​ចំពោះ​ដំណឹង​ល្អ បាន​ច្រើន​ជាង​ភាព​មាន​បាន។ ការ​អរ​សប្បាយ​នឹង​ភាព​មាន​បាន​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ខ្វាក់ មើល​មិន​ឃើញ​តម្រូវ​ការ​ជ្រាល​ជ្រៅ​បំផុត​របស់​យើង ដែល​ត្រូវ​ការ​ផ្លូវ​ចូល​នគរ​ព្រះ។ ទ្រព្យ​សម្បត្តិ​ច្រើនតែ​ធ្វើ​ជា​ដី​ដែល​ជួយ​ឲ្យ​អំនួត​ដុះ​ឡើង មាន​ផ្ការីក​ស្គុះ​ស្គាយ​ធ្វើ​ឲ្យ​ចិត្ត​យើង​ភ្លេច​ថា យើង «នឹង​បាត់​ទៅ​ដូចជា​ផ្កា​ស្មៅ» (យ៉ាកុប ១:១០)។
គឺ​ដូច​ដែល​លោក ចន កាន់វីន (John Calvin) បាន​ពន្យល់​ថា «អ្នក​ក្រ​ខាង​វិញ្ញាណ គឺ​ជា​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន​មិន​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​បាន ហើយ​ពឹង​ផ្អែក​លើ​សេចក្តី​មេត្តា​របស់​ព្រះ»។1 ភាព​ក្រី​ក្រ​នាំមក​នូវ​ទុក្ខ​លំបាក ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ទ្រព្យ​សម្បត្តិ​ក៏​នាំ​មក​នូវ​សេចក្តី​ទុក្ខ​ផង​ដែរ ព្រោះ​វា​ល្បួង​យើង​ឲ្យ​មាន​អំនួត ពឹង​ផ្អែក​លើ​ខ្លួន​ឯង និង​មាន​ការ​ធ្វេស​ប្រហែស​ខាង​វិញ្ញាណ? ដូច​នេះ តើ​យើង​ព្រម​ទទួល​ស្គាល់​ភាព​ក្រី​ក្រ​ខាង​វិញ្ញាណ​របស់​យើង​ទេ? ឬ​យើង​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ពេក​លើ​ភាព​មាន​បាន​នៅ​លើ​ផែនដី? ដើម្បី​ដឹង​ចម្លើយ​ពិត​ប្រាកដ សម្រាប់​សំណួរ​ទាំង​នេះ តើ​ចិត្ត​របស់​អ្នក​អាច​អធិស្ឋាន​តាម​លំនាំ​របស់​លោក អេគើរ ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ថា «សូម​កុំ​ឲ្យ​ទូល​បង្គំ​មាន​សេចក្តី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល​បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ» (សុភាសិត ៣០:៨)។


ខគម្ពីរ​សញ្ជឹង​គិត៖ លូកា ៦:២០-៣៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ១-២ និង​យ៉ូហាន ៨:៣០-៥៩

ប្រភេទ