
ចូរចូលមក មនុស្សដែលអរព្រះគុណព្រះអើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 24, 2025
«ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់...សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងទ្រង់យាងមក។ ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសម្រេចការនោះ» (១ថែស្សាឡូនីច ៥:១៨, ២៣-២៤)។
ការដឹងគុណមិនតែងតែមានភាពងាយស្រួលនោះទេ សូម្បីតែសហរដ្ឋអាមេរិកជាប្រទេសធំមួយ ក៏ត្រូវញែកពេលបុណ្យជាតិមួយថ្ងៃធ្វើជាទិវាដឹងគុណ។ ក្នុងអំឡុងថ្ងៃបុណ្យជាតិនេះ ជនជាតិអាមេរិកជាច្រើនបានដឹងច្បាស់ថា ខ្លួនបានឆ្លងកាត់កាលៈទេសៈដ៏លំបាកជាច្រើនដែលមិនបានធ្វើឲ្យពួកគេមានអារម្មណ៍ដឹងគុណ។ អ្នកខ្លះប្រហែលជាកំពុងប្រឈមមុខដាក់ថ្ងៃដែលឯកោបំផុត ខណៈពេលដែលអ្នកដទៃមានអារម្មណ៍ថាពិបាកជាពន់ពេកដោយសារបន្ទុកដ៏ធ្ងន់នៃមនុស្សជាទីស្រឡាញ់ដែលកំពុងវង្វេងចេញពីដំណឹងល្អ។ តែមានអ្នកផ្សេងទៀតបានចូលក្នុងរដូវកាលនេះ ដោយការខកចិត្តយ៉ាងខ្លាំងដោយសារបរាជ័យផ្សេងៗដូចជា ការបាត់បង់ការងារ ទំនាក់ទំនងបែកបាក់ ឬការមិនបានឡើងតំណែងជាដើម។ ជួនកាល យើងមានការជាប់គាំងទាំងស្រុង មិនអាចស្រង់ខ្លួនឯងចេញពីការពិបាកចិត្ត និងអារម្មណ៍ដែលដាច់ចេញពីឆ្ងាយពីការដឹងគុណ ដូចទិសខាងលិចនៅឆ្ងាយពីទិសខាងកើតអញ្ចឹងដែរ។
ពេលណាយើងកំពុងតែស្ថិតក្នុងស្ថានភាពដូចនេះ ហើយឃើញខគម្ពីរដែលប្រាប់ឲ្យ «អរព្រះគុណព្រះក្នុងគ្រប់ការទាំងអស់» យើងច្រើនតែឆ្ងល់ថា តើយើងត្រូវឆ្លើយតបយ៉ាងដូចម្ដេច។ តែព្រះគម្ពីរមិនដែលផ្តល់ឲ្យនូវការលើកទឹកចិត្ត ដោយមិនផ្តល់ជំនួយនោះទេ។
យើងអាចបង្ហាញការដឹងគុណព្រះជាប្រចាំ ដោយសារព្រះរាជកិច្ចនៃការញែកជាបរិសុទ្ធរបស់ព្រះអង្គក្នុងជីវិតយើង។ ពាក្យ «ញែកជាបរិសុទ្ធ» គឺមានន័យថា «ញែកចេញថ្វាយព្រះ»។ នៅពេលព្រះអម្ចាស់យេស៊ូវគ្រីស្ទយាងមកគ្រងរាជ និងគ្រប់គ្រងជីវិតយើង ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងយើង ដើម្បីធ្វើការលាងសម្អាតជាប្រចាំ ដែលមានភាពចាំបាច់សម្រាប់ការលូតលាស់ខាងឯវិញ្ញាណ។ ព្រះរាជកិច្ចរបស់ព្រះជួយយើងឲ្យផ្លាស់ប្រែទៅជាអ្វីមួយដែលព្រះអង្គសព្វព្រះទ័យ «ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (ភីលីព ២:១៣)។ ពេលណាយើងនៅជាប់ក្នុងព្រះគ្រីស្ទ «ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់» (កូឡូស ២:៧) ដោយការសិក្សាព្រះគម្ពីរ រៀនអធិស្ឋាន ប្រកបជាមួយរាស្ត្ររបស់ព្រះអង្គ ដោយប្រាប់អ្នកដទៃអំពីព្រះអង្គ នោះយើងនឹងនឹកចាំថា ព្រះអង្គបានលះបង់ និងធ្វើអ្វីខ្លះសម្រាប់យើង និងក្នុងយើង។ យើងអាចរៀនច្រៀងជាមួយអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងថា «ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ស្ថិតនៅជិត មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់» (ទំនុកតម្កើង ៧៥:១)។ ទោះយើងមានការស្តាយក្រោយ និងការខកចិត្តយ៉ាងណាក៏ដោយ យើងនៅតែអាចមានការអរព្រះគុណដ៏ហូរហៀរ ពេលណាយើងនឹកចាំកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ដែលមានដូចជាការសុគតនៅលើឈើឆ្កាង ការមានព្រះជន្មរស់ឡើងវិញ ការយាងឡើងស្ថានសួគ៌វិញ និងព្រះរាជកិច្ចដែលព្រះអង្គធ្វើក្នុងយើង ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីនាំឲ្យយើងមានជំនឿ និងបន្តជឿព្រះអង្គ។
ទុក្ខលំបាករបស់យើងអាចមានភាពស្វិតស្វាញ និងធ្វើឲ្យពិបាកចិត្ត។ យើងប្រហែលមិនមានអារម្មណ៍ចង់អរព្រះគុណព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់ទេ។ វាមិនអីទេ ព្រោះការមានអារម្មណ៍ឬក៏អត់ មិនសំខាន់ទេ។ ព្រះទ្រង់ជួយឲ្យយើងអាចមានការដឹងគុណព្រះអង្គ ទោះជាយ៉ាងណាក៏ដោយ។ ព្រះអង្គប្រទានកម្លាំងដល់យើង ដើម្បីធ្វើតាមការបង្រៀនរបស់សាវ័ក ប៉ុល។
បើអ្នកមានអារម្មណ៍ថា ការដឹងគុណព្រះបានអវត្តមានក្នុងជីវិតអ្នក ក្នុងពេលនេះ អ្នកចាំបាច់ត្រូវបង្វែរអារម្មណ៍របស់អ្នកចេញពីកាលៈទេសៈ យ៉ាងហោចណាស់ឲ្យបានមួយភ្លែតសិន ហើយសញ្ជឹងគិតអំពីអំណោយនៃក្តីស្រឡាញ់ដែលព្រះទ្រង់មានសម្រាប់អ្នក។ ពេលណាអ្នកនៅជាប់ក្នុងព្រះគ្រីស្ទ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ព្រះអង្គបន្តធ្វើការញែកជាបរិសុទ្ធ ព្រះអង្គនឹងប្រទានកម្លាំងពីខាងក្នុងមក ដើម្បីឲ្យអ្នកអាចឆ្លើយតប នៅពេលដែលព្រះអង្គហៅយើងថា «ចូរចូលមក មនុស្សដែលអរព្រះគុណព្រះអើយ ចូរចូលមក» ទោះយើងមានទឹកភ្នែក ការឈឺចាប់ និងការខកចិត្តក៏ដោយ។124
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៤៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១០-១២ និងលូកា ៦:២៧-៤៩