នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជួយសង្គ្រោះជីវិតជាបន្ទាន់

ជួយសង្គ្រោះជីវិតជាបន្ទាន់

ដោយMike Wittmer

September 23, 2025

កិច្ចការ ២០:១៧-២៤
គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង។ កិច្ចការ ២០:‌១៩
លោកអាល់ដូលហ្វូ កាមីនស្គី(ADOLFO KAMINSKY) បានរកឃើញវិធីលប់ទឹកខ្មៅ ដែលគេបានសរសេរជាប់នៅលើក្រដាស។ ក្នុងនាមគាត់ជាសមាជិកក្រុមប្រឆាំងពួកណាហ្ស៊ី ក្នុងប្រទេសបារាំង គាត់បានកែកាតអត្តសញ្ញាណប័ណ្ណជាច្រើន ដើម្បីជួយសង្គ្រោះមនុស្សរាប់រយនាក់ ឲ្យរួចផុតពីជំរុំប្រមូលផ្តុំ។ មានពេលមួយនោះ គេបានទុកពេលឲ្យគាត់តែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីក្លែងបន្លំសំបុត្រកំណើត និងវិញ្ញាបណ្ណប័ត្របុណ្យជ្រមុជទឹក ឲ្យកុមារជាជនជាតិយូដា៣រយនាក់។ គាត់បានធ្វើកិច្ចការនោះ២ថ្ងៃ ដោយមិនបានគេង ដោយប្រាប់ខ្លួនឯងថា “ក្នុងរយៈពេល១ម៉ោង ខ្ញុំអាចកែឯកសារបាន៣០ច្បាប់។ បើខ្ញុំគេងរយៈពេល១ម៉ោង នោះមានន័យថា មនុស្ស៣០នាក់នឹងស្លាប់មិនខាន”។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ពេលបន្ទាន់យ៉ាងដូចនេះផងដែរ។ គាត់បានក្រើនរំឭកពួកជំនុំ នៅទីក្រុងអេភេសូរថា គាត់បាន “បំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង”(កិច្ចការ ២០:‌១៩)។ សាវ័កប៉ុលមានប្រសាសន៍ថា “ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ”(ខ.២០)។ ភាពបន្ទាន់នេះបានជំរុញចិត្តគាត់ ឲ្យផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ឲ្យប្រែចិត្តជឿព្រះយេស៊ូវ(ខ.២១)។ នៅពេលដែលគាត់ជិះសំពៅត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ គាត់មានចិត្តអន្ទះសាចង់ “បង្ហើយការរត់ប្រណាំងរបស់គាត់ ដោយអំណរ" ព្រមទាំងការងារ ដែលគាត់បានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យគាត់បានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ(ខ.២៤)។
សាវ័កប៉ុលមិនអាចសង្គ្រោះមនុស្សឲ្យរួចពីបាបបានទេ។ មានតែព្រះទេដែលអាចសង្គ្រោះពួកគេបាន។ តែគាត់អាចចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់ពួកគេ ព្រោះ “គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:‌១២)។ 
តើនៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តអ្នក ឲ្យនឹកចាំនរណាខ្លះ ដែលមិនទាន់បានឮដំណឹងល្អ? ចូរអធិស្ឋានឲ្យពួកគេ និងស្វែងរកឱកាសផ្សាយដំណឹងល្អដល់ពួកគេ។—MIKE WITTMER

តើអ្នកដឹងថា នរណាខ្លះត្រូវការឮ “ដំណឹងល្អនៃព្រះគុណរបស់ព្រះ”? 
តើអ្នកអាចចែកចាយដំណឹងល្អដល់ពួកគេ ដូចម្តេចខ្លះ? 
ឱព្រះយេស៊ូវ សូមព្រះអង្គបើកចិត្តទូលបង្គំ ឲ្យនឹកចាំអ្នកដែលកំពុងត្រូវការព្រះអង្គ។ 
សូមព្រះអង្គប្រទានឱកាសឲ្យទូលបង្គំចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេ។
FOR FURTHER STUDY, READ THE POWER OF PRAYER IN SHARING THE GOSPEL AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ១-៣ និង កាឡាទី ២

