
សំណួរអំពីទុក្ខលំបាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 23, 2025
«នោះដីត្រូវបណ្ដាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត» (លោកុប្បត្ដិ ៣:១៧)។
គ្មានមនុស្សណាដែលមិនធ្លាប់ឆ្លងកាត់ទុក្ខលំបាកនោះទេ។ ទោះបីជាទុក្ខលំបាកនោះកើតឡើងដោយសារការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការពិនិត្យសុខភាពដ៏ឈឺចាប់ ជម្លោះនៅកន្លែងធ្វើការ ទំនាក់ទំនងដែលបាក់បែក ឬអ្វីផ្សេងទៀតដែលស្រដៀងនេះក៏ដោយ ក៏គ្មានមនុស្សណាម្នាក់ដែលរួចផុតពីទុក្ខលំបាកដែរ។ ព្រះគម្ពីរទាំងមូលមានខគម្ពីរជាច្រើននិយាយអំពីទុក្ខលំបាក។
ក្នុងការរស់នៅ និងការអានព្រះគម្ពីររបស់យើង យើងមើលឃើញកាន់តែច្បាស់ដោយមិនអាចប្រកែកបានថា ទុក្ខលំបាកគឺជាផ្នែកមួយនៃការរស់នៅរបស់មនុស្ស។
ពេលណាយើងទទួលស្គាល់ការពិតនេះ សំណួរពេញនិយមបំផុតដែលយើងច្រើនតែសួរនោះគឺ «ហេតុអ្វី?» ហេតុអ្វីមនុស្សរងទុក្ខ? ទស្សនវិជ្ជា និងសាសនាទាំងអស់បានព្យាយាមឆ្លើយតបចំពោះសំណួរនេះ ដោយនិយាយថា «ការឈឺចាប់គឺគ្រាន់តែជាការស្រមើស្រមៃ»។ «គ្មានព្រះពិតទេ ការឈឺចាប់គ្មានន័យអ្វីឡើយ»។ «ការឈឺចាប់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះឡើយ»។ «ការឈឺចាប់គឺជាផលវិបាកនៃទង្វើពីអតីតកាល ក្នុងជាតិនេះ ឬជាតិក្រោយ»។ ចម្លើយទាំងអស់នេះ មានចំណុចរួមមួយដែលដូចគ្នានោះគឺ ពួកវាមិនបានផ្តល់ឲ្យនូវក្តីសង្ឃឹមសោះឡើយ។ ប៉ុន្តែ ព្រះទ្រង់បានផ្តល់ឲ្យយើងនូវចម្លើយល្អជាង។
ព្រះអង្គអាចបញ្ឈប់សាតាំងមិនឲ្យបោកបញ្ឆោត ឬរារាំងលោក អ័ដាម និងនាង អេវ៉ា មិនឲ្យចាញ់បញ្ឆោត ឬថែមទាំងអាចបញ្ឈប់ទុក្ខលំបាក។ តែផ្ទុយទៅវិញ ព្រះអង្គបានសម្រេចព្រះទ័យប្រើប្រាស់ទុក្ខលំបាក ដើម្បីបង្រៀនបុរសស្ត្រីទាំងឡាយអំពីអត្ថន័យនៃការស្រឡាញ់ដោយស្ម័គ្រចិត្ត និងការស្តាប់បង្គាប់ពិតប្រាកដ ហើយដើម្បីឲ្យពួកគេដឹងថា ពួកគេត្រូវការព្រះសង្គ្រោះមួយអង្គ។
សេរីភាពរបស់យើងធ្វើឲ្យយើងអាចរៀនសូត្រមេរៀននេះបាន។ ព្រះទ្រង់មិនបានបង្កើតយើងមកឲ្យរស់នៅដូចមនុស្សយន្តនោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងបម្រើព្រះអង្គដោយសេរី និងដោយក្តីស្រឡាញ់ មិនមែនដោយការបង្ខំ ឬកាតព្វកិច្ចនោះទេ។ គួរឲ្យស្តាយណាស់ នៅក្នុងសេរីភាពនោះ មនុស្សជាតិបានជ្រើសរើសយកជីវិតដែលដាច់ចេញពីព្រះអង្គ ហើយទទួលផលវិបាកគួរឲ្យភ័យខ្លាច។
