
របៀបរស់នៅឲ្យបានល្អ
ដោយKaren Huang
November 30, 2025
លោកុប្បត្តិ ៥:២១-២៤
ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ។ លោកុប្បត្តិ ៥:២៤
លោកពេដ្រូ(Pedro) បានក្លាយជាអ្នកដើរតាមព្រះយេស៊ូវ នៅពេលដែលគាត់មានអាយុ៥០ឆ្នាំ។ គាត់ជាមនុស្សដែលខឹងច្រើន និងចូលចិត្តសងសឹកមកលើមនុស្សនៅជុំវិញគាត់។ ខណៈពេលដែលគាត់បានទទួលការប្រឹក្សាយោបល់ ពីព្រះវិហាររបស់គាត់ គាត់មានអារម្មណ៍ស្តាយក្រោយ ចំពោះកំហុសរបស់គាត់ពីអតីតកាល។ គាត់ថា “សព្វថ្ងៃនេះ ខ្ញុំមានពេលវេលាដែលនៅសល់ តិចជាងពេលដែលបានកន្លងផុតទៅ។ ខ្ញុំចង់ប្រើពេលវេលានោះ ឲ្យបានល្អ ក្នុងការរស់នៅ។ ប៉ុន្តែ តើខ្ញុំត្រូវរស់នៅដោយរបៀបណា?”
លោកពេដ្រូ ក៏បានរកឃើញចម្លើយ ក្នុងប្រភពដែលគាត់មិននឹកស្មានដល់ គឺនៅក្នុងពង្សាវតារមួយ។ នៅពេលដែលគាត់បានអានកំណត់ត្រារបស់លោកម៉ូសេ អំពីខ្សែលោហិតនៃគ្រួសាររបស់លោកអ័ដាម គាត់បានកត់សំគាល់ឃើញថា មានការពិពណ៌នា ដោយប្រើពាក្យមួយប្រយោគដូចគ្នា ក្នុងខគម្ពីរជាច្រើន ដែលបាននិយាយអំពីបុគ្គលមួយចំនួន ដែលបានរស់នៅបានរយៈពេលប៉ុន្មានឆ្នាំ មុនពេលពួកគេស្លាប់(មើលលោកុប្បត្តិ ៥:៨,១១,១៤,១៧,២០,២៧,៣១)។ ប៉ុន្តែ ពង្សាវតារនេះមានការពិពណ៌នា អំពីបុរសម្នាក់ តាមរបៀបខុសពីនេះ។
គឺបានពិពណ៌នាថា លោកហេណុក គឺជាមនុស្សដែលបានដើរជាមួយព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់(ខ.២២,២៤)។ គាត់បានចូលទៅជិតព្រះអង្គ ហើយនេះជារបៀបដែលគាត់ចំណាយពេលនៃជីវិតរបស់គាត់ នៅលើផែនដី។ ដោយសារជំនឿរបស់គាត់ នោះ “មានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់”(ហេព្រើរ ១១:៥)។ លោកហេណុកមានការទុកចិត្ត ដ៏រឹងមាំ និងជាប់លាប់ ចំពោះលក្ខណៈសម្បត្តិរបស់ព្រះអង្គ និងចំពោះការអ្វីដែលព្រះអង្គធ្វើ សម្រាប់អ្នកដែលស្វែងរកព្រះអង្គ(ខ.៦)។ គាត់បានបង្ហាញការទុកចិត្តលើព្រះដ៏មានចេស្តា ដោយស្តាប់បង្គាប់ព្រះអង្គ ហើយដោយសារសេចក្តីជំនឿរបស់គាត់ ព្រះអង្គក៏បានឲ្យគាត់រួចផុតពីសេចក្តីស្លាប់ខាងរូបកាយ(ខ.៥)។
លោកពេដ្រូបានសួរថា “តើខ្ញុំអាចរស់នៅឲ្យបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំនៅសល់ ដោយរបៀបណា? គឺដោយដើរជាមួយព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។
ជីវិតរបស់យើងនៅលើផែនដី មិនចាំបាច់ត្រូវសង្ខេបមកនៅត្រឹមតួលេខនៃអាយុរបស់យើងនោះឡើយ។ តែជីវិតរបស់យើងអាចមានការសង្ខេប ដោយឆ្លុះបញ្ចាំងអំពីជំនឿរបស់យើង ដែលបានអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងជីវិតយើង តាមរបៀបជាច្រើនរាប់មិនអស់។ —Karen Huang
ក្នុងជីវិតអ្នក តើការដើរដោយស្មោះត្រង់ ជាមួយព្រះ មានលក្ខណៈដូចម្តេច?
តើអ្នកអាចប្រព្រឹត្តដូចម្តេចខ្លះ ដើម្បីបញ្ជាក់ថា អ្នកទុកចិត្តព្រះអង្គ?
ឱព្រះវរបិតា ទូលបង្គំមិនត្រូវដើរឆ្លងកាត់ជីវិតនេះ ដោយពឹងអាងខ្លួនឯងឡើយ។
សូមព្រះអង្គជួយទូលបង្គំ ដោយដើរដោយស្មោះត្រង់ ជាមួយព្រះអង្គ។
Visit ODBU.org/SF208 to gain the tools needed to walk faithfully with God.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៧-៣៩ និង ២ពេត្រុស ២