
វត្ថុសម្រាប់ធ្វើជាការរំឭក
ដោយAlyson Kieda
October 29, 2025
យ៉ូស្វេ ៤:១-៨
ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ា ...យកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ ... ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា។ យ៉ូស្វេ ៤:៥-៦
បន្ទាប់ពីឪពុករបស់លោក អ៊ែរិន(Aaron) បានទទួលមរណាភាពភ្លាមៗ មិនទាន់បានយូរប៉ុន្មានផង គាត់ក៏បានធ្វើស៊ុមរូបថតធំមួយ ជួនម្តាយរបស់គាត់។ ក្នុងរូបថតនោះ គេអាចឃើញរបស់របរដែលឪពុកគាត់បានសន្សំទុក ព្រមទាំងរូបថត ផ្ទាំងថ្ម សៀវភៅ ស្នាដៃសិល្ប និងវត្ថមានតម្លៃផ្សេងទៀត ដែលមានអត្ថន័យពិសេស ក្នុងជីវិតរបស់ឪពុកគាត់។ លោកអ៊ែរុនក៏បានចំណាយពេលជាច្រើនថ្ងៃ ក្នុងការប្រមូលវត្ថុមានតម្លៃទាំងនោះ ហើយតម្រៀបពួកវានៅជាមួយគ្នា ហើយបន្ទាប់មក រេជល(Rachel) ជាប្អូនស្រីគាត់ ក៏បានយកកាំមីរ៉ាមកថតរូបពួកវា ដាក់ក្នុងសន្លឹករូបថតតែមួយ។ អំណោយនេះគឺជាការរំឭកអំពីឪពុករបស់ពួកគេ ដោយពួកគេមានការជឿជាក់ដោយគ្មានការសង្ស័យ ចំពោះក្តីស្រឡាញ់ដែលគាត់មានចំពោះពួកគេ ទោះគាត់បានតយុទ្ធនឹងការស្អប់ខ្ពើមខ្លួនឯង និងការញៀននឹងអ្វីមួយជាច្រើនទសវត្សរ៍ក៏ដោយ។ ការនេះក៏បានធ្វើបន្ទាល់ អំពីសេចក្តីស្រឡាញ់ និងអំណាចនៃការប្រោសឲ្យជារបស់ព្រះ ដែលនាំឲ្យឪពុកគាត់ជម្នះការញៀនដោយជោគជ័យ ក្នុងទសវត្សរ៍ចុងក្រោយនៃជីវិតគាត់។
បន្ទាប់ពីរាស្រ្តរបស់ព្រះនៅក្នុងវាលរហោស្ថាន៤០ឆ្នាំ ពួកគេក៏បានឆ្លងទន្លេចូលទឹកដីសន្យា ហើយលោកយ៉ូស្វេក៏បានជ្រើសរើសតំណាងម្នាក់ពីពូជអំបូរទាំង១២ ឲ្យទៅរើសថ្មពីបាតទន្លេដែលមានដីស្ងួត ដើម្បីតម្រៀប “ទុកជាទីសំគាល់” ក្នុងចំណោមពួកគេ(យ៉ូស្វេ ៤:១-៦)។ លោកយ៉ូស្វេបានប្រើថ្មទាំងនោះ ធ្វើជាអាសនា និងការរំឭកជាអចិន្ត្រៃយ៍ អំពីព្រះចេស្តា និងការផ្គត់ផ្គង់របស់ព្រះ(ខ.១៩-២៤)។ ការធ្វើដំណើររបស់ពួកអ៊ីស្រាអែលមិនមានភាពងាយស្រួលទេ។ ប៉ុន្តែ ព្រះទ្រង់គង់នៅជាមួយពួកគេ ដោយប្រទានទឹកហូរចេញពីថ្ម ទម្លាក់នំម៉ាណាពីលើមេឃមក និងដាក់បង្គោលពពកនៅពេលថ្ងៃ ហើយបង្គោលភ្លើងនៅពេលយប់ ដើម្បីនាំផ្លូវពួកគេ ហើយសំលៀកបំពាក់របស់ពួកគេ ក៏មិនដែលសឹក ឬដាច់រហែកដែរ(ចោទិយកថា ៨:៤)! ទីសំគាល់នោះបានចង្អុលបង្ហាញទៅរកព្រះអង្គ។
ព្រះទ្រង់ធ្វើការអស្ចារ្យជាច្រើន! ដោយការផ្គត់ផ្គង់មកពីព្រះអង្គ ចូរយើងបន្សល់ទុកនូវការរំឭកជានិរន្ត អំពីសេចក្តីស្រឡាញ់ និងព្រះចេស្តារបស់ព្រះអង្គ។—Alyson Kieda
តើអ្នកបានឃើញភស្តុតាងនៃកិច្ចការដែលព្រះទ្រង់បានធ្វើ នៅកន្លែងណាខ្លះ?
តើអ្នកអាចបន្សល់ទុកនូវការរំឭកអ្វីខ្លះ ដើម្បីឲ្យគេនឹកចាំកិច្ចការដែលទ្រង់បានធ្វើ?
ឱព្រះអម្ចាស់ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំឭកយើងខ្ញុំឲ្យនឹកចាំ
អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានហ៊ុមព័ទ្ធយើងខ្ញុំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៨-១៩ និង ២ធីម៉ូថេ ៣