
ការតាំងសញ្ញាដែលមានការប្ដេជ្ញាចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 3, 2025
«ដូច្នេះពួកអ្នកដែលនៅត្រង់ទ្វារក្រុង នឹងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត...ដូច្នេះ បូអូសបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំនងបង្កើតបានកូនប្រុស១» (នាងរស់ ៤:១១, ១៣)។
នៅសម័យសញ្ញាចាស់ ច្រកទ្វារទីក្រុងគឺជាកន្លែងប្រមូលផ្តុំនៃសកម្មភាពក្នុងតំបន់ ជាទីផ្សារ និងមជ្ឈមណ្ឌលនៃការងារស៊ីវិល។ ពួកឈ្មួញ អ្នកសុំទាន មន្ត្រីរាជការ អ្នកដឹកនាំសាសនា និងមនុស្សជាច្រើនទៀត ជួបជុំគ្នា នៅទីនោះ ដើម្បីធ្វើជំនួញ អនុវត្តច្បាប់ ទទួលការតែងតាំង លក់ដូរ និងទំនាក់ទំនងគ្នា។ លោក បូអូស បានទៅប្រកាសអំពីការប្ដេជ្ញាចិត្តថា នឹងរៀបការជាមួយនាង រស់ នៅកន្លែងអ៊ូអរដូចនេះឯង។ អាពាហ៍ពិពាហ៍របស់ពួកគេបានជួយឲ្យយើងយល់អត្ថន័យនៃការរៀបការតាមព្រះគម្ពីរ។
ទីមួយ មង្គលការស្របតាមព្រះគម្ពីរ ត្រូវរាប់បញ្ចូលសេចក្តីស្រឡាញ់ដែលមានការប្ដេជ្ញាចិត្ត។ សេចក្តីស្រឡាញ់ដូចនេះ មិនផ្អែកទៅលើអារម្មណ៍ ឬកាលៈទេសៈទាំងស្រុងនោះឡើយ តែបានចាក់ឫសចូលជ្រៅ និងគ្មានលក្ខខណ្ឌ គ្រប់រដូវកាល និងគ្រប់ស្ថានភាពទាំងអស់។ ការនេះបានឆ្លុះបញ្ចាំង នៅក្នុងពាក្យសច្ចា ដែលពួកជំនុំប្រើក្នុងពេលសព្វថ្ងៃក្នុងពិធីមង្គលការ ដែលជាការប្ដេជ្ញាចិត្តថា នឹងស្រឡាញ់គ្នា ទោះមានឬក្រ ទោះឈឺឬជា ល្អឬអាក្រក់ក្ដី។
ទីពីរ អាពាហ៍ពិពាហ៍ក៏រាប់បញ្ចូលសាក្សីផងដែរ។ នៅពេលដែលប្រុសម្នាក់ និងស្ត្រីម្នាក់រៀបការ ពួកគេរួបរួមគ្នាតែមួយ នៅក្រោមការតាំងសញ្ញានៃសេចក្តីស្រឡាញ់ និងការថែរក្សា។ ក្នុងនាមយើងជាមនុស្សដែលមាន បាប យើងត្រូវការអ្នកដទៃឲ្យធ្វើសាក្សីនៃការប្ដេជ្ញាចិត្តនេះ។ ហេតុនេះហើយ ពិធីមង្គលការយ៉ាងហោចណាស់ត្រូវតែមានសាក្សីម្នាក់ ដែលបានដឹងឮការរួបរួម បង្កើតជាគ្រួសារថ្មី។ លោក បូអូស បានអនុវត្តយ៉ាងដូចនេះ នៅច្រកទ្វារទៅក្រុងដែលមានហ្វូងមនុស្ស និងពួកចាស់ទុំនៅទីក្រុងធ្វើជាសាក្សីនៃការសច្ចាថា នឹងយកនាង រស់ធ្វើជាភរិយា។ ដូចនេះ ពួកគេបានដឹងឮពាក្យសម្ដីរបស់គាត់។
