
ព្រះទ្រង់តែងតែទតមើលយើង
ដោយNancy Gavilanes
November 21, 2025
ទំនុកដំកើង ១២១
ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ។ ទំនុកដំកើង ១២១:៣
អ្នកបើកបរយន្តហោះពីរនាក់បានគេងលក់ ខណៈពេលដែលយន្តហោះកំពុងហោះហើរពីលើប្រទេសឥណ្ឌូណេស៊ី។ អ្នកបើកបរយន្តហោះដែលជាមេបញ្ជាការ បានទទួលការអនុញ្ញាត ឲ្យគេងរយៈពេលខ្លី នៅពេលដែលយន្តហោះបានហោះឡើងទៅដល់រយៈកម្ពស់ដែលអាចធ្វើដំណើរក្នុងល្បឿនថេរបាន តែនៅពេលដែលគាត់ក្រោកឡើង គាតក៏បានឃើញអ្នកបើកបរយន្តហោះម្នាក់ទៀត កំពុងតែគេងដែរ។ អ្នកទាំងពីរបានគេងលក់អស់រយៈពេល៣០នាទី ដោយមានអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៥០នាក់ នៅក្នុងយន្តហោះដែលកំពុងហោះហើរនៅរយៈកម្ពស់ប្រហែល ១០គីឡូម៉ែត្រ។ យន្តហោះនោះបានធ្វើដំណើរខុសទិសដៅ ប៉ុន្តែ អរព្រះគុណព្រះអង្គ ដែលវាបានងាកទៅរកគោលដៅរបស់វាវិញ និងចុះចតដោយសុវត្ថិភាព។
អ្នកបើកបរយន្តហោះដែលជាមនុស្ស អាចងោកងុយហើយគេងលក់ ខណៈពេលដែលយន្តហោះកំពុងហោះហើរនៅលើអាកាស តែយើងអាចទុកចិត្តថា ព្រះទ្រង់មិនដែលផ្ទំលក់ឡើយ។
នេះជាការកម្សាន្តចិត្ត ដែលយើងអាចរកឃើញ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១២១។ ក្នុងខគម្ពីរទាំង៨ ក្នុងជំពូកនេះ យើងទទួលបានការក្រើនរំឭកថា ព្រះទ្រង់សព្វញ្ញូញ្ញាណ ឬជ្រាបអំពីជីវិតយើងគ្មានកន្លែងចន្លោះ មានព្រះវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ ឬមានព្រះវត្តមានជាមួយយើងគ្រប់ពេល ហើយព្រះអង្គក៏មានគ្រប់ព្រះចេស្តា ដូចនេះ ព្រះអង្គអាចការពារយើងបាន។ អ្នកនិពន្ធទំនុកដំកើងក៏បានប្រកាសថា ជំនួយរបស់យើង គឺមកពីព្រះអង្គ(ខ.២)។ ព្រះអង្គជាអ្នកថែរក្សា និងជាម្លប់សម្រាប់ឲ្យយើងចូលជ្រក(ខ.៥) ហើយព្រះអង្គក៏ការពារយើង ឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ខណៈពេលដែលព្រះអង្គកំពុងថែរក្សាវិញ្ញាណយើង(ខ.៧)។
ព្រះទ្រង់មិនដែលហត់នឿយឡើយ។ “ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ”(ខ.៣)។ អ្នកនិពន្ធទំនុកដំកើងក៏បានសន្និដ្ឋានថា “ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនោះរៀងតទៅ”(ខ.៨)។
នៅពេលណាយើងឆ្ងល់ថា តើព្រះបានភ្លេចយើងហើយឬ យើងអាចទុកចិត្តថា ព្រះអង្គកំពុងតែកាន់ចង្កូត។ ព្រះអង្គមិនដែលងោកងុយ ហើយកំពុងទតមើលយើងជានិច្ច។—Nancy Gavilanes
ហេតុអ្វីពេលខ្លះ យើងមានអារម្មណ៍ថា ព្រះទ្រង់កំពុងផ្ទំលក់?
តើអ្នកមានការកម្សាន្តចិត្តយ៉ាងណា នៅពេលដែលបានដឹងថា
ព្រះអង្គមិនដែលងោកងុយ ហើយជ្រាបថា អ្នកកំពុងជួបបញ្ហាអ្វីខ្លះ?
ឱព្រះដ៏មានចេស្តា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែទតមើលទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៦-១៧ និង យ៉ាកុប ៣