នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ទុក​ចិត្ត​លើ​ការ​គ្រប់​គ្រង​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទុក​ចិត្ត​លើ​ការ​គ្រប់​គ្រង​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 30, 2025

«ណាអូមី ជា​ម្ដាយ​ក្មេក និយាយ​ទៅ​នាង​ថា កូន​អើយ គួរ​ឲ្យ​អញ​រក​ទី​សំរាក​ឲ្យ​ឯង​ដែរ ដើម្បី​ឲ្យ​ឯង​បាន​ស្រួល​វិញ។ ឯ​បូអូស ដែល​ឯង​បាន​នៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់​ញាតិ​នឹង​យើង​ហើយ មើល នៅ​យប់​នេះ​ឯង លោក​នឹង​រោយ​ស្រូវ​ឱក​នៅ​ទីលាន ដូច្នេះ ចូរ​ឯង​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប ហើយ​តែង​ខ្លួន​ចូល​ទៅ​ឯ​ទីលាន​នោះ​ចុះ» (នាងរស់ ៣:១-៣)។
ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង ហេតុ​នេះ​ហើយ យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ នាង ណាអូមី ចង់​ឲ្យ​កូន​ប្រសារ​ស្រី​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​ទី​លំនៅ និង​ទទួល​បាន​ការ​ថែរក្សា​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​នាង គឺ​មិន​ខុសពី​អាណា​ព្យាបាល​ដទៃ​ទៀត​ទេ។ ដូច​នេះ គាត់​ក៏​បាន​ជំរុញ​នាង​រស់ ឲ្យ​ទៅ​រក​លោក បូអូស ហើយ​សុំ​ឲ្យ​គាត់​ទទួល​យក​តួនាទី​ជា​អ្នក​ផ្គត់ផ្គង់ ដោយ​រៀប​ការ​ជា​មួយ​នាង។ 
ជា​ការ​ពិត​ណាស់ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​មិន​ត្រូវ​យក​ប្រពៃណី​សម័យ​បច្ចុប្បន្ន មក​ប្រៀបធៀប​នឹង​ប្រពៃណី​ក្នុង​រឿង​នៅ​សម័យ​សញ្ញា​ចាស់​ឡើង ព្រោះ​សម័យ​នោះ​មាន​ប្រពៃណី​ខុស​ពី​សម័យ​បច្ចុប្បន្ន។ ទោះជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ចាំ​ថា នេះ​ជា​ជីវិត​ពិត​របស់​មនុស្ស​ពិត​ក្នុង​ភូមិ​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដែល​មាន​ពិត​មែន ដែល​បាន​ស្គាល់​ព្រះ​ពិត និង​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ថ្វាយ​ព្រះ​អង្គ​ទាំង​ស្រុង។ ហេតុ​នេះ​ហើយ យើង​មាន​សេចក្តី​ពិត​អស់​កល្ប​សម្រាប់​រៀន​សូត្រ។ ជា​បឋម យើង​អាច​ដឹង​ថា ផែន​ការ​របស់​ព្រះ​គ្រប់​គ្រង​ជីវិត​របស់​យើង តែ​មិន​បាន​កាត់​បន្ថយ​ការ​សម្រេច​ចិត្ត​របស់​យើង ក្នុង​ការ​សម្រេច​ចិត្ត​ទេ។ អំណាច​គ្រប់​គ្រង​ទាំង​ស្រុង​របស់​ព្រះ មិន​បាន​រារាំង​ការ​គិត​មាន​ហេតុ​ផល​របស់​នាង ណាអូមី ឬ​ការ​ឆ្លើយតប​របស់​នាង រស់ ទេ។ ព្រះ​អម្ចាស់​គ្រប់​គ្រង​ទាំង​ស្រុង តែ​មិន​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​សម្រេច​ចិត្ត​នោះ​ទេ។ 
រឿង​នាង រស់ ក៏​បាន​ក្រើន​រំឭក​យើង​ផង​ដែរ​ថា សូម្បី​តែ​នៅ​ពេល​ដែល​កំហុស​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ប្រែ​ប្រួល ក៏​ព្រះ​នៅ​តែ​ប្រោស​លោះ​យើង​ឲ្យ​រួចពី​កំហុស​ទាំង​នោះ ដើម្បី​ជា​ប្រយោជន៍​យើង និង​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ​ដែរ។ ប្ដី​របស់​នាង ណាអូមី មិន​គួរ​ផ្លាស់​ប្ដូរ​ទី​លំនៅ​របស់​គ្រួសារ​ខ្លួន​ចេញ​ពី​ទឹក​ដី​សន្យា ទៅ​ទឹក​ដី​ម៉ូ​អាប់ ជា​សត្រូវ​នៃ​រាស្ត្រ​របស់​ព្រះ​នោះ​ទេ ហើយ​កូន​ប្រុស​គាត់​ក៏​មិន​ត្រូវ​រៀប​ការ​ជា​មួយ​សាសន៍​ម៉ូអាប់​ដែរ ព្រោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​កាន់​សាសនា​ដទៃ​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​នៅ​តែ​អាច​កែ​ប្រែ​ការ​សម្រេច​ចិត្ត​ខុស​នេះ ដើម្បី​នាំ​នាង រស់ ទៅ​រក​នាង ណាអូមី ទៅ​រក​ព្រះអង្គ និង​ចូល​ទៅ​ក្នុង​ខ្សែ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ប្រោស​លោះ​ធ្វើ​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ ១:១-៦)។ ការ​ប្រោស​លោះ​នេះ មិន​មែន​សម្រាប់​ឲ្យ​យើង​ប្រើ​ជា​លេស ដើម្បី​បះបោរ​ដោយ​ចេតនា​ឡើយ តែ​វា​ជា​ការ​ធានា​ថា យើង​មិន​ចាំបាច់​ត្រូវ​អស់​សង្ឃឹម ដោយ​សារ​កំហុស​ពី​អតីត​កាល​ឡើយ។
ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុង​ការ​សម្រេច​ផែនការ​ប្រោស​លោះ ដោយ​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ចូល​ទៅ​ក្នុង​លោកីយ៍ ហើយ​បន្ទាប់​មក​ត្រាស់​ហៅ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ជឿ​ទ្រង់។ អំណាច​គ្រប់​គ្រង​ទាំង​ស្រុង​នេះ គឺ​ជា​ការ​ធានា​ថា នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត ហើយ​ពិចារណា​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ យើង​ទុក​ចិត្ត​ព្រះ តាម​រយៈ​សកម្មភាព​ដែល​យើង​ធ្វើ​ដោយ​ជំនឿ។ នាង ណាអូមី មិន​បាន​អង្គុយ​ក្នុង​ផ្ទះ​រង់​ចាំ​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​អ្វី​មួយ ដោយ​និយាយ​ថា សូម​ព្រះ​អង្គ​សម្រេច​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​នោះ​ទេ។ ទេ! នាង​បាន​ធ្វើ​អ្វី​ម្យ៉ាង​ដោយ​លើក​ទឹក​ចិត្ត​នាង រស់ ឲ្យ​បោះ​ជំហាន​បន្ទាប់ នៅ​ក្នុង​ការ​អ្វី​ដែល​ហាក់​ដូច​ជា​កំពុង​បើក​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់។ 
ការ​ទុក​ចិត្ត​លើក​ការ​ផ្គត់ផ្គង់​របស់​ព្រះ​មិន​មាន​ន័យ​ថា យើង​អង្គុយ​រង់​ចាំ​ឲ្យ​ផែនការ​សម្រេច ដោយ​គ្រាន់​តែ​ច្រៀង​ថា «សូម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​បាន​សម្រេច យើង​មិន​អាច​មើល​ឃើញ​ពេល​អនាគត​បាន​ទេ»។120 ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ដែល​បាន​មាន​បន្ទូល​ថា «កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ» (លូកា ២២:៤២)។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​អធិស្ឋាន​ដូច​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​អនុវត្ត​តាម​ការ​អធិស្ឋាន​នេះ ដោយ​ការ​ស្តាប់​បង្គាប់​ទាំង​ស្រុង ទោះ​ត្រូវ​លះ​បង់​ព្រះ​ជន្ម​ក៏​ដោយ។ 
វិថី​ជីវិត​អាច​មាន​ការ​បត់​ចុះ​ឡើងៗ ប៉ុន្តែ​ព្រះ​បន្ទូល​ព្រះ​សន្យា​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​តំរិះ​ទ្រង់» (រ៉ូម ៨:២៨)។ ចូរ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​នេះ។ តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ឬ? តើ​អ្នក​ឆ្ងល់​ថា អ្នក​ត្រូវ​ជ្រើស​រើស​ផ្លូវ​មួយ​ណា​ឬ? ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង ហើយ​ជួយ​សង្គ្រោះ​យើង។ ទោះ​អ្នក​សម្រេច​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ចូរ​រស់​នៅ​ដោយ​ចិត្ត​ក្លាហាន និង​មាន​សេរី​ភាព ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុង​គ្រប់​គ្រង​ទាំង​ស្រុង​តាម​ផែនការ​របស់​ព្រះ​អង្គ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៦:៦-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ១៤-១៥ និង​១យ៉ូហាន ៤

ប្រភេទ