
ព្រះទ្រង់ឮសម្រែករបស់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 30, 2025
«នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ...ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំង» (និក្ខមនំ ២:២៣-២៤)។
ការសន្យាអំពីអាហារបានលើកទឹកចិត្តលោក យ៉ាកុប និងក្រុមគ្រួសារគាត់ឲ្យចាកចេញពីទឹកដីដែលកំពុងមានគ្រោះអត់ឃ្លាន ដើម្បីផ្លាស់ទៅរស់នៅក្នុងនគរអេស៊ីព្ទជាមួយលោក យ៉ូសែប។ ពួកគេ និងកូនចៅជំនាន់ក្រោយ មានភាពសម្បូរសប្បាយមួយរយៈពេល។ ប៉ុន្តែ បទពិសោធន៍របស់ពួកគេបានផ្លាស់ប្ដូរកាន់តែអាក្រក់ជាងមុន នៅពេលដែលស្ដេចថ្មីមួយអង្គឡើងកាន់អំណាច។ ស្ដេចអង្គនោះមិនសប្បាយព្រះទ័យ នៅពេលដែលប្រជាជនអ៊ីស្រាអែលមានគ្នាកាន់តែច្រើន និងមានឥទ្ធិពលកាន់តែខ្លាំង ដូចនេះទ្រង់ក៏បានឲ្យពួកគេធ្វើការងារជាទាសករដោយគ្មានត្រាប្រណី។ ជីវិតរបស់ពួកគេមានពេញដោយទឹកភ្នែក និងចិត្តជូរល្វែង។
រាស្ត្ររបស់ព្រះនៅតែមានព្រះបន្ទូលសន្យារបស់ព្រះអង្គ ប៉ុន្តែព្រះបន្ទូលសន្យាទាំងនោះ ហាក់ដូចជាទទេ។ ពួកគេងាយទុកចិត្តព្រះ នៅពេលដែលពួកគេមានសេរីភាព និងមានអាហារបរិបូរ។ នៅពេលដែលពួកគេក្លាយជាទាសករ ពួកគេកាន់តែពិបាកទុកចិត្តព្រះ។ នៅក្រោមការសង្កត់សង្កិនអស់ជាច្រើនឆ្នាំ ក្នុងចំណោមពួកគេ ប្រហែលជាមានអ្នកខ្លះនិយាយប្រាប់ខ្លួនឯងថា ខ្ញុំគិតថា ព្រះទ្រង់បានភ្លេចព្រះបន្ទូលសន្យាហើយ។ ខ្ញុំមិនច្បាស់សោះថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គឬទេ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានស្រែករកព្រះអង្គ ដើម្បីស្វែងរកការសង្គ្រោះ ដោយចិត្តអស់សង្ឃឹម។
ព្រះទ្រង់មិនបានភ្លេចទេ ហើយព្រះអង្គក៏បានឆ្លើយតបពួកគេ។ ព្រះអង្គឮសម្រែករបស់ពួកគេ ព្រះអង្គឮសម្លេងទួញថ្ងូរ ហើយព្រះអង្គក៏បានឆ្លើយតបដោយបើកយុទ្ធនាការជួយសង្គ្រោះពួកគេ។ ព្រះអង្គមិនទុកឲ្យពួកគេវេទនាឡើយ។ ព្រះអង្គនឹងសម្រេចគោលបំណង ដែលព្រះអង្គមានសម្រាប់រាស្ត្រព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីភាពជាទាសករ។ ព្រះអង្គ «នឹកចាំសេចក្តីសញ្ញារបស់ព្រះអង្គ» គឺមិនមែនដោយសារព្រះអង្គស្រាប់តែនឹកឃើញព្រះបន្ទូលសន្យាចំពោះលោក អ័ប្រាហាំ នោះទេ តែពេលវេលាដែលព្រះអង្គត្រូវសម្រេចសេចក្តីសញ្ញាបានមកដល់ហើយ ទោះរាស្ត្ររបស់ព្រះអង្គគិតថា ពេលវេលានោះគួរតែមកដល់ឲ្យបានលឿនជាងនេះក៏ដោយ។
រាស្ត្ររបស់ព្រះចាំបាច់ត្រូវនឹកចាំចំណុចនេះ ដូចកាលសម័យនោះ គឺចាំថា ព្រះអង្គឮសម្លេងដំងូររបស់យើង ព្រះអង្គជ្រាបអំពីកាលៈទេសៈរបស់យើង ហើយព្រះអង្គនឹងធ្វើអ្វីម្យ៉ាង។ គ្មានព្រះបន្ទូលសន្យាណាមួយដែលមានការខកខាននោះទេ។
ជាការពិតណាស់ ពេលណាយើងមានការពិបាកចិត្តពេក រកពាក្យនិយាយមិនបាន យើងអាចទុកចិត្តថា ព្រះវិញ្ញាណបរិសុទ្ធថែមទាំងបានទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន (រ៉ូម ៨:២៦-២៧)។ នេះជាកម្រិតនៃការយកព្រះទ័យទុកដាក់ចំពោះយើងម្នាក់ៗ និងការប្ដេជ្ញាព្រះទ័យរបស់ព្រះអង្គថា នឹងធ្វើការល្អអស់កល្បជានិច្ចសម្រាប់រាស្ត្ររបស់ព្រះអង្គ។
ពេលណាអ្នកមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាមិនបានឮសម្រែកនៃវិញ្ញាណរបស់អ្នក គឺនៅពេលដែលអ្នកចាប់ផ្ដើមឆ្ងល់ថា តើមាននរណាខ្វល់ពីអ្នកទេ ចូរនឹកចាំថា ព្រះអង្គបានបើកបង្ហាញឲ្យគេដឹងថា ព្រះអង្គជានរណា ក្នុងទឹកដីអេស៊ីព្ទ និងក្នុងព្រះរាជបុត្រាព្រះអង្គ តាមរបៀបដែលខ្ពង់ខ្ពស់បំផុត៖
ហេតុអ្វីខ្ញុំគួរមានអារម្មណ៍បាក់ទឹកចិត្ត
ហេតុអ្វីភាពងងឹតបានគ្រប់ដណ្ដប់
ហេតុអ្វីចិត្តខ្ញុំគួរតែមានភាពឯកោ
ហើយចង់ទៅផ្ទះនៅស្ថានសួគ៌
តើព្រះយេស៊ូវជាអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ នៅពេលណាខ្លះ?
ព្រះអង្គគឺជាមិត្តសម្លាញ់ដ៏ស្ថិតស្ថេររបស់ខ្ញុំ
ព្រះអង្គទតមើលសត្វចាប
ហើយខ្ញុំដឹងថា ព្រះអង្គថែរក្សាខ្ញុំ។129
ចូរបន្តស្រែកសូមការរំដោះ។ ព្រះអង្គស្តាប់ឮ ព្រះអង្គយកព្រះទ័យទុកដាក់ ហើយព្រះអង្គនឹងប្រយុទ្ធជំនួសអ្នក។
ខគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៥:២១-៤៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ២៣-២៤ និងលូកា ៩:១៨-៣៦