
បន្ទាបខ្លួនទទួលការបង្រៀន
ដោយKaren Pimpo
October 2, 2025
សុភាសិត ៩:១-៦,១៣-១៨
បង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើងដែរ។ សុភាសិត ៩:៩
បន្ទាប់ពី ឃែត(Kat) បានដឹងថា គាត់មានផ្ទៃពោះ គាត់ក៏បានបោះបង់ការសិក្សានៅវិទ្យាល័យ ដើម្បីថែរក្សាកូនស្រីរបស់គាត់ដែលត្រូវចាប់កំណើតមក។ ១៥ឆ្នាំក្រោយមក ឃែតក៏បានក្លាយជាម្តាយ ដែលធ្វើការងារចិញ្ចឹមកូនបីនាក់ ដោយក្តីស្រមៃចង់ក្លាយជាអ្នកសម្អាងការដែលមានបណ្ណអនុញ្ញាត។ ដោយការបន្ទាបខ្លួន និងការតស៊ូ គាត់ក៏បានក្លាយជាសិស្សសាលាឡើងវិញ ក្នុងការសិក្សាដោយឥតគិតថ្លៃ ក្នុងកម្មវិធីទ្រទ្រង់GED។ គាត់មានអារម្មណ៍ថា គាត់មានភាពតូចទាប ក្នុងការវិលត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីបានបោះបង់ការសិក្សាអស់ជាច្រើនឆ្នាំ។ ឃែតថា “កម្មវិធីនេះបានធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ។ គ្រូបង្រៀនពិតជាពូកែបង្រៀន ហើយគាត់បានលើកទឹកចិត្តខ្ញុំច្រើនណាស់”។
ការបន្ទាបខ្លួនទទួលការបង្រៀន អាចស្ថិតក្នុងចំណោមរឿងដែលយើងពិបាកធ្វើបំផុត។ ព្រះគម្ពីរប៊ីបបានចែងអំពីចិត្តដែលទទួលការបង្រៀន និងបើកចំហទទួលប្រាជ្ញារបស់ព្រះ។ បទគម្ពីរសុភាសិតដែលមានលក្ខណៈជាកំណាព្យនេះ បានបកស្រាយ ដោយពាក្យប្រៀបប្រដូច អំពីស្រ្តីពីរនាក់ដែលស្រែកហៅមនុស្សដើរតាមផ្លូវ ដោយពួកគេគឺជាតំណាងឲ្យប្រាជ្ញា និងភាពល្ងង់ខ្លៅរបស់មនុស្ស(សុភាសិត ៩:១-៦ ១៣-១៨)។ អស់អ្នកដែលស្តាប់ប្រាជ្ញា ទទួលការកែតម្រង់ ដោយព្រះគុណព្រះ។ ពួកគេ “មានប្រាជ្ញារឹតតែច្រើនឡើង”(ខ.៩)។ ពួកគេមានទម្លាប់ “ដើរក្នុងផ្លូវយោបល់”(ខ.៦) ហើយអង្គុយនៅតុនៃប្រាជ្ញា ដើម្បីទទួលការបង្រៀន។ ការស្តាប់បង្គាប់របស់ពួកគេ បាននាំទៅរកជីវិតដែលពេញលេញ(ខ.១១)។ ផ្ទុយទៅវិញ អស់អ្នកដែលស្តាប់តាមភាពល្ងង់ខ្លៅ មិនចូលចិត្តការកែតម្រង់ ឬការរិះគន់ទេ។ ពួកគេត្មះតិះដៀលអស់អ្នកដែលព្យាយាមណែនាំពួកគេ(ខ.៧-៨)។ ការបន្ទាបខ្លួនកើតចេញពីការកោតខ្លាចព្រះ ដោយទទួលស្គាល់ថា ព្រះអង្គគឺជា “ព្រះដ៏បរិសុទ្ធ” ហើយមិនលើកតម្កើងខ្លួនឯងឡើយ(ខ.១០)។ ការបន្ទាបខ្លួនទទួលការបង្រៀន មិនមែនជាការងាយទេ តែវាក៏នាំមកនូវសេរីភាព ក្នុងការទទួលស្គាល់ថា យើងមិនមានចំណេះសព្វគ្រប់ មិនអាចដឹងគ្រប់រឿងឡើយ ហើយយើងនៅតែត្រូវការជំនួយ។ ប្រាជ្ញាស្រែកហៅយើងហើយ។ តើយើងនឹងឆ្លើយតបដូចម្តេចខ្លះ? —Karen Pimpo
ជាធម្មតា តើអ្នកមានការឆ្លើយតបដូចម្តេច ចំពោះការរិះគន់? តើការឆ្លើយតប
ដោយការបន្ទាបខ្លួន នាំឲ្យមានការរីកចម្រើន និងជ័យជម្នះដូចម្តេចខ្លះ?
ឱព្រះវរបិតា ជាព្រះនៃប្រាជ្ញា ទូលបង្គំមិនតែងតែមានចិត្តចង់ទទួលការបង្រៀនជានិច្ចឡើយ
តែសូមព្រះអង្គជួយទូលបង្គំឲ្យបន្ទាបខ្លួន ដើម្បីទទួលប្រាជ្ញាពីព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១៤-១៦ និង អេភេសូរ ៥:១-១៦