 

ល្ងាច

យក​គំរូ​តាម​សេចក្តី​មេត្តា​របស់​ព្រះ​វរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

យក​គំរូ​តាម​សេចក្តី​មេត្តា​របស់​ព្រះ​វរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 23, 2025

«ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មកវិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​និង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា​ករុណា ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​ដែរ» (លូកា ៦:៣៥-៣៦)។
ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា​ករុណា ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​ដែរ»។ ព្រះ​បន្ទូល​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ គឺ​ជា​សេចក្តី​សង្ខេប​នៃ​ការ​បង្រៀន​របស់​ព្រះអង្គ​អំពី​ព្រះ​ពរ (លូកា ៦:២០-២៣) ហើយ​ក៏​ជា​បាវចនា​ដ៏​ល្អ សម្រាប់​ការ​រស់នៅ​របស់​អ្នក​ជឿ​ម្នាក់ៗ។ ពាក្យ​ពេចន៍​ទាំង​នេះ បាន​សង្កត់​ធ្ងន់​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ​អង្គ​អំពី​របៀប​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ជា​ពិសេស​អ្នក​ដែល​ស្អប់​យើង ដោយ​សារ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ (ខ.២២)។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​នេះ​គួរ​តែ​បណ្តាល​ចិត្ត​យើង​ឲ្យ​សួរ​ថា តើ​ការ​មាន​ចិត្ត​មេត្តា​ពិត​ប្រាកដ មាន​លក្ខណៈ​ដូច​ម្តេច? ព្រះ​យេស៊ូវ ជា​អ្នក​គង្វាល​ដ៏​សុភាព និង​ស្រទន់ មិន​បាន​ទុក​ឲ្យ​យើង​ឆ្ងល់​អំពី​គោលការណ៍​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ប្រទាន​ការ​បង្រៀន​ជាក់​លាក់​អំពី​របៀប​យក​គំរូ​តាម​ព្រះ​វរបិតា​គង់​នៅ​ស្ថាន​សួគ៌​ដែល​មាន​សេចក្តី​មេត្តា។ 
ព្រះ​ទ្រង់ «តែង​ល្អ​ដល់​ទាំង​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ»។ ក្នុង​នាម​យើង​ជា​កូន​ព្រះ​អង្គ យើង​ត្រូវ​តែ​ដឹង​ថា ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស​ដូច​នេះ​ផង​ដែរ ដោយ​ស្រឡាញ់​ខ្មាំង​សត្រូវ ធ្វើ​ការ​ល្អ​ស្នង​ការ​អាក្រក់ និង​ឲ្យ​ដល់​អ្នក​ដទៃ​ដោយ​មិន​រំពឹង​ថា នឹង​បាន​អ្វី​ត្រឡប់​មក​វិញ។ ចូរ​កត់​សម្គាល់​ថា ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​អំពី​ករណី​លើក​លែង ឬ​ប្រើ​ពាក្យ​ប្រសិន​បើ​នោះ​ទេ។ 
ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ធ្វើ​ជា​ឧបករណ៍​នៃ​សេចក្តី​សប្បុរស​របស់​ព្រះ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ភ្លាមៗ​ថា យើង​មិន​ត្រូវ​ថ្កោល​ទោស​គេ​ទេ (លូកា ៦:៣៧)។ ព្រះ​អង្គ​មិន​មែន​កំពុង​តែ​ហាម​យើង​មិន​ឲ្យ​មាន​គំនិត​រិះគន់​ក្នុង​ទំនាក់​ទំនង​នោះ​ទេ ព្រោះ​យើង​ត្រូវ​តែ​ប្រើ​គំនិត​យើង ដើម្បី​បែង​ចែក​ឲ្យ​ច្បាស់​រវាង​សេចក្តី​ពិត និង​ភាព​ក្លែងក្លាយ ឬ​ល្អ និង​អាក្រក់។ ដូច​គ្នា​នេះ​ដែរ ព្រះ​យេស៊ូវ​ក៏​មិន​មែន​កំពុង​តែ​បង្រៀន​ថា យើង​ត្រូវ​ធ្វើ​ពុត​ជា​មើល​មិន​ឃើញ​អំពើ​បាប​របស់​ពួក​គេ ឬ​មិន​ចង្អុល​បង្ហាញ​ពួក​គេ​ឲ្យ​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ព្រះ​យេស៊ូវ​បង្គាប់​យើង​មិន​ឲ្យ​ថ្កោល​ទោស​អ្នក​ដទៃ គឺ​ព្រះ​អង្គ​កំពុង​ថ្កោល​ទោស​វិញ្ញាណ​ដែល​គិត​ថា​ខ្លួន​ឯង​ត្រូវ លើក​តម្កើង​ខ្លួន​ឯង មាន​ពុត ឬ​ថ្កោល​ទោស​គេ​ដោយ​មិន​ប្រណី គឺ​វិញ្ញាណ​ដែល​ព្យាយាម​បង្ហាញ​កំហុស​របស់​អ្នក​ដទៃ ដោយ​ចិត្ត​ជូរ​ល្វីង។ 
វិញ្ញាណ​ដែល​មិន​សប្បុរស គឺ​ប្រាស់​ចាក​ទាំង​ស្រុង ចំពោះ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​ឲ្យ​មាន​សេចក្តី​មេត្តា​ហូរហៀរ ចំពោះ​មិត្ត​ភក្តិ ក៏​ដូច​ជា​ខ្មាំង​សត្រូវ។ យើង​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​ស្គាល់​វិញ្ញាណ​នៃ​ការ​ថ្កោល​ទោស​ដែល​យើង​អាច​មាន និង​ត្រូវ​ជីក​រំលើង​ឫស​របស់​វា ហើយ​ត្រូវ​ជំនួស​ភាព​កាច និង​សាហាវ​ដោយ​ការ​យោគ​យល់​វិញ។ 
នេះ​ជា​របៀប​ដែល​យើង​ត្រូវ​បង្ហាញ​អ្នក​ដទៃ​ឲ្យ​ស្គាល់​សេចក្តី​មេត្តា ដែល​ព្រះ​មាន​ចំពោះ​យើង។ កាល​ក្សត្រី អេលីហ្សាប៊ែត​ទីពីរ នៅ​ក្មេង មុន​ពេល​ព្រះ​នាង​ទៅ​ចូល​រួម​ពិធី​ជប់លៀង ព្រះ​មាតា​តែង​តែ​ប្រាប់​ព្រះ​នាង និង​ព្រះ​នាង ម៉ាហ្ការែត ជា​កនិដ្ឋា​ឲ្យ​ចាំ​ថា ខ្លួន​ឯង​ជា​កូន​ស្តេច ត្រូវ​មាន​អាកប្ប​កិរិយា​ដែល​សមជា​ខ្សែ​រាជ​វង្ស។ ពួក​គេ​ជា​កូន​ស្តេច មិន​មែន​ដោយ​សារ​អាកប្ប​កិរិយា​របស់​ពួក​គេ តែ​អាកប្ប​កិរិយា​របស់​ពួក​គេ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ពួក​គេ​ជា​ខ្សែ​រាជ​វង្ស។ 
យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ គឺ​ជា​សមាជិក​នៃ​ខ្សែ​រាជ​វង្ស​នៃ​ចក្រវាល​របស់​ក្សត្រ​នៃ​របស់​សព្វ​សារពើ ដែល​ជា​ព្រះ​វរបិតា​របស់​យើង។ ចូរ​ប្រាកដ​ថា អាកប្ប​កិរិយា​របស់​អ្នក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ដឹង​ថា អ្នក​ជា​នរណា និង​ជា​កម្មសិទ្ធិ​របស់​នរណា។ ចូរ​យើង​មាន​សេចក្តី​មេត្តា គឺ​ដូច​ដែល​ព្រះ​វរបិតា​មាន​សេចក្តី​មេត្តា​ដែរ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:២៥-៥:២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសេគាល ៨-១០ និង​យ៉ូហាន ១០:១-២១

ប្រភេទ