ហើយពេលណាយើងធ្វើអំពើបាប យើងបង្ហាញឲ្យឃើញថា យើងមិនខុសពីបុព្វបុរសដំបូងរបស់យើងនោះទេ។ ព្រះទ្រង់ជ្រាបថា បុរស និងស្ត្រីចាំបាច់ត្រូវប្រឈមមុខដាក់សេចក្តីពិតដែលថា ការបះបោរទាស់នឹងព្រះអង្គ គឺជាទង្វើដ៏ល្ងង់ខ្លៅ។ ហេតុនេះហើយ ទ្រង់បានបណ្ដេញពួកគេចេញពីដើមឈើជីវិតក្នុងសួនច្បាអេដែន (លោកុប្បត្ដិ ៣:២២-២៤)។ ហេតុនេះហើយ ពិភពលោកលែងមានដំណើរការ ដូចកាលពីដំបូងដែលព្រះអង្គបានបង្កើតវាមក ហើយរូបកាយយើងក៏មិនដំណើរការដូចមុនដែរ (ខ.១៦-១៩)។ យើងងាយវិលត្រឡប់មករកព្រះអង្គវិញ ដោយស្រេកឃ្លានសេចក្តីស្រឡាញ់របស់ព្រះអង្គប្រៀបដូចជាកូនដែលបះបោរ ហើយដឹងអំពីភាពល្ងង់ខ្មៅនៃការសម្រេចចិត្តរបស់ខ្លួនឯង ហើយសម្រេចចិត្តវិលត្រឡប់មកផ្ទះវិញ និងឲ្យតម្លៃគ្រួសាររបស់ខ្លួនកាន់តែខ្លាំង។ ព្រះទ្រង់អនុញ្ញាតឲ្យអំពើបាបចូលក្នុងលោកីយ៍ជាមួយនឹងភាពគួរឲ្យខ្លាចរបស់វា ដើម្បីឲ្យយើងអាចដឹងអំពីលទ្ធផលនៃការសម្រេចចិត្តរបស់យើង ហើយរៀនស្រឡាញ់ព្រះអង្គកាន់តែខ្លាំងថែមទៀត ខណៈពេលដែលព្រះអង្គបង្ហាញសម្រស់នៃសេចក្តីល្អរបស់ព្រះអង្គក្នុងលោកីយ៍ដែលអាក្រក់។
លោក ស៊ី អេស លូវីស (C.S. Lewis) ធ្លាប់បានមានប្រសាសន៍ដ៏ល្បីល្បាញយ៉ាងដូចនេះថា «ព្រះទ្រង់ខ្សឹបដាក់យើង ក្នុងពេលដែលយើងអរសប្បាយ ហើយមានបន្ទូលដោយសម្លេងធម្មតានៅក្នុងសម្បជញ្ញៈរបស់យើង តែព្រះអង្គស្រែកឮៗក្នុងការឈឺចាប់របស់យើង។ ការឈឺចាប់របស់យើង គឺជាមេក្រូដែលព្រះអង្គប្រើ ដើម្បីដាស់លោកីយ៍ដែលមានត្រចៀកថ្លង់ឲ្យភ្ញាក់ខ្លួនឡើង»។123 ព្រះអង្គមិនមែនជាអ្នកបង្កើតសេចក្តីអាក្រក់មកទេ តែព្រះអង្គមានអំណាចគ្រប់គ្រងមកលើសេចក្តីអាក្រក់។ ដូចនេះ យើងអាចសង្ឃឹមថា ថ្ងៃមួយ ព្រះអង្គនឹងបញ្ចប់វត្តមាននៃសេចក្តីអាក្រក់។ ក្នុងពេលសព្វថ្ងៃ ព្រះអង្គបានប្ដេជ្ញាព្រះទ័យថា នឹងឲ្យអ្វីបន្តដំណើរទៅមុខទៀតសិន ដើម្បីតាមរយៈទុក្ខលំបាករបស់យើង យើងអាចតោងឲ្យជាប់ព្រះអង្គសង្គ្រោះ ដែលទ្រង់ជាអ្នកបម្រើដែលបានរងទុក្ខ។ ចូរកុំបណ្តោយឲ្យការខកចិត្តក្នុងជីវិតរបស់យើងក្នុងលោកីយ៍ដែលមានបាប ទាញនាំយើងឲ្យជឿថា ព្រះមិនគង់នៅក្បែរ ឬមិនខ្វល់ពីយើងនោះឡើយ។ ផ្ទុយទៅវិញ ចូរអនុញ្ញាតឲ្យទុក្ខលំបាកនាំអ្នកទៅរកព្រះអង្គសង្គ្រោះម្តងហើយម្តងទៀតដែលទ្រង់បានសន្យាថា ថ្ងៃមួយព្រះអង្គនឹងបញ្ចប់ការអ្វីដែលខុស និងបង្ហាញអ្វីៗដែលត្រឹមត្រូវនៅចំពោះមុខអ្នកក្នុងជីវិតអស់កល្បជានិច្ច។
ខគម្ពីរសញ្ជឹងគិត៖ លូកា ១៥:១១-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ៧-៩ និងលូកា ៦:១-២៦