នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 24, 2025

«ទ្រង់​ជាទី​ពំនួន​នៃ​ទូល​បង្គំ ទ្រង់​នឹង​ការពារ​ទូល​បង្គំ​ឲ្យ​រួចពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូល​បង្គំ​ជុំ​វិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ» (ទំនុកតម្កើង ៣២:៧)។
បើ​អ្នក​មើល​ខ្សែ​ភាពយន្ត រ៉ូប៊ីន ហ៊ូដ (Robin Hood) ឬ​ស្ដេច អាធ័រ (King Arthur) ជា​ខ្សែ​ភាព​យន្ត​ស​ខ្មៅ ដែល​គេ​ផលិត​នៅ​សម័យ​មុន អ្នក​នឹង​ឃើញ​ក្សត្រី​ជិះ​សេះ​ចូល​ទៅ​ក្នុង​សមរ​ភូមិ។ ពួក​គេ​មិន​ទៅ​តែ​ម្នាក់​ឯង​ទេ តែ​មាន​ទាហាន​ជិះ​សេះ​ការពារ​ជុំ​វិញ​ពួក​គេ។
នៅ​ថ្ងៃ​ដ៏​ពិបាក យើង​អាច​ក្រើន​រំឭក​ខ្លួន​យើង​ថា ព្រះ​ទ្រង់ «នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់​ពី​ដំណើរ​ឯង ឲ្យ​បាន​ថែរក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង» (ទំនុកតម្កើង ៩១:១១) ហើយ​ព្រះ​អង្គ​ហ៊ុម​ព័ទ្ធ​យើង ដោយ​ពួក​ជំនុំ​ជា​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ដែល​កាន់​ទង់​ជ័យ​ព្រះ​គ្រីស្ទ។ ជីវិត​របស់​គ្រីស្ទ​បរិស័ទ គឺ​សម្រាប់​ធ្វើ​ដំណើរ​ជា​ក្រុម មិន​មែន​ទៅ​តែ​ម្នាក់​ឯង​នោះ​ទេ។ យើង​មាន​អត្ថ​ប្រយោជន៍​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​គ្នា ដើម្បី​បុព្វ​ហេតុ​របស់​ព្រះ​គ្រីស្ទ។ យើង​ត្រូវ​ហ៊ុម​ព័ទ្ធ​ខ្លួន​យើង​ដោយ​មនុស្ស​ដែល​ផ្តល់​ឲ្យ​យើង​នូវ «ទំនុក​នៃ​សេចក្ដី​សង្គ្រោះ»។ ពេល​ណា​យើង​ថ្វាយបង្គំ​ទាំង​អស់​គ្នា យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​នៃ​ការ​រំដោះ ដែល​ព្រះ​ទ្រង់​ប្រទាន​យើង។ 
ពេល​ណា​យើង​មាន​អារម្មណ៍​វង្វេង​ដោយ​សារ​បញ្ហា​ក្នុង​ជីវិត ឬ​បាន​ដឹង​ច្បាស់​ថា យើង​មាន​ចំណុច​ខ្វះខាត កំហុស ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ នោះ​ដំណោះ​ស្រាយ​គឺ​មិន​មែន​ជា​ការ​ព្យាយាម​ជួយ​យឹត​យោង​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​អាច​មើល​ទៅ​ការ​អស្ចារ្យ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ហើយ​ត្រូវ​ប្រាកដ​ថា យើង​ស្តាប់​ឮ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​ចែក​ចាយ​អំពី​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ។ ដោយ​ជំនួយ​មក​ពី​សៀវភៅ​ទំនុក​សកល​ដ៏​សាមញ្ញ គួប​ផ្សំ​នឹង​ព្រះ​បន្ទូល​ព្រះ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ថ្ងៃ​ដែល​ងងឹត​បំផុត ដោយ​បំពេញ​គំនិត​យើង ដោយ​សេចក្តី​ពិត​តាម​រយៈ​បទ​ចម្រៀង និង​បទ​គម្ពីរ។ 
លោក អាលេក ម៉ូតយ័រ (Alec Motyer) ធ្លាប់​បាន​សរសេរ​ថា «ពេល​ណា​សេចក្តី​ពិត ចូល​ទៅ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត ឬ​សៀវភៅ​ទំនុក​សកល សេចក្តី​ពិត​ក៏​បាន​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​ពួក​ជំនុំ​ទាំង​មូល ដែល​ប្រកាន់​ខ្ជាប់​តាម​យ៉ាង​មាំមួន»។1 យើង​អាច​និយាយ​ទៅ​កាន់​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ដោយ​ពាក្យ​សម្ដី​ចាក់​ឫស​ជ្រៅ​ក្នុង​ទេវ​សាស្ត្រ យ៉ាង​ដូច​នេះ​ថា «ព្រះ​អង្គ​មាន​អ្វីៗ​គ្រប់​យ៉ាង ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ឆ្លង​កាត់​បញ្ហា​នេះ»។ បន្ទាប់​មក ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ យើង​អាច​ថ្វាយ​បង្គំ​ព្រះ​ទាំង​អស់​គ្នា​ដោយ​ទូល​សូម​ព្រះ​អម្ចាស់​នូវ​ព្រះ​គុណ និង​សន្តិភាព។ ពួក​ជំនុំ​ដែល​រស់ គឺ​ជា​ពួក​ជំនុំ​ដែល​ច្រៀង​សរសើរ​តម្កើង​ព្រះ។
ព្រះ​អង្គ​មិន​បាន​បង្កើត​យើង​ឲ្យ​ថ្វាយ​បង្គំ​តែ​ម្នាក់​ឯង​នៅ​លើ​កោះ​នោះ​ទេ។ ការ​រួម​គ្នា​ថ្វាយ​បង្គំ​ព្រះ គឺ​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​បទ​ចម្រៀង​នៃ​សេចក្តី​សង្គ្រោះ។ ព្រះ​អាទិករ​បាន​រចនា​យើង​មក ឲ្យ​ឈរ​នៅ​ក្នុង​ជំនុំ​នៃ​អ្នក​ដែល​បញ្ជាក់​ដល់​អ្នក​ដូច​ដែល​អ្នក​បញ្ជាក់​ពួក​គេ ដោយ​ពាក្យ​ដែល​គួរ​ឲ្យ​ចង​ចាំ​ថា៖
ខ្ញុំ​សូម​ច្រៀង អំពី​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ
ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ ដោយ​ព្រះ​លោហិត​របស់​ព្រះ​អង្គ 
នៅ​លើ​ឈើ​ឆ្កាង ព្រះ​អង្គ​សម្រេច​ការ​អត់​ទោស​ឲ្យ​ខ្ញុំ
ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ ហើយ​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព។2


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១៤៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ៣០-៣១ និង​១ធីម៉ូថេ ៤

ប្រភេទ