
ព្រះទ្រង់ប្រទានគោលបំណងថ្មី
ដោយKenneth Petersen
October 30, 2025
លោកុប្បត្តិ ៤៥:១២-១៥,២១-២៧
គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង។ លោកុប្បត្តិ ៤៥:១៥
នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ លោកក្លេអូ មែកវីគ័រ(Cleo McVicker) បានច្នៃបង្កើតផលិតផលថ្មីមួយ ដែលអាចឲ្យគេប្រើ ដើម្បីសម្អាតជញ្ជាំងផ្ទះដែលមានផ្ទាំងក្រដាសបិទពីលើ។ នៅសម័យនោះ ផ្ទះប្រជាជនភាគច្រើនដុតធ្យូងថ្មក្នុងឡកម្តៅផ្ទះ ក្នុងរដូវរងា ដែលធ្វើឲ្យជញ្ជាំងផ្ទះគ្របដណ្តប់ទៅដោយម្រែងភ្លើង។ គេអាចប្រើផលិតផលលោកក្លេអូបានច្នៃបង្កើត ដោយលញ់វាពីលើជញ្ជាំងផ្ទះ ធ្វើឲ្យម្រែងភ្លើងជាប់ពីលើវា។ ឧបករណ៍សម្រាប់សម្អាតជញ្ជាំងនោះ មិនដែលមានប្រជាប្រិយភាពទេ តែប៉ុន្មានទសវត្សរ៍ក្រោយមក មានគ្រូបង្រៀនម្នាក់បានប្រើផលិតផលរបស់លោកក្លេអូ ក្នុងថ្នាក់រៀនរបស់គាត់ ដើម្បីបង្កើតគ្រឿងតុបតែងសម្រាប់ថ្ងៃណូអែល។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនថ្មីមួយបានចាប់កំណើត មានឈ្មោះថា សិប្បកម្មឥន្ទធនូ ដែលបានផ្លាស់ប្តូរមុខងាររបស់ឧបករណ៍សម្រាប់សម្អាតជញ្ជាំងនោះ ទៅជាដីឥដ្ឋ សម្រាប់ឲ្យក្មេងៗសូនរូបលេងធ្វើជាការកម្សាន្តសប្បាយ។
ព្រះទ្រង់មានវិធីផ្លាស់ប្តូរមុខនាទីរបស់មនុស្ស ក្នុងកំរិតដែលល្អប្រសើរជាងនេះទៀត។ យើងនឹកចាំរឿងលោកយ៉ូសែប ដែលមានចែងក្នុងព្រះគម្ពីរប៊ីប និងអាវរបស់គាត់ “ដែលមានពណ៌ច្រើន”។ ក្នុងវ័យយុវជនក្មេងខ្ចី គាត់ជាអ្នកគង្វាលតូចទៀប ហើយត្រូវបងៗលក់ឲ្យធ្វើជាទាសកររបស់សាសន៍ដទៃ។ ប៉ុន្តែ ព្រះទ្រង់បានដឹកនាំលោកយ៉ូសែប ឆ្លងកាត់ទុក្ខលំបាកធំៗ ចូលទៅក្នុងមុខតំណែងខ្ពស់ជាងគេ ក្នុងរាជការ។ ទីបំផុត ព្រះទ្រង់បានផ្លាស់ប្តូរមុខងាររបស់លោកយ៉ូសែប ឲ្យក្លាយជា “ចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល”(លោកុប្បត្តិ ៤៥:២៦)។ ប៉ុន្តែ ការត្រាស់ហៅលោកយ៉ូសែប មិនបានផ្ដោតទៅលើអំណាចនោះឡើយ តែបានផ្ដោតទៅលើព្រះគុណព្រះ ជាអ្វីដែលគាត់បានចែកចាយបន្តដល់ពួកបងៗរបស់គាត់ នៅពេលដែលគាត់អត់ទោសឲ្យពួកគេ(ខ.១៥)។
ក្នុងន័យខ្លះ យើងរាល់គ្នាប្រៀបដូចជា “ផលិតផលដែលបរាជ័យ”។ តាមរយៈ “ព្រះគុណរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ” ព្រះអង្គបានផ្លាស់ប្តូរយើង ឲ្យមានមុខងារថ្មី សម្រាប់បំពេញគោលបំណងដ៏ធំប្រសើរជាង។ ខណៈពេលដែលអ្នកកំពុងរស់នៅក្នុងពេលសព្វថ្ងៃ ចូរគិតអំពីគោលបំណងដែលខ្ពង់ខ្ពស់ជាង និងកុំភ្លេចចែកព្រះគុណដល់អ្នកដទៃ ដូចដែលព្រះគ្រីស្ទបានប្រទានព្រះគុណមកអ្នក។—Kenneth Petersen
តើព្រះទ្រង់បានប្រទានគោលបំណងថ្មី សម្រាប់ឲ្យអ្នកបន្តដំណើរក្នុងជីវិតដូចម្តេចខ្លះ?
តើអ្នករៀនសូត្របានអ្វីខ្លះ ពីទីបន្ទាល់នៃជីវិតរបស់លោកយ៉ូសែប?
ឱព្រះអង្គអើយ បើទូលបង្គំភ្លេចព្រះគុណ ដែលព្រះអង្គបានត្រាស់ហៅទូលបង្គំទទួល
សូមព្រះអង្គក្រើនរំឭកទូលបង្គំ និងជួយទូលបង្គំឲ្យចែកចាយព្រះគុណដល់អ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២០-២១ និង ២ធីម៉ូថេ ៤