
ចូរអធិស្ឋាន
ដោយLeslie Koh
November 19, 2025
ទំនុកដំកើង ៦:៤-១០
ព្រះយេហូវ៉ាបានស្ដាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង។ ទំនុកដំកើង ៦:៩
ការងារដែលគេជួលឲ្យខ្ញុំធ្វើមិនមានដំណើរការល្អទេ។ អតិថិជនកំពុងទាមទារឲ្យខ្ញុំធ្វើកិច្ចការដែលហាក់ដូចជាមិនអាចធ្វើបាន ហើយខ្ញុំមានចិត្តថប់បារម្ភ និងបាក់ទឹកចិត្ត។ ការឆ្លើយតបដំបូងរបស់ខ្ញុំ គឺគ្រាន់តែចង់បោះបង់ចោលការងារនោះ ដែលមានន័យថា ខ្ញុំនឹងមិនទទួលប្រាក់ឈ្នួល សម្រាប់ការងារដែលខ្ញុំបានធ្វើនោះឡើយ ហើយក៏ធ្វើឲ្យខ្ញុំបាត់បង់ឱកាសទទួលការងារពីពួកគេ នៅពេលអនាគត។ បន្ទាប់មក មានគំនិតមួយបានលេចឡើង ធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានអធិស្ឋានសូមជំនួយពីព្រះអម្ចាស់ហើយឬនៅ?
ខ្ញុំក៏មានការភ្ញាក់ខ្លួន ដោយដឹងថា ខ្ញុំបានភ្លេចទូលសូមជំនួយពីព្រះអង្គហើយ! ដូចនេះ ខ្ញុំក៏បានអធិស្ឋាន ហើយភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ល្អជាងមុន។ ការងារនោះមិនទាន់មានអ្វីផ្លាស់ប្តូរទេ ដោយខ្ញុំនៅតែជួបបញ្ហាប្រឈម តែខ្ញុំមានអារម្មណ៍ថា សន្តិភាពរបស់ព្រះបានជ្រួតជ្រាបពេញក្នុងចិត្តខ្ញុំ។ ឥឡូវនេះ ខ្ញុំដឹងថា ខ្ញុំអាចទុកចិត្តព្រះអង្គ ដោយធ្វើការងារនោះអស់ពីលទ្ធភាពរបស់ខ្ញុំ ហើយថ្វាយលទ្ធផលឲ្យព្រះអង្គជាអ្នកសម្រេច។
ស្តេចដាវីឌប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ នៅពេលដែលទ្រង់ថ្វាយការភ័យខ្លាច និងការព្រួយបារម្ភដល់ព្រះអម្ចាស់។ ក្នុងបទគម្ពីរទំនុកដំកើង ៦ ទ្រង់បានពិពណ៌នាអំពីការឈឺចាប់ ដោយសារខ្មាំងសត្រូវកំពុងឡោមព័ទ្ធទ្រង់(ខ.៣,៧)។ ប៉ុន្តែ ខណៈពេលដែលទ្រង់ចាប់ផ្តើមងាកទៅរកជំនួយរបស់ព្រះ ទ្រង់ក៏ទទួលបានការធានាជាថ្មី ដោយទ្រង់ពោលថា ព្រះអម្ចាស់បានឮការទូលអង្វររបស់ទ្រង់ហើយ ព្រះអម្ចាស់ក៏បានទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។
ទ្រង់បានទទួលស្គាល់សេចក្តីពិត ដោយសង្ឃឹមថា ទ្រង់នឹងទទួលបានការរំដោះ តាមពេលវេលា និងតាមផ្លូវរបស់ព្រះអម្ចាស់(ខ.១០)។ ការអធិស្ឋានមិនមែនជាគន្លឹះដើម្បីឲ្យយើងមានអារម្មណ៍ល្អនោះទេ តែជាការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះ ដែលទតឃើញអ្វីៗគ្រប់យ៉ាង និងមានគ្រប់ព្រះចេស្តា ដែលនឹងជួយយើង តាមពេលវេលា និងផ្លូវរបស់ព្រះអង្គ។ តើអ្នកមានការថប់បារម្ភ ឬបាក់ទឹកចិត្តឬទេ? ចូរអធិស្ឋាន ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្តាប់អ្នកជានិច្ច។—Leslie Koh
តើអ្នកកំពុងប្រឈមមុខដាក់បញ្ហា ឬការព្រួយបារម្ភអ្វី នៅពេលនេះ? តើធ្វើដូចម្តេច ដើម្បីកុំឲ្យអ្នកភ្លេចទូលថ្វាយដល់ព្រះអង្គ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្តាប់ឮទូលបង្គំអធិស្ឋានសូមជំនួយ។
សូមព្រះអង្គជួយទូលបង្គំឲ្យមានសន្តិភាពក្នុងចិត្ត ដ្បិតទូលបង្គំដឹងថា ទូលបង្គំអាចថ្វាយបញ្ហារបស់ទូលបង្គំ
ទៅក្នុងព្រះហស្តដ៏មានចេស្តា និងក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១១-១៣ និង យ៉ាកុប ១