នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

នៅ​ស្ងៀម ហើយ​ស្តាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

នៅ​ស្ងៀម ហើយ​ស្តាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 21, 2025

«វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាស​នឹង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ឯ​ព្រះ​យេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំងមូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ» (ហាបាគុក ២:១៩-២០)។
ពិភព​លោក​ដែល​ហោរា ហាបាគុក កំពុង​រស់​នៅ​ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ និង​ហើយ​ហាក់​ដូចជា​មិន​អាច​ស្តា​ឡើង​វិញ​បាន។ ចិត្ត​របស់​គាត់​មាន​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង បាន​ជា​គាត់​ទូល​សួរ​ព្រះ​អម្ចាស់​ថា ហេតុអ្វី​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​រឿង​ទាំង​អស់​នោះ​កើត​ឡើង (ហាបាគុក ១:២-៣)។ គាត់​ចង់​ឲ្យ​ព្រះ​អង្គ​ធ្វើអ្វី​ម្យ៉ាង។ គាត់​ចង់​បាន​ចម្លើយ។ គាត់​ចង់​បាន​ការ​ផ្លាស់ប្ដូរ។ ហើយ​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា ទ្រង់​នៅ​តែ​គ្រង​រាជ​នៅ​ឡើយ​ទេ។ ចូរ​ចាំ​ថា ព្រះ​អង្គ​ជា​នរណា ហើយ​គាត់​ជា​នរណា។ ព្រះ​អង្គ​នៅតែ​មាន​ព្រះ​វត្តមាន «ក្នុង​ព្រះ​វិហារ​ដ៏​បរិសុទ្ធ» គ្រប់​គ្រង​ផែនដី​ទាំង​មូល​ដោយ​អធិបតេយ្យ​ភាព​របស់​ទ្រង់។ ទ្រង់​បាន​កំណត់​រួច​ជាស្រេច​នូវ​របៀប​ដែល​ព្រះ​អង្គ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ហោរា ហាបាគុក ឲ្យ​មាន​ការ​បន្ទាប​ខ្លួន និង​មាន​ភាព​ស្ងាត់ស្ងៀម នៅ​ពេល​ដែល​គាត់​បាន​ទទួលស្គាល់​ការពិត​នេះ។ ទោះ​គាត់​មាន​សំណួរ និង​ការ​ត្អូញត្អែរ​ក៏ដោយ ហើយ​ទោះ​ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​គាត់​ទូល​សួរ​ព្រះ​អង្គ​ក៏ដោយ ក៏​ជាដំបូង​គាត់​ចាំ​បាច់​ត្រូវ​ជ្រើស​រើស​ស្តាប់​នូវ​អ្វី​ដែល​ព្រះ​អង្គ​មាន​បន្ទូល និង​យក​ព្រះ​បន្ទូល​ព្រះ​អង្គ​មក​ពិចារណា​ផង​ដែរ។ យើង​សង្កេត​ឃើញថា ព្រះ​គម្ពីរ​ទាំង​មូល​បាន​ចែង​អំពី​ការ​ត្រាស់​ហៅ​ឲ្យ​ស្ងាត់ស្ងៀម។ ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​តម្កើង​ថា «ចូរ​បង្អង់​សិន​ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី» (ទំនុកតម្កើង ៤៦:‌១០)។ ក្នុង​កណ្ឌ​គម្ពីរ​សញ្ញាថ្មី កាល​ព្រះ​យេស៊ូវ​ឈរ​នៅ​ពីមុខ​លោក ពេត្រុស យ៉ាកុប និង​លោក យ៉ូហាន នៅ​លើ​ភ្នំ​នៅ​ពេល​ព្រះ​អង្គ​ប្រែ​ព្រះ​ភក្ត្រ ដោយ​សិរីល្អ​ពី​ស្ថានសួគ៌ នោះ​លោក ពេត្រុស មាន​ការ​ភ័យខ្លាច ហើយ​បាន​និយាយ​អ្វី​ដែល​លេច​ឡើង​ក្នុង​គំនិត​គាត់។ ពេល​នោះ ពួក​សាវ័ក​ទាំង​នោះ​ក៏​បាន​ឮ​សម្លេង​ពី​ស្ថានសួគ៌​មក​ថា «នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ» (ម៉ាថាយ ១៧:៥)។
