
ព្រះទ្រង់ជ្រាប
ដោយMonica Larose
October 22, 2025
ហេព្រើរ ២:៧-១៥
នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត។ ហេព្រើរ ២:១៤
ក្នុងវចនានុក្រមនៃការសោកសង្រេងដែលគេមិនសូវស្គាល់ លោកចូ ខូនីក(Joe Koenig) បានប្រមូលផ្តុំពាក្យថ្មីៗ ដែលពាក្យនីមួយៗត្រូវបានគេច្នៃបង្កើតមក ដើម្បីដាក់ឈ្មោះឲ្យអារម្មណ៍ដ៏រញ៉េរញ៉ៃ ដែលយើងខ្វះពាក្យដាក់។ សៀវភៅរបស់គាត់រាប់បញ្ចូលពាក្យដូចជាពាក្យ dés vu មានន័យថា “ការដឹងថា ពេលនេះនឹងនៅជាប់ក្នុងការចងចាំ” និងពាក្យ onism មានន័យថា “អារម្មណ៍នឿយណាយ ដោយសារខ្លួនឯងជាប់នៅក្នុងរូបកាយតែមួយ ដែលអាចនៅកន្លែងតែមួយ ក្នុងពេលតែមួយ”។ លោកខូនីក បានលើកឡើងថា បេសកកម្មរបស់គាត់ គឺដើម្បីពន្យល់អំពីបទពិសោធន៍ពិសេស និងចម្លែកៗ ក្នុងការរស់នៅជាមនុស្ស ដើម្បីឲ្យពួកគេអាចមានអារម្មណ៍ថា មិនមែនមានតែពួកគេទេ ដែលមានបញ្ហានោះ។
យើងមិនតែងតែអាចរកឃើញពាក្យ ដើម្បីពិពណ៌នាអំពីបញ្ហាដែលយើងកំពុងឆ្លងកាត់ទេ តែអ្នកជឿព្រះយេស៊ូវ អាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់ឲ្យតម្លៃ និងជ្រាបថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះអង្គឲ្យតម្លៃមកលើមនុស្សខ្លាំងណាស់ បានជាព្រះអង្គផ្ទុកផ្ដាក់មនុស្សជាតិ ឲ្យថែរក្សាស្នាព្រះហស្តរបស់ព្រះអង្គ(ហេព្រើរ ២:៧-៨)។ ហើយតាមរយៈព្រះយេស៊ូវ យើងអាចដឹងថា ព្រះទ្រង់ជ្រាបច្បាស់ថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះគ្រីស្ទទ្រង់ជាព្រះ ដែលបានយកកំណើតជាមនុស្សទាំងស្រុង ដែលមានន័យថា អ្នកជឿព្រះអង្គបានក្លាយជា “ពួកបងប្អូន” របស់ព្រះយេស៊ូវ(ខ.១២)។
ព្រះគ្រីស្ទមិនគ្រាន់តែជ្រាប អំពីទុក្ខលំបាក និងការល្បួងរបស់យើងប៉ុណ្ណោះទេ(៤:១៥) តែទ្រង់ក៏បានវាយបំបាក់ “អំណាចដែលសេចក្តីស្លាប់” មានមកលើជីវិតយើង(២:១៤)។ ដោយសារព្រះអង្គ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ឬឯកោ ដោយសារបញ្ហាដែលយើងជួបប្រទះនោះទេ។ ផ្ទុយទៅវិញ ចូរយើងអបអរអំណោយនៃការរស់នៅជាមនុស្ស។—Monica La Rose
តើអ្នកមានទុក្ខលំបាកអ្វី ដែលពេលខ្លះ អ្នកពិបាកស្វែងរកពាក្យពិពណ៌នា?
តើវាបានលើកទឹកចិត្តអ្នកឲ្យស្គាល់ព្រះ និងជួយឲ្យអ្នកយល់អំពីអត្ថប្រយោជន៍នៃទុក្ខលំបាករបស់អ្នកដូចម្តេចខ្លះ?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យតម្លៃមកលើការរស់នៅជាមនុស្ស និងជ្រាបអំពីទុក្ខលំបាករបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២