
ព្រះបន្ទូលសន្យាអំពីការស្អាងឡើងវិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 2, 2025
«ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង» (អេភេសូរ ១:៩-១០)។
ក្នុងអត្ថបទ ដែលលោក ថូលខិន (J.R.R. Tolkien) បានសរសេរក្រោមប្រធានបទ «អំពីរឿងនិទាន» គាត់បានធ្វើការបកស្រាយអំពីមូលហេតុ ដែលមនុស្សចូលចិត្តរឿងនិទាន។ ជាញឹកញាប់ មនុស្សចង់ស្តាប់រឿងនិទានខ្លាំងជាងស្តាប់ព័ត៌មានប្រចាំថ្ងៃ ដែលនិយាយអំពីសង្គ្រាម បញ្ហាហិរញ្ញវត្ថុ ជំងឺឆ្លង និងការខូចចិត្ត ដោយរឿងនិទានមានការបញ្ចប់ដ៏រីករាយដែលឆ្លុះបញ្ចាំងអំពីអ្វីដែលមនុស្សចង់បាន។ លោក ថូលខិន បានលើកឡើងថា ឫសគល់នៃការចង់បាននេះ គឺដុះចេញពីការចង់ឲ្យព្រះគ្រីស្ទកែប្រែលោកីយ៍ឲ្យត្រឹមត្រូវឡើងវិញ ដោយបង្រួបបង្រួមអ្វីៗទាំងអស់ ស្អាងគ្រប់យ៉ាងឡើងវិញ ហើយធ្វើឲ្យពិភពលោកមានភាពស្រស់ស្អាត យ៉ាងឥតខ្ចោះ ដូចកាលលោក អ័ដាម មិនទាន់បះបោរ។ តើអ្នកមិនចង់ឲ្យព្រះជួសជុលអ្វីៗទាំងអស់ឡើងវិញទេឬ? តើអ្នកមិនចង់ឲ្យមានការបញ្ចប់ដ៏រីករាយទេឬ?
តាមរយៈការបើកសម្ដែងក្នុងព្រះគម្ពីរ ក៏ដូចជាតាមរយៈការរស់នៅរបស់យើង យើងអាចចាំថា យើងមិនទាន់បានទៅដល់ចំណុចនោះនៅឡើយទេ។ យើងកំពុងរស់នៅក្នុងលោកីយ៍ដែលបានធ្លាក់ចូលអំពើបាប ដាច់ចេញពីព្រះ មានពេញដោយភាពនឿយណាយ និងការប្រេះបែក។ លោក អ័ដាម ទីមួយបានប្រព្រឹត្តអំពើបាប បណ្ដាលឲ្យមានសេចក្តីស្លាប់ និងភាពវឹកវរ។ ប៉ុន្តែ លោក អ័ដាម ទីពីរបានយាងមកជួសជុលអ្វីៗដែលលោក អ័ដាម ទីមួយបានធ្វើឲ្យខូច ហើយបានសម្រេចការអ្វីដែលគ្មាននរណាម្នាក់អាចធ្វើបាន។ ព្រះអង្គនឹងជួសជុលអ្វីៗទាំងអស់។ តាមពិត ព្រះអង្គបានចាប់ផ្តើមជួសជុលហើយ។
ក្នុងកណ្ឌគម្ពីរសំបុត្រដែលសាវ័ក ប៉ុល បានសរសេរផ្ញើទៅពួកជំនុំនៅសតវត្សរ៍ទី១ គាត់បានទទួលស្គាល់ទុក្ខលំបាករបស់ពួកគេ ហើយមិនបានចាត់ទុកវាជារឿងតូចតាចទេ ប៉ុន្តែគាត់ក៏តែងតែបានរំឭកអ្នកអានសំបុត្ររបស់គាត់ថា ថ្ងៃមួយ ទុក្ខលំបាក និងការសោកសង្រេងរបស់ពួកគេនឹងលែងមានទៀត ហើយពួកគេនឹងមានការស្កប់ចិត្ត។1 គាត់បានលើកទឹកចិត្តពួកគេឲ្យផ្ដោតទៅលើចុងបញ្ចប់ ដើម្បីជួយពួកគេឲ្យអាចជម្នះបញ្ហាប្រឈមនៅចំពោះមុខ។
អ្វីដែលពួកគេត្រូវការនៅសម័យមុន ក៏ជាអ្វីដែលយើងត្រូវការ ក្នុងពេលសព្វថ្ងៃផងដែរ។ បើអ្នកគ្រាន់តែផ្ដោតទៅលើអ្វីដែលអ្នកមើលឃើញនៅចំពោះមុខ ហើយមិនបានអនុញ្ញាតឲ្យព្រះបន្ទូលសន្យាអំពីការស្អាងឡើងវិញ ចូលទៅក្នុងចក្ខុវិស័យរបស់អ្នក នោះអ្នកមិនប្រាកដជាអាចដោះស្រាយបញ្ហាដែលអ្នកជួបប្រទះនោះទេ។ អ្នកនឹងមើលឃើញបញ្ហាទាំងនោះធំពេក។ បញ្ហាទាំងនោះនឹងគ្រប់គ្រងអ្នក។ បញ្ហាទាំងនោះនឹងដកក្តីសង្ឃឹម និងសុភមង្គលចេញពីអ្នក។ ទេ! ទោះបញ្ហាទាំងនោះជាបញ្ហាពិភពលោក បញ្ហាជាតិ ឬបញ្ហាផ្ទាល់ខ្លួនក៏ដោយ ក៏យុទ្ធសាស្ត្រល្អបំផុត គឺភ្នែកអ្នកត្រូវបន្តផ្ដោតទៅលើព្រះបន្ទូល ដែលបានចែងអំពីផែនការរបស់ព្រះ។ យើងនឹងមានការបញ្ចប់ដ៏ល្អ។ ពេលមួយ អ្វីៗនឹងរួបរួម នៅក្រោមក្សត្រដ៏ល្អឥតខ្ចោះ។
នៅថ្ងៃនេះ តើមានអ្វីធ្វើឲ្យអ្នកពិបាកចិត្ត? ចូរប្រឈមមុខដាក់បញ្ហាក្នុងពេលបច្ចុប្បន្ន ដោយមើលទៅពេលអស់កល្ប ដោយជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងមានទំនុកចិត្តលើផែនការដ៏ឥតខ្ចោះរបស់ព្រះអង្គ។ អ្នកមិនទាន់ដឹងអំពីរឿងនៃលោកីយ៍នេះជាលម្អិតទេ ប៉ុន្តែអ្នកអាចដឹងថា អ្នកដែលទុកចិត្តព្រះគ្រីស្ទ ចុងបញ្ចប់របស់ពួកគេនឹងមានភាពសប្បាយរីករាយ គឺចុងបញ្ចប់ដែលគ្មានការបញ្ចប់ ហើយមិនមែនជារឿងនិទាននោះទេ។
ខគម្ពីរសញ្ជឹងគិត៖ អេសាយ ៦៥:១៧-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣០-៣២ និងយ៉ូហាន ១៥