
ការដឹងគុណព្រះ ដ៏ហូរហៀរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 20, 2025
«នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង» (កូឡូស ២:៦-៧)។
ប្រសិនបើយើងកំពុងតែដើរដោយមានទឹកមួយកែវកាន់នៅក្នុងដៃ ហើយស្រាប់តែមាននរណាម្នាក់ដើរបុកយើង ដោយមិនដឹងខ្លួន នោះទឹកក្នុងកែវនឹងកំពប់មិនខាន។ យើងក៏បង្ហាញចេញចរិតពិតរបស់យើងតាមគោលការណ៍ដូចនេះផងដែរ។ បើយើងមានពេញដោយភាពជូរល្វីង ការរមិលគុណ ការច្រណែនឈ្នានីស នោះការប៉ះទង្គិចតែបន្តិចជាមួយអ្នកដទៃនឹងធ្វើឲ្យចរិតលក្ខណៈទាំងអស់នេះហៀរចេញមកខាងក្រៅឲ្យគេឃើញមិនខាន។
កាលសាវ័ក ប៉ុល សរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទនៅទីក្រុងកូឡូស គាត់បានលើកទឹកចិត្តពួកគេឲ្យមានចិត្តដែលដឹងគុណព្រះ គឺជាចរិតលក្ខណៈជាគន្លឹះរបស់ជីវិតគ្រីស្ទបរិស័ទ។ ក្នុងការពណ៌នាអំពីការដឹងគុណនេះ សាវ័ក ប៉ុល បានប្រើពាក្យ ពេរីសេអ៊ូ ជាភាសាក្រិក ដែលគេប្រើជាទូទៅនៅសម័យនោះ។ ក្នុងខគម្ពីរផ្សេងទៀត ឫសរបស់ពាក្យនេះ គេអាចបកប្រែមកថា «ហូរហៀរ»។ សាវ័ក ប៉ុល ចង់មានន័យថា នៅពេលដែលគេជួបអ្នកជឿទាំងនោះ ការអរព្រះគុណព្រះនឹងហូរហៀរចេញមកក្រៅឲ្យគេឃើញដូចដែលគាត់បានបង្គាប់ពួកគេ។
នៅពេលណាបុរស និងស្ត្រីដែលមិនបានផ្លាស់ប្រែដោយព្រះគ្រីស្ទ ការរមិលគុណព្រះបានក្លាយជាលក្ខណៈសម្គាល់នៃជីវិតរបស់ពួកគេគួបផ្សំនឹងភាពជូរល្វីង ការរអ៊ូរទាំ កំហឹង និងការឈ្នានីស ដែលកើតចេញពីការមិនដឹងគុណនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងព្រះគ្រីស្ទអ្នកជឿព្រះជំនួសការរមិលគុណព្រះដោយការអរព្រះគុណព្រះ ចិត្តជូរល្វីងដោយអំណរ កំហឹងដោយសន្តិភាពក្នុងចិត្ត។ យើងទទួលការអត់ទោសបាប នៅពេលដែលយើងបានឮអំពីព្រះគុណរបស់ព្រះនៅក្នុងសេចក្តីពិតដ៏ពេញលេញ ហើយងាកបែរទៅរកព្រះអង្គ ដោយការប្រែចិត្ត និងសេចក្តីជំនឿ។ យើងមានព្រះវិញ្ញាណគង់នៅក្នុងយើង។ យើងមានគ្រួសារថ្មីមួយ ដែលជាពួកជំនុំរបស់ព្រះ។ យើងមានជីវិតអស់កល្បកំពុងរង់ចាំយើង។ យើងមានផ្លូវចូលទៅរកបល្ល័ង្ករបស់ព្រះ តាមរយៈការអធិស្ឋាន។ អាចនិយាយម្យ៉ាងទៀតថា យើងមានហេតុផលជាច្រើនដែលត្រូវអរព្រះគុណព្រះ។ ការអរព្រះគុណព្រះបានបង្ហូរចេញមក ជាបទចម្រៀងរបស់គ្រីស្ទបរិស័ទ។
ការដឹងគុណព្រះយ៉ាងដូចនេះ នាំមកនូវការផ្លាស់ប្ដូរដ៏សំខាន់ដោយនាំយើងងាកទៅរកព្រះ និងបែរចេញពីខ្លួនយើង និងកាលៈទេសៈរបស់យើង។ ហើយក៏បានការពារយើងមិនឲ្យចាញ់បញ្ឆោតអារក្ស ដែលខ្សឹបដាក់ត្រចៀកយើង ដើម្បីឲ្យយើងអស់សង្ឃឹម និងមិនទុកចិត្តព្រះបន្ទូលរបស់ព្រះអង្គ។ ការដឹងគុណព្រះក៏បានការពារយើងឲ្យរួចផុតពីអំនួត និងលុបបំបាត់ការរអ៊ូរទាំថា «ខ្ញុំសមនឹងទទួលលើសពីនេះ» ឬ «ខ្ញុំមិនសមនឹងជួបរឿងនេះសោះ»។ ហើយការដឹងគុណព្រះក៏បានអនុញ្ញាតឲ្យយើងសម្រាក ដោយដឹងថា ព្រះទ្រង់បំពេញគោលបំណងរបស់ទ្រង់ដោយក្តីស្រឡាញ់ មិនគ្រាន់តែក្នុងរឿងដែលធ្វើឲ្យយើងសប្បាយចិត្ត និងលើកទឹកចិត្តយើងប៉ុណ្ណោះទេ តែក៏ក្នុងរឿងដែលធ្វើឲ្យទាស់ចិត្ត និងឈឺចាប់ផងដែរ។ មានតែដោយសារព្រះគុណប៉ុណ្ណោះ ដែលយើងរៀន «អរព្រះគុណព្រះ ក្នុងគ្រប់កាលៈទេសៈទាំងអស់» (១ថែស្សាឡូនីច ៥:១៨)។
ថ្នាំបន្សាបសម្រាប់ការរមឹលគុណព្រះ គឺអាចរកបាននៅក្នុងការរួបរួមជាមួយព្រះគ្រីស្ទតែប៉ុណ្ណោះ។ តើអ្នកបានមើលឃើញខ្លួនឯងមានការរមិលគុណព្រះដោយសារព្រះអង្គបានសម្រេចព្រះទ័យមិនប្រទានអ្វីមួយដល់អ្នកឬទេ? ចូរនាំបញ្ហានេះមកដាក់នៅទៀបឈើឆ្កាង ដោយស្វែងរកការអត់ទោសបាបពីព្រះគ្រីស្ទ ហើយសូមព្រះអង្គជួយអ្នកឲ្យមើលឃើញអ្វីគ្រប់យ៉ាងដែលអ្នកមាន គឺព្រះអង្គបានប្រទានដោយឥតគិតថ្លៃក្នុងដំណឹងល្អរបស់ព្រះអង្គ។ ចូរញែកពេល ជារៀងរាល់ថ្ងៃ ដើម្បីសរសេរ និងរាប់ព្រះពរដែលអ្នកបានទទួលពីព្រះ ដែលអ្នកបានទទួល។ នោះអ្នកនឹងមានការដឹងគុណព្រះអង្គពិតប្រាកដ និងហូរហៀរ។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១០៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២៨-២៩ និងលូកា ៤:៣១-៤៤