នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ហេតុផលដែលមិនត្រូវភ័យខ្លាច

ហេតុផលដែលមិនត្រូវភ័យខ្លាច

ដោយKirsten Holmberg

September 25, 2025

ទំនុកដំកើង ១១៨:៥-១៤
ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ‍ៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន។ ទំនុកដំកើង ១១៨:៦
កូនស្រីរបស់ខ្ញុំមានអនុស្សាវរីយ៍វ័យកុមារមួយ ដែលគាត់ចាំច្បាស់ជាងគេ។ គាត់ចាំថា ថ្ងៃមួយប៉ារបស់នាងបានបង្រៀននាងជិះកង់ ដោយមិនប្រើកង់សងខាងសម្រាប់ជួយទប់លំនឹង។ នៅពេលមួយនោះ ស្វាមីរបស់ខ្ញុំបានដាក់ជើងនៅលើដុំ កង់ខាងក្រោយ (ខណៈពេលដែលកូនស្រីខ្ញុំធាក់ឈ្នាន់ ហើយប៉ារបស់នាងក៏បានជួយទប់ចង្កូត) ដូចនេះ ពួកគេអាចជិះកង់ជាមួយគ្នាតាមផ្លូវជម្រាល ដ៏ចង្អៀតមួយ តាមសម្រួល។ នាងនៅចាំថា កាលនោះ ប៉ារបស់នាងបានអស់សំណើច ដោយអំណរ គឺផ្ទុយនឹងខ្លួននាងដែលកំពុងមានការភ័យខ្លាច។ ការជិះកង់ចុះតាមផ្លូវចោទនោះ មានរយៈពេលខ្លីពេក បានជាគាត់មិនបានចាប់អារម្មណ៍ថា គាត់គួរបង្ហាញការអាណិតដល់នាង។ នៅពេលដែលពួកគេជជែកគ្នាអំពីរឿងនេះ នៅថ្ងៃនេះ ស្វាមីខ្ញុំក៏បានឆ្លើយតបយ៉ាងសុភាព ចំពោះការរំឭករបស់នាង ដោយបញ្ជាក់ឲ្យនាងយល់ថា កាលនោះ គាត់ដឹងថា អ្វីៗនឹងមានដំណើរការល្អ បានជាគាត់មិនមានការភ័យខ្លាច។
រឿងរបស់ពួកគេបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងជីវិតយើង មានពេលខ្លះយើងក៏ជួបការភ័យខ្លាចផងដែរ។ តាមការមើលឃើញរបស់យើង ឧបសគ្គនៅចំពោះមុខយើង ហាក់ដូចជាភ្នំដែលធំ ហើយចោទគួរឲ្យខ្លាច បានជាយើងខ្លាចគ្រោះថ្នាក់ កើតឡើងយ៉ាងពិតប្រាកដ។ តែព្រះគម្ពីរបានធានាយើងថា “ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ‍ៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន”(ទំនុកដំកើង ១១៨:៦)។ ជំនួយរបស់មនុស្សអាចធ្វើឲ្យយើងខកចិត្ត តែព្រះអង្គគឺជាកន្លែងជ្រកកោនដែលយើងអាចពឹងជ្រកបាន ពេលណាយើងមានអារម្មណ៍ថាមិនអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន(ខ.៨-៩)។ 
ព្រះអង្គគឺជា “អ្នកជួយ” យើង(ខ.៧) ដែលមានន័យថា យើងអាចទុកចិត្តថា ព្រះអង្គនឹងថែរក្សាយើង ក្នុងអំឡុងពេលនៃជីវិតដែលពិបាកបំផុត និងគួរឲ្យខ្លាចបំផុត។ ទោះយើងបានដួល មានស្នាមសម្លាក និងការឈឺចាប់ដែលយើងអាចស៊ូទ្រាំក៏ដោយ ក៏ព្រះវត្តមានដែលជួយសង្គ្រោះរបស់ទ្រង់ គឺជា “កម្លាំង” និង “សេចក្តីសង្គ្រោះ” របស់យើង (ខ.១៤)។—KIRSTEN HOLMBERG

តើយើងអ្នកបានដឹងអំពីព្រះវត្តមានព្រះ ក្នុងទុក្ខលំបាក នៅពេលណា? តើព្រះអង្គបានជួយអ្នកដូចម្តេចខ្លះ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមានព្រះវត្តមានក្នុងជីវិតទូលបង្គំ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យទទួលស្គាល់ថា ព្រះអង្គគង់នៅក្បែរទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ៦-៨ និង កាឡាទី ៤
 

ល្ងាច

ទំហំ​នៃ​ការ​អត់​ទោស​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទំហំ​នៃ​ការ​អត់​ទោស​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 25, 2025

«ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ» (លូកា ៦:៣៧-៣៨)។
គ្មាន​អ្វី​ធ្វើ​ឲ្យ​ចិត្ត និង​គំនិត​យើង​មាន​ភាព​ពុក​រលួយ បាន​ឆាប់​រហ័ស​ជាង​ចិត្ត​ដែល​មិន​អត់​ទោស​ឲ្យ​គេនោះ​ទេ។ ហើយ​ផ្ទុយ​មក​វិញ គ្មាន​អ្វី​ផ្តល់​ឲ្យ​យើង​នូវ​សេរី​ភាព ក្តី​អំណរ និង​សន្តិភាព​ក្នុង​ចិត្ត និង​គំនិត បាន​ឆាប់​រហ័ស​ជាង​ចិត្ត​ដែល​អត់​ទោស​ឲ្យ​គេ​ពិត​ប្រាកដ​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ចិត្ត​ដែល​ត្រៀម​ជា​ស្រេច​ដើម្បី​អត់​ទោស​ឲ្យ​គេ គឺ​ជា​សញ្ញា​បង្ហាញ​ថា វិញ្ញាណ​របស់​យើង​មាន​លក្ខណៈ​ដូច​ម្តេច។ បាន​សេចក្តី​ថា ពេល​ណា​យើង​អត់​ទោស​អស់​ពី​ចិត្ត គឺ​យើង​បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា យើង​ពិត​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់ (លូកា ៦:៣៥)។ 
ព្រះ​យេស៊ូវ​ច្រើន​តែ​មាន​បន្ទូល​អំពី​ការ​អត់​ទោស​ឲ្យ​គេ និង​ការ​ទទួល​ការ​អត់​ទោស ក្នុង​ពេល​តែ​មួយ (លូកា ១១:៤)។ ដូច​នេះ ពេល​ណា​យើង​គិត​អំពី​ការ​អត់​ទោស​ឲ្យ​គេ ជា​ដំបូង យើង​ត្រូវ​តែ​សួរ​ថា តើ​យើង​អាច​ស្វែង​រក​ការ​អត់​ទោស​នៅ​កន្លែង​ណា។ ចម្លើយ​នោះ​គឺ ប្រភព​នៃ​ការ​អត់​ទោស​ពិត​ប្រាកដ​ទាំង​អស់ គឺ​អាច​រក​បាន​នៅ​ក្នុង​ព្រះ​តែ​ប៉ុណ្ណោះ។ ជា​ការ​ពិត​ណាស់ ការ​អត់​ទោស​បាប​មាន​ប្រភព​ចេញ​ពី​សេចក្តី​មេត្តា​ករុណា​ដ៏​បរិបូរ​របស់​ព្រះ។ ជីវិត និង​សុខ​ភាព​នៃ​វិញ្ញាណ​របស់​យើង​មិន​អាច​ខ្វះ​ការ​អត់​ទោស​បាន​ទេ គឺ​ដូច​ដែល​អាហារ​មាន​ភាព​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​រូប​កាយ​ខាង​វិញ្ញាណ​របស់​យើង​ដែរ។ ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ការ​ក្រើន​រំឭក ដែល​ចង្អុល​បង្ហាញ​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​អត់​ទោស​បាប។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកតម្កើង​បាន​ពោល​ថា «ឱ​ព្រះ​យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ ទាំង​អំពើ​ទុច្ចរិត​នោះ ឱ​ព្រះ​អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ប៉ុន្តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ទោស​វិញ ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​ទ្រង់» (ទំនុកតម្កើង ១៣០:៣-៤)។ ហោរា ដានីយ៉ែល ក៏​បាន​ថ្លែង​ស្រដៀង​នេះ​ផង​ដែរ​ថា «ឯ​សេចក្តី​មេត្តា​ករុណា និង​សេចក្តី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះអម្ចាស់​នៃ​យើង​ខ្ញុំ​វិញ» (ដានីយ៉ែល ៩:៩)។ នៅ​ពេល​ដែលគេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​យាង​ចុះពី​ស្ថាន​សួគ៌ ហើយ​គេ​ចំអក​ឲ្យ​ហែក​ព្រះ​ពស្ត្រ វាយ​ដុំ ហើយ​ឆ្កាង​ព្រះ​អង្គ នៅ​ចន្លោះ​ឧក្រិដ្ឋជន​ពីរ​នាក់​នៅ​សង្ខាង ហើយ​ព្រះ​វរបិតា​បាន​បោះបង់​ចោល​ទ្រង់​ទៀត តែ​ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​គេ​ថា «ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង» (លូកា ២៣:៣៤)។ ការ​អត់​ទោស​របស់​ព្រះ គឺ​គ្មាន​នរណា​អាច​ប្រៀប​ផ្ទឹម​បាន​ទេ។ 
ក្នុង​នាម​យើង​ជា​កូន​របស់​ព្រះ ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ យើង​ត្រូវ​ត្រាប់​តាម​ព្រះ​វរបិតា និង​ព្រះ​អម្ចាស់​នៃ​យើង ដោយ​អនុវត្ត​នូវ​ការ​អត់​ទោស។ ការ​អត់​ទោស​ពិត​ជា​សំខាន់​ចំពោះ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​ណាស់ បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា បើ​យើង​មិន​ព្រម​អត់​ទោស​ឲ្យ​គេ​ទេ នោះ​យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ពិត​ជា​បាន​ទទួល​ការ​អត់​ទោស​ហើយ​ឬ​នៅ និយាយ​ឲ្យ​ចំ តើ​យើង​ពិត​ជា​បាន​ជឿ​ដំណឹង​ល្អ​អស់ពី​ចិត្ត​ហើយ​ឬ​នៅ (ម៉ាថាយ ៦:១៤-១៥)។ បើ​ចិត្ត​របស់​អ្នក​គ្មាន​ការ​អត់​ទោស​ឲ្យ​គេ​ទេ ចូរ​កុំ​ដោះ​សារ ឬ​គិត​ថា​វា​ជា​រឿង​តូចតាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រកាន់​ខ្ជាប់​តាម​ដំណឹង​ល្អ​នៅ​ក្នុង​ចិត្ត។ ចូរ​សញ្ជឹង​គិត​អំពី​ទំហំ​នៃ​ការ​អត់​ទោស​បាប ដែល​អ្នក​បាន​ទទួល​ព្រះ​គ្រីស្ទ​ចុះ។ ចូរ​ពិចារណា​អំពី​លក្ខណៈ​នៃ​ការ​អត់​ទោស​របស់​ព្រះ​វរបិតា ដែល​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​យក​គំរូ​តាម​ព្រះ​អង្គ។ ចូរ​ទទួល​ស្គាល់​បន្ទុក​នៃ​ការ​មិន​អត់​ទោស ដែល​ធ្វើ​ឲ្យ​ពុក​រលួយ និង​បំផ្លាញ​ជីវិត។ 
ចូរ​ដឹង​ច្បាស់​ថា អ្នក​ត្រូវ​អត់​ទោស​ឲ្យ​គេ ហើយ​អត់​ទោស​ដើម្បី​នរណា។ នេះ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​អរ​សប្បាយ​នឹង​សន្តិភាព និង​សេរី​ភាព នៃ​ការ​អត់​ទោស ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​អ្នក។ 


ខគម្ពីរ​សញ្ជឹង​គិត៖ លូកា ៧:៣៦-៥០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អេសាយ ១៤-១៥ និង​យ៉ូហាន ១១:១-២៧

ប្រភេទ