នៅ​ពេល​ដែល​យើង​ជួប​ការ​លំបាក អ្នក​ខ្លះ​ឆ្លើយ​តប​ក្នុង​នាម​ជា​សកម្ម​ជន​តាម​ចារិត​លក្ខណៈ​របស់​ខ្លួន ដោយ​គិត​ឃើញ​ថា ពួក​គេ​ត្រូវ​ជម្នះ​បញ្ហា​នោះ ហេតុ​នោះ​ហើយ​យើង​ក៏​បាន​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ។ អ្នក​ខ្លះ​ឆ្លើយ​តប​ក្នុង​លក្ខណៈ​ជា​មនុស្ស​អវិជ្ជមាន ដោយ​គិតថា ពួក​គេ​មិន​អាច​ជម្នះ​បញ្ហា​នោះ​បាន​ទេ ដូច​នេះ​ពួក​គេ​គ្រាន់តែ​សម្ងំ​នៅ​ក្រោម​បញ្ហា​នោះ ឬ​ខ្ជះខ្ជាយ​ពេល​វេលា​នៅ​ក្នុង​ការ​កម្សាន្ត​ផ្សេងៗ ដើម្បី​បន្លប់​ខ្លួន​ឯង​មិន​ឲ្យ​គិត​ពី​វា។ ក្នុង​ករណី​ទាំង​ពីរ​នេះ ការ​ឆ្លើយ​តប​របស់​យើង​ត្រូវ​បាន​ជំរុញ​ដោយ​អវត្តមាន​នៃ​ភាព​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ​ដើម្បី​ស្តាប់ និង​គិត​អំពី​ព្រះ​បន្ទូល​ព្រះ​អង្គ។ យើង​កំពុង​រស់នៅ​ក្នុង​លោកីយ៍​ដែល​មាន​សម្លេង​រំខាន​ជាប់​ជានិច្ច គឺ​ពាក្យ​សម្ដី​សូរ​កកែកករ​ដែល​យើង​តែងតែ​ឮ​និយាយ​ពី​វាគ្មិន សាស្ត្រាចារ្យ និង​អ្នក​នយោបាយ។ ប៉ុន្តែ បើ​យើង​មិន​ស្តាប់​ព្រះ​អង្គ​មាន​បន្ទូល​ទេ យើង​នឹង​ធ្លាក់​ខ្លួន​ពឹង​ផ្អែក​លើ​រូប​ព្រះ​ដែល​គរ​មិន​អាច​និយាយ​បាន (ហាបាគុក ២:១៨-១៩)។ រូប​ព្រះ​មិន​អាច​និយាយ​បាន​ត្រឹម​ត្រូវ​អំពី​ជីវិត​របស់​យើង និង​កាលៈទេសៈ​ក្នុង​លោកីយ៍​របស់​យើង​ឡើយ។
នៅ​ថ្ងៃ​ដែល​មាន​ទុក្ខ​លំបាក សូម​យើង​ចាំ​ពាក្យ​សម្ដី​របស់​ហោរា ហាបាគុក ដែល​បាន​រំឭក​យើង​ថា «ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ»។ យើង​មិន​តែងតែ​មាន​ចម្លើយ​សម្រាប់​បញ្ហា​របស់​យើង​ទេ ហើយ​ពួក​អ្នក​ជំនាញ​ក៏​មិន​តែង​តែ​មាន​ដែរ។ ព្រះ​អង្គ​មិន​បាន​ហាម​យើង​មិន​ឲ្យ​សួរ​សំណួរ និង​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ឡើយ តែ​វា​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ បើ​យើង​ធ្វើ​វា​ដោយ​ខក​ខាន​មិន​បាន​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ស្តាប់​ព្រះ​បន្ទូល​ព្រះ និង​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​អង្គ។ ទោះ​មាន​រឿង​អ្វី​កំពុង​កើត​ឡើង​ជុំវិញ​យើង​ក៏ដោយ អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត គឺ​ត្រូវ​ចាំ​ថា ព្រះ​អម្ចាស់​កំពុង​នៅ​ក្នុង​ព្រះ​វិហារ​ទ្រង់​ដោយ​ដឹកនាំ​ប្រវត្តិសាស្ត្រ​ពី​បល្ល័ង្ក​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ។ នេះ​ជា​គ្រឹះ​សម្រាប់​ការ​យល់​ដឹង​របស់​យើង អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​ក្នុង​លោកីយ៍​ដែល​នៅ​ជុំវិញ​យើង។ 
តើ​អ្នក​មាន​អារម្មណ៍​ថា ប្រទេស​ជាតិ​ទាំងឡាយ​កំពុង​កក្រើក​រំពើក និង​នគរ​ទាំងឡាយ​កំពុង​រញ្ជួយ​ឬទេ? តើ​ភ្នំ​កំពុង​រំកិល​ទៅ​មុខ ហើយ​ទឹក​រលក​កំពុង​រំជួល​ឡើង​ឬទេ (ទំនុកតម្កើង ៤៦:២-៣,៦)? ចូរ​ចំណាយ​ស្ងាត់​ស្ងៀម ដោយ​ដឹង​ថា ព្រះ​ទ្រង់​គឺ​ជា​ព្រះ ហើយ​ចូរ​ស្តាប់​ព្រះ​អង្គ​ចុះ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ទំនុកតម្កើង ៤៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១-៣ និង​លូកា ៥:១-១៦

ប្រភេទ