នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

លោក អ័ដាម ថ្មី​ដែល​ល្អ​ជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

លោក អ័ដាម ថ្មី​ដែល​ល្អ​ជាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 23, 2025

«ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្ដាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត​ដោយ​សារ​ម្នាក់​បាន​ស្ដាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ» (រ៉ូម ៥:‌១៩)។
លោក​អ័ដាម គឺ​ជា​មនុស្ស​ដំបូង​ដែល​ព្រះ​បាន​បង្កើត​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​អង្គ។ ព្រះ​អម្ចាស់​បាន​ប្រទាន​គាត់​ឲ្យ​មាន​តួនាទី​ពិសេស​ខុស​ពី​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ប៉ុន្តែ​គាត់​បាន​បរាជ័យ ក្នុង​ការ​បំពេញ​តួនាទី​នោះ ហើយ​ត្រូវ​ព្រះ​អង្គ​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​អេដែន។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ចាប់​ផ្តើម​ជា​ថ្មី​ជា​មួយ​ប្រជា​ជាតិ​អ៊ីស្រាអែល ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​អង្គ។ ពួក​គេ​បាន​បង្ហាញ​ចេញ​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ នៅ​ពេល​ណា​ពួក​គេ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​ក៏​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដូច​លោក អ័ដាម ផង​ដែរ ហើយ​ត្រូវ​គេ​និរទេស​ចេញ​ពី​ទឹកដី​កំណើត។
អរ​ព្រះ​គុណ​ព្រះ​អង្គ នៅ​ពេល​ដែល​យើង​មើល​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី យើង​រក​ឃើញ​ថា ព្រះ​យេស៊ូវ​ទទួល​បាន​ជ័យ​ជម្នះ នៅ​កន្លែង​ដែល​លោក​អ័ដាម និង​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​បរាជ័យ។ រាស្ត្រ​របស់​ព្រះ​ត្រូវ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ដែល​ជា​លោក​អ័ដាម​ទី២ ដែល​ល្អ​ជា​ជាង​អ៊ីស្រាអែល​ពិត​ប្រាកដ។ ទ្រង់​ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​លោក​អ័ដាម ហើយ​ទ្រង់​មាន​លក្ខណសម្បត្តិ​ជា​មនុស្ស ដូច​ពូជ​ពង្ស​របស់​លោក អ័ដាម ដែរ។ ព្រះ​អង្គ​មាន​លក្ខណសម្បត្តិ​ជា​មនុស្ស​ដូច​យើង​ទាំង​ស្រុង ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​ល្បួង គឺ​ខុស​ពី​លោក​អ័ដាម (ហេព្រើរ ៤:‌១៥)។
មាន​តែ​ព្រះ​អម្ចាស់​យេស៊ូវ​ទេ ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ដែល​បាន​ស្តាប់​បង្គាប់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​នឹង​ព្រះ​អង្គ​ជានិច្ច។ ព្រះ​អង្គ​បាន​កាន់​តាម​ក្រឹត្យ​វិន័យ​ដោយ​គ្មាន​ខ្វះ​ចន្លោះ។ ដូច​នេះ ព្រះ​យេស៊ូវ គឺ​ជា​មនុស្ស​តែ​ម្នាក់​គង់​ដែល​បាន​រស់​នៅ ដោយ​មិន​សម​នឹង​ដាច់​ចេញ​ពី​ព្រះ​វត្ត​មាន​ព្រះ​ទេ។ ប៉ុន្តែ ក្នុង​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​ដាច់​ចេញ​ពី​ព្រះ​វរបិតា ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​ទទួល​ទោស​ដែល​មនុស្ស​មាន​បាប​សម​នឹង​ទទួល គឺ​មនុស្ស​មាន​បាប​ដែល​ស្នង​បាប​របស់​លោក អ័ដាម។ 
មនុស្ស​ជាតិ​ទាំង​អស់​បាន​ទទួល​មរតក​ពី​លោក អ័ដាម តាម​និស្ស័យ​សាច់​ឈាម និង​តាម​ខ្សែ​លោកីយ៍។ យើង​បាន​កើត​ក្នុង​អំពើ​បាប ហើយ​រួម​ជា​មួយ​លោក អ័ដាម ក្នុង​ការ​បះបោរ​ទាស់​នឹង​ព្រះ។ ចម្លើយ​តែ​មួយ​គត់ ចំពោះ​ភាព​ទាល់​ច្រក​នៃ​មនុស្ស​ជាតិ គឺ​ត្រូវ​ឲ្យ​ពួក​គេ​ស្គាល់​អង្គ​បុគ្គល​ម្នាក់​ដែល​កាន់​តាម​ក្រឹត្យ​វិន័យ​យ៉ាង​ឥត​ខ្ចោះ ហើយ​មិន​សម​នឹង​ដាច់​ចេញ​ពី​ព្រះ ប៉ុន្តែ​ស្តាប់​បង្គាប់​រហូត​ដល់​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​មនុស្ស​មាន​បាប ទទួល​បាន​អ្វីៗ​ដែល​ព្រះ​អង្គ​សម​នឹង​ទទួល​តាម​ព្រះ​គុណ តាម​រយៈ​សេចក្តី​ជំនឿ ជា​ជាង​ទទួល​រង​អ្វី​ដែល​លោក អ័ដាម សម​នឹង​ទទួល។ សេចក្តី​ពិត​នេះ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​អ្វីៗ​ទាំង​អស់។ សម្រាប់​អ្នក​ជឿ ស្ថាន​ភាព​ខាង​វិញ្ញាណ​គ្រប់​យ៉ាង​ដែល​យើង​ធ្លាប់​មាន​ពី​មុន មាន​ឫស​គល់ នៅ​ក្នុង​ទង្វើ​តែមួយ​របស់​លោក អ័ដាម ប៉ុន្តែ ស្ថាន​ភាព​ខាង​វិញ្ញាណ​គ្រប់​យ៉ាង​ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​កើត​ចេញ​ពី​ការ​ស្តាប់​បង្គាប់​ព្រះ​គ្រីស្ទ។ 
បើ​អ្នក​ខ្វះ​ទំនុក​ចិត្ត ប្រហែល​ដោយ​សារ​អ្នក​មាន​កំហុស នៅ​ក្នុង​ការ​ព្យាយាម​ពិនិត្យ​មើល​ជីវិត​ខាង​វិញ្ញាណ​របស់​អ្នក ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​បាន​ល្អ​គ្រប់​គ្រាន់​ឬ​ទេ។ ប៉ុន្តែ អ្នក​បាន​សង្គ្រោះ​មិន​មែន​ដោយ​សារ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ទេ។ គឺ​ដូច​ដែល​ទំនុក​សកល​មួយ​បាន​រំឭក​យើង​ថា យើង​បាន​សង្គ្រោះ​ដោយ​សារ​កិច្ចការ​មួយ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ដើម្បី​យើង​រាល់​គ្នា៖
ដោយសារ​ព្រះ​អង្គ​សង្គ្រោះ​ដែល​គ្មាន​បាប​បាន​សុគត 
វិញ្ញាណ​ដែល​មាន​បាប​របស់​ខ្ញុំ​មាន​សេរីភាព
ដ្បិត​ព្រះ​ទ្រង់​បាន​សម្រេច​យុត្តិ​ធម៌
ដោយ​ទទួល​យក​ការ​លះបង់​របស់​ព្រះ​យេស៊ូវ ហើយ​អត់​ទោស​បាប​ខ្ញុំ។1


ខ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៥:៦-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ២៧-២៩ និង​១ធីម៉ូថេ ៣

ប្រភេទ