
រស់នៅស្របតាមសេចក្តីពិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 25, 2025
«បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាមនោះមានពរហើយ» (យ៉ូហាន ១៣:១៧)។
តើអ្នកអាចប្រាប់អំពីពេលដែលមនុស្សម្នាក់ដែលអ្នកមិនស្គាល់ដើរមករកអ្នកភ្លាមៗ ហើយសួរអ្នកអំពីមូលហេតុដែលអ្នកជឿព្រះយេស៊ូវគ្រីស្ទ និងជំនឿគ្រីស្ទានដែរឬទេ? ខ្ញុំស្រមៃថា អ្នកមានបទពិសោធន៍មិនច្រើនទេ ទាក់ទងនឹងរឿងនេះ។ យើងត្រូវត្រៀមខ្លួនសម្រាប់ការសន្ទនាដូចនេះ ជាក់ស្ដែងសាវ័ក ពេត្រុស បានប្រាប់យើងឲ្យត្រៀមខ្លួនជាស្រេច ដើម្បីប្រាប់គេអំពីមូលហេតុដែលយើងមានក្តីសង្ឃឹម (១ពេត្រុស ៣:១៥)។ ប៉ុន្តែ ភាគច្រើន យើងមានឱកាសពន្យល់អំពីជំនឿរបស់យើងមិនមែននៅក្នុងការជួបដោយចៃដន្យជាមួយមនុស្សដែលយើងមិនស្គាល់នោះទេ តែនៅក្នុងរបៀបដែលយើងរស់នៅជារៀងរាល់ថ្ងៃ នៅចំពោះមុខមនុស្សដែលយើងស្គាល់ច្បាស់។
របៀបដែលយើងរស់នៅ និងការអ្វីដែលយើងជឿគួរតែបានឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងដែលយើងមានជាមួយព្រះគ្រីស្ទ។ នេះជាមូលហេតុដែលសាវ័ក ពេត្រុស មានប្រសាសន៍ថា គ្រីស្ទបរិស័ទគឺជា «រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ» (១ពេត្រុស ២:៩)។ ទំនាក់ទំនងដែលយើងមានជាមួយព្រះយេស៊ូវក្នុងនាមយើងជាអ្នកនៅជាប់ក្នុងព្រះអង្គ និងជាកម្មសិទ្ធិ គឺអាចឲ្យយើងយល់បាន។ បានសេចក្តីថា យើងមិនអាចជឿអ្វីក៏បានតាមទំនើងចិត្ត ហើយយើងអាចមានទស្សនៈអំពីទំនាក់ទំនងប្ដីប្រពន្ធ រឿងផ្លូវភេទ បញ្ហាហិរញ្ញវត្ថុ ឬអ្វីផ្សេងទៀត តាមការនឹកឃើញរបស់យើងឡើយ។ ទស្សនៈរបស់យើងគឺត្រូវឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវដែលទ្រង់ជាព្រះមេស្ស៊ី និងជាគ្រូរបស់យើង។ តែព្រះអង្គគ្រាន់តែសព្វព្រះទ័យឲ្យពួកសាវ័ករបស់ទ្រង់ ស្គាល់សេចក្តីពិតប៉ុណ្ណោះទេ។ ពួកគេក៏ចាំបាច់ត្រូវរស់នៅស្របតាមសេចក្តីពិតដែលថា «បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាមនោះមានពរហើយ»។ ការជឿត្រូវតែនាំឲ្យមានការប្រព្រឹត្តល្អ។ យើងក៏មិនអាចមានអាកប្បកិរិយាដាក់អ្នកដទៃ តាមទំនើងចិត្តឡើយ។ ការប្រព្រឹត្តរបស់យើងត្រូវតែឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវ ដែលជាព្រះអង្គសង្គ្រោះដែលបានលះបង់ព្រះជន្ម។
សាសនាជាច្រើន និងទស្សនៈវិជ្ជាដែលមិនជឿព្រះក្នុងសម័យបច្ចុប្បន្ន មិនបានតម្រូវឲ្យអ្នកមានរបៀបរស់នៅ តាមបែបណាមួយទេ ពោលគឺពួកគេបើកឲ្យអ្នករស់នៅតាមទំនើងចិត្ត។ (តាមពិត ពួកគេជាច្រើនបានបង្កើតគោលការណ៍ណែនាំថា អ្នកអាចធ្វើអ្វីដែលហាក់ដូចជាត្រឹមត្រូវចំពោះអ្នក)។ ប៉ុន្តែ ការត្រាស់ហៅឲ្យគ្រីស្ទបរិស័ទរស់នៅជាសិស្សរបស់ព្រះគ្រីស្ទ មានភាពខុសប្លែកពីគោលការណ៍នេះទាំងស្រុង ព្រោះចំណុចស្នូលនៃភាពជាសិស្សនេះ គឺជាការត្រាស់ហៅឲ្យដើរតាមក្សត្រមួយអង្គដែលមិនមែនជាខ្លួនយើងទេ។ ការត្រាស់ហៅឲ្យរស់នៅជាគ្រីស្ទបរិស័ទ គឺមិនគ្រាន់តែជាការជឿដំណឹងល្អ តែក៏ «ប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទ» (ភីលីព ១:២៧)។
យើងរាល់គ្នាសុទ្ធតែមានចំណុចខ្វះខាត។ តើអ្នកមាននរណាម្នាក់ជួយអ្នក ឬនរណាម្នាក់ដែលអ្នកអាចជួយពិនិត្យមើលអាកប្បកិរិយាណាខ្លះដែលមិនស័ក្តិសមនឹងដំណឹងល្អឬទេ? ចូរយើងពួតដៃគ្នាជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយបញ្ចេញពន្លឺនៃព្រះបន្ទូលព្រះដល់គ្នាទៅវិញទៅមក ហើយព្យាយាមធ្វើឲ្យគេមើលឃើញសេចក្តីពិតរស់ក្នុងយើង។
ពួកជំនុំនៃព្រះ គឺជាឧបករណ៍ជាបឋមដែលព្រះទ្រង់ប្រើ ដើម្បីឈោងចាប់លោកីយ៍របស់ព្រះអង្គ។ អ្នកជាផ្នែកមួយនៃពួកជំនុំ។ តែបើអ្នកមិនរស់នៅស្របតាមដំណឹងល្អទេ កុំរំពឹងថា មនុស្សនៅជុំវិញអ្នកនឹងសួរអ្នកអំពីដំណឹងល្អនោះឡើយ ព្រោះពួកគេកាន់តែមិនចង់ប្រែចិត្ត និងជឿដំណឹងល្អ៖
អ្នកកំពុងសរសេរដំណឹងល្អ
មួយថ្ងៃមួយជំពូក
តាមរយៈការប្រព្រឹត្តរបស់អ្នក
តាមរយៈពាក្យសម្ដីរបស់អ្នក។
មនុស្សអានដំណឹងល្អដែលអ្នកសរសេរ
ទោះដោយចិត្តស្មោះត្រង់ ឬអត់ក្តី
ចូរនិយាយចេញមក! តើដំណឹងល្អជាអ្វី
បើយោងតាមជីវិតអ្នក?125
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៣:៣១-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៣-១៤ និងលូកា ៧:១-២៣