ទីបី ទំនាក់ទំនងប្ដីប្រពន្ធដែលកោតខ្លាចព្រះ ត្រូវតែមានការរួបរួមខាងរូបកាយដែលមានការប្ដេជ្ញាចិត្ត។ ព្រះទ្រង់សព្វព្រះទ័យឲ្យទំនាក់ទំនងប្ដីប្រពន្ធឆ្លុះបញ្ចាំងអំពីភាពជិតស្និទ្ធកាន់តែស៊ីជម្រៅ ដែលយើងមានជាមួយព្រះអង្គ គឺដូចដែលព្រះអង្គបានស្រឡាញ់ពួកជំនុំជាកូនក្រមុំរបស់ទ្រង់។ ទំនាក់ទំនងរវាងប្ដី និងប្រពន្ធគួរតែមានភាពស៊ីជម្រៅកាន់តែខ្លាំងតាមរយៈការរួមដំណេក ក៏ដូចជាទំនាក់ទំនងផ្សេងទៀត។ ការរួបរួមផ្លូវកាយគួរតែកើតឡើងក្នុងបរិបទនៃទំនាក់ទំនងដែលមានការប្ដេជ្ញាចិត្ត មានក្តីស្រឡាញ់ និងមានការទទួលស្គាល់ដោយបើកចំហ។ ការកាត់ផ្តាច់ការប្ដេជ្ញាចិត្តខាងផ្លូវកាយចេញពីការប្ដេជ្ញាចិត្តផ្លូវអារម្មណ៍ ផ្លូវចិត្ត ផ្លូវវិញ្ញាណ និងផ្លូវបញ្ញា គឺជាការចំអកឲ្យការរចនារបស់ព្រះ។
ការយល់ដឹងរបស់លោកីយ៍អំពីសេចក្តីស្រឡាញ់ និងអាពាហ៍ពិពាហ៍ ច្រើនតែមានការខ្វះចន្លោះខ្លាំង ធៀបនឹងការបង្រៀនអំពីសម្រស់ និងអត្ថប្រយោជន៍នៃការរួបរួមនៃប្ដីមួយប្រពន្ធមួយដែលអាចទុកចិត្តបាន ស្មោះត្រង់ និងមានការប្ដេជ្ញាចិត្ត។ ពេលណាយើងធ្វើតាមសេចក្តីសញ្ញានេះ យើងនឹងឃើញតម្លៃនៃការប្ដេជ្ញាចិត្តដែលព្រះជាកូនកំលោះនៅស្ថានសួគ៌មានចំពោះពួកជំនុំជាកូនក្រមុំ (អេភេសូរ ៥:២២-២៧)។ ទំនាក់ទំនងប្ដីប្រពន្ធគ្រីស្ទបរិស័ទគឺជាព្រះពរ និងជារូបភាពឆ្លុះបញ្ចាំងអំពីការពិតនៃមង្គលការដែលធំជាង។ គ្មានមង្គលការណាដែលល្អឥតខ្ចោះទេ គឺល្អឥតខ្ចោះតែមង្គលការនៅស្ថានសួគ៌ដែលធំជាង ប៉ុន្តែមង្គលការរបស់អ្នកជឿ សុទ្ធតែព្យាយាមឆ្លុះបញ្ចាំអំពីមង្គលការនៅស្ថានសួគ៌។ ចូរលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យរបស់មង្គលការក្នុងព្រះគម្ពីរ ហើយរស់នៅស្របតាមអត្ថន័យនោះ ក្នុងរបៀបដែលអ្នកគិត និយាយ អធិស្ឋាន និងមានអាកប្បកិរិយាចំពោះទំនាក់ទំនងប្ដីប្រពន្ធ (ទោះក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នក ឬមនុស្សនៅជុំវិញអ្នកក៏ដោយ)។
ខគម្ពីរសញ្ជឹងគិត៖ បទចម្រៀងសាឡូម៉ូន ៦:៤-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ២៣-២៤ និងកូឡូស ១