នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មើលព្រះអង្គមិនស្គាល់

មើលព្រះអង្គមិនស្គាល់

ដោយSheridan Voysey

September 22, 2025

យ៉ូហាន ១៤:៨-១៤
ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម្ល៉េះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ? យ៉ូហាន ១៤:៩ 
លោករីឆាត គ្រីហ្វហ្វ៊ីន(RICHARD GRIFFIN) គឺជាមន្ត្រីប៉ូលិសផ្ទាល់ខ្លួន របស់ក្សត្រីអេលីហ្សាប៊ែតទី២ អស់រយៈពេល១៤ឆ្នាំ។ ថ្ងៃមួយ ក្នុងការរួមដំណើរព្រះនាង ទៅកម្សាន្តនៅលើតំបន់កូនភ្នំ នៅក្បែរប្រាសាទបាលម៉ូរ៉ល ពួកគេក៏បានជួបទេសចរណ៍អាមេរិក២នាក់។ ពួកគេក៏បានសួរទេសចរណ៍ទាំងនោះថា “តើអ្នកទាំងពីរធ្លាប់ជួបក្សត្រីអេលីហ្សាប៊ែតទី២ទេ?” ពេលនោះពួកគេមើលមិនស្គាល់ក្សត្រីអេលីហ្សាប៊ែត ដែលមានសំលៀកបំពាក់ជារាស្រ្តសាមញ្ញនោះទេ។ ពួកគេក៏បានឆ្លើយថា “ខ្ញុំមិនដែលបានជួបទេ” ព្រះនាងក៏បានប្រាប់ពួកគេថា “ប៉ុន្តែ លោករីឆាត បានជួបព្រះនាងជាទៀងទាត់!” ពួកគេមានអារម្មណ៍រំភើបពេលដែលបានដឹងថា លោករីឆាតមានទំនាក់ទំនងជិតស្និទ្ធជាមួយក្សត្រីអេលីហ្សាប៊ែត ដូចនេះ ពួកគេក៏បានហុចកាំមីរ៉ាឲ្យទៅព្រះនាង ដើម្បីសូមឲ្យព្រះនាងថតរូបពួកគេជាមួយលោករីឆាត ដោយមិនបានថតរូបជាមួយព្រះនាងទេ។ 
នេះមិនមែនជាលើកដំបូង ដែលមនុស្សម្នាក់មើលមិនស្គាល់បុគ្គលដ៏ល្បីល្បាញម្នាក់ នៅពេលដែលបានជួបមុខផ្ទាល់។ កាលលោកយ៉ាកុបបានជួបព្រះអម្ចាស់ ក្នុងសុបិន្ដ នៅក្រុងបេតអ៊ែល គាត់ក៏បាននិយាយថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ”(លោកុប្បត្តិ ២៨:១៦)។ ហើយនៅពេលដែលសាវ័កភីលីពបានទូលសូមព្រះយេស៊ូវ ឲ្យបង្ហាញព្រះវរបិតាឲ្យគាត់បានឃើញ ព្រះយេស៊ូវក៏បានឆ្លើយថា “ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម្ល៉េះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្ដេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ”(យ៉ូហាន ១៤:៩)។ នៅថ្ងៃនោះ ពួកសាវ័កចង់ឃើញព្រះវរបិតា តែមិនបានដឹងទេថា ព្រះយេស៊ូវនិងព្រះវរបិតា គឺតែមួយទេ(១០-១១)។។
គេមិនតែងតែស្គាល់ព្រះយេស៊ូវជានរណាពិតប្រាកដនោះទេ គឺមិនខុសពីក្សត្រីអេលីហ្សាប៊ែតនៅថ្ងៃនោះឡើយ។ ព្រះអង្គលើសពី “គ្រូដែលមានប្រាជ្ញាលើសគេ” ឬ “អ្នកដឹកនាំក្រមសីលធម៌ដ៏អស្ចារ្យ” និយាយរួម ព្រះអង្គគឺជាព្រះដែលបានចាប់កំណើតជាមនុស្ស និងជាស្តេចនៃលោកិយ(១:១៤ ១៨:៣៦)។ បើសិនយើងជាពួកគេវិញ យើងក៏មានការភ្ញាក់ផ្អើលដែរ នៅពេលដែលបានជួបបុគ្គលដ៏ល្បីល្បាញហើយ តែមើលមិនស្គាល់។—SHERIDAN VOYSEY

បើអ្នកដើរកម្សាន្តបានជួបព្រះយេស៊ូវដោយផ្ទាល់ តែអ្នកនឹងនិយាយអ្វីទៅកាន់ព្រះអង្គ? 
តើអ្នកយល់ឃើញថា ព្រះអង្គជានរណា? 
ឱព្រះយេស៊ូវ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានធ្វើជាស្តេចលើអស់ទាំងស្តេច 
ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងលើសពីការយល់ដឹងរបស់ទូលបង្គំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាស្តា ១០-១២ និង កាឡាទី ១
 

ល្ងាច

ច្បាប់​នៃ​សេចក្តី​ស្រឡាញ់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ច្បាប់​នៃ​សេចក្តី​ស្រឡាញ់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 22, 2025

«ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ» (លូកា ៦:២៧)។
ពេល​អ្នក​អាន​ព្រះ​គម្ពីរ ដែល​ឃើញ​ការ​ពិពណ៌នា​អំពី​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ ហើយ​អ្នក​មើល​មក​ខ្លួន​ឯង តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​ជា​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ឬ​មិន​មែន? ខ្ញុំ​ក៏​ធ្លាប់​ឆ្ងល់​ដូច​នេះ​ដែរ។ 
ការ​ធានា​ថា យើង​ជា​គ្រីស្ទ​បរិស័ទ ឬ​ព្រះ​ស្រឡាញ់​យើង មិន​ផ្តេក​ផ្តួល​ទៅ​លើ​សមត្ថភាព​របស់​យើង ក្នុង​ការ​រស់​នៅ​តាម​គោលការណ៍​ណា​មួយ​របស់​គ្រីស្ទ​បរិស័ទ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ការ​ធានា​ទាំង​ពីរ​នេះ​ពឹង​ផ្អែក​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើស​ម្រេច​ដើម្បី​យើង នៅ​លើ​ឈើ​ឆ្កាង។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ឲ្យ​រក​មើល​ភស្តុតាង​នៃ​សេចក្តី​សង្គ្រោះ​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ។ បើ​យើង​ជា​កូន​របស់​ព្រះ​វរបិតា​មែន យើង​មាន​កាតព្វកិច្ច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ តាម​គំរូ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​មាន​ចំពោះ​យើង។ 
ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​មិន​ផ្អែក​ទៅ​លើ​ភាព​ទាក់​ទាញ គុណ​សម្បត្តិ ឬ​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួក​គេ​នោះ​ទេ។ យើង​ដឹង​ថា ព្រះ​អង្គ​បាន​ស្រឡាញ់​យើង មិន​មែន​ដោយ​សារ​យើង​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​យើង ឬ​យើង​សម​នឹង​ឲ្យ​ព្រះ​អង្គ​ចាប់​អារម្មណ៍ ឬ​ក៏​យើង​បាន​បើក​ចំហ​ចិត្ត ឬ​មួយ​មាន​ប្រយោជន៍​ចំពោះ​ព្រះអង្គ​នោះ​ទេ។ កត្តា​ទាំង​អស់​នេះ​សុទ្ធ​តែ​មិន​បាន​បណ្តាល​ឲ្យ​ព្រះ​អង្គ​ស្រឡាញ់​យើង​ទេ។ ព្រោះ «តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង» (រ៉ូម ៥:៨)។
សេចក្តី​ស្រឡាញ់​គឺ​ជា​ខ្នាត​រង្វាស់​ល្អ​បំផុត​សម្រាប់​ជំនឿ​របស់​យើង គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ជា​បរិបូរ​ពី​ព្រះ​អង្គ។ យើង​ត្រូវ​មាន​សេចក្តី​ស្រឡាញ់ អាហ្កាពេ ជា​សេចក្តី​ស្រឡាញ់​គ្មាន​លក្ខ​ខណ្ឌ និង​មាន​ការ​លះបង់ ព្រោះ​បាន​បង្ហាញ​ចារិក​លក្ខណៈ​របស់​ព្រះ និង​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​ដូច​នេះ ចំពោះ​ខ្មាំង​សត្រូវ​របស់​យើង មិន​មែន​ដោយ​សារ​យើង​មិន​ស្គាល់​គេ​ច្បាស់ តែ​ដោយ​សារ​យើង​មើល​ទៅ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ពេល​ណា​យើង​ស្គាល់​ធាតុ​ពិត​របស់​អ្នក​ដទៃ គឺ​មើល​ឃើញ​ចំណុច​អាក្រក់ និង​កាច​សាហាវ បណ្តាសា សេចក្តី​សម្អប់​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​បំណុល​ដែល​ពួកគេ​មិន​ព្រម​សង​យើង យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​នោះ រួច​ហើយ​ស្រឡាញ់​ពួកគេ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ស្រឡាញ់​សត្រូវ​របស់​យើង ទោះ​យើង​បាន​ឃើញ​ចំណុច​អាក្រក់​ទាំង​នេះ​ហើយ​ក៏​ដោយ។ តាម​លក្ខណៈ​ធម្មជាតិ​របស់​យើង យើង​មិន​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ​បានទេ។ ប៉ុន្តែ ចូរ​ពិចារណា​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​យើង​អាច​ផ្តល់​ឲ្យ​វប្បធម៌​យើង បើ​សិន​ជា​យើង​បាន​ត្រៀម​ខ្លួន ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​តាម​គំរូ​ព្រះ​គ្រីស្ទ​ក្នុង​ការ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ និង​តាម​របៀប​ខុស​ពី​ធម្មតា គឺ​សេចក្តី​ស្រឡាញ់​ដែល​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​បំផុត សម្រាប់​អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​យើង។ ការ​នេះ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៩:១០-២៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ៥-៧ និង​យ៉ូហាន ៩:២៤-៤១

ប្រភេទ