នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ព្រះ​បន្ទូល​ដែល​មាន​តាំង​ពី​ដើម​ដំបូង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​បន្ទូល​ដែល​មាន​តាំង​ពី​ដើម​ដំបូង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 1, 2025

«កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូល ព្រះ​បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​បន្ទូល​នោះ​ឯង​ជា​ព្រះ។
ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ​តាំង​អំពី​ដើម​មក» (យ៉ូហាន ១:១-២)។
យើង​មិន​ដែល​បាន​ជួប​ព្រះ​យេស៊ូវ​ដោយ​ផ្ទាល់​ទេ តែ​ភាគ​ច្រើន​យើង​អាច​ស្រមៃ​ថា ព្រះ​អង្គ​មាន​ភិន​ភាគ​ដូច​ម្ដេច​ខ្លះ ដោយ​ផ្អែក​ទៅ​លើ​ការ​ពណ៌នា​បែប​សិល្បៈ​អំពី​ព្រះ​អង្គ ជា​ជាង​ផ្អែក​ទៅ​លើ​វេទ​សាស្ត្រ​នៃ​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ពណ៌នា​អំពី​រូប​សម្បត្តិ​របស់​ព្រះ​គ្រីស្ទ​ឡើយ ក្រៅ​ពី​ប្រាប់​យើង​ថា ព្រះ​អង្គ «ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង» (លូកា ២:៥២)។ ដូច​នេះ យើង​មិន​គួរ​ស្រមៃ​ថា ព្រះ​អង្គ​មាន​សក់​ពណ៌​ទង់​ដែង និង​មាន​ប្រស្រី​ភ្នែក​ពណ៌​ខៀវ ដូច​មនុស្ស​ជា​ច្រើន​បាន​ពណ៌នា​ក្នុង​វប្ប​ធម៌​អឺរ៉ុប​នោះ​ឡើយ។ ការ​ស្រមៃ​ឃើញ​ដូច​នេះ មិន​គ្រាន់​តែ​ភ្លេច​ថា ព្រះ​អង្គ​គឺ​ជា​ជន​ជាតិ​យូដា​នៅ​តំបន់​មជ្ឈិម​បូព៌ា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​រា​រាំង​យើង​មិន​ឲ្យ​យល់ និង​អរ​សប្បាយ​នឹង​ការ​ពណ៌នា​ដ៏​អស្ចារ្យ​អំពី​ព្រះ​អង្គ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ផង​ដែរ។
កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ប្រាប់​យើង​ចាប់​តាំង​ពី​ខ​ដំបូង​អំពី​ភាព​អស់​កល្ប​របស់​ព្រះ​គ្រីស្ទ ចរិត​លក្ខណៈ និង​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា ទោះ​យើង​គិត​ថា ដើម​ដំបូង​នៃ​ពេល​វេលា​មាន​រយៈ​ពេល​យូរ​អង្វែង​ប៉ុណ្ណា ហើយ​ទោះ​ក្នុង​គំនិត​យើង យើង​យល់​ឃើញ​ថា ពេល​វេលា​បាន​ចាប់​ផ្ដើម​ដូច​ម្ដេច​ក៏​ដោយ ក៏​យើង​ត្រូវ​ដឹង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មាន​វត្ត​មាន​ស្រាប់ តាំង​ពី​មុន​ពេល​ព្រះ​អង្គ​ចាប់​កំណើត​ជា​មនុស្ស​មក​ម៉្លេះ។ គ្មាន​អ្វី​បង្កើត​ព្រះ​អង្គ​ទេ ព្រោះ​ព្រះ​អង្គ​គឺ​ជា​ព្រះ​អាទិករ។ ទារក​តូច​ផ្ទំ​នៅ​ក្នុង​ក្រោល​សត្វ ក៏​ជា​អង្គ​បុគ្គល​តែ​មួយ ដែល​បាន​តម្រៀប​ផ្កាយ​ឲ្យ​មាន​នៅ​លើ​មេឃ ដោយ​រាប់​បញ្ចូល​ទាំង​ផ្កាយ​ដែល​បាន​នាំ​ផ្លូវ​ពួក​អ្នក​ប្រាជ្ញ​ពី​ទិស​ខាង​កើត​ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ​ផង​ដែរ។ 
ក្នុង​ភាព​អស់​កល្ប​ជានិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​មាន​ភាព​ខុស​ប្លែក​ពី​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ មិន​មែន​នៅ​ក្នុង​លក្ខណ​សម្បត្តិ​ទេ តែ​នៅ​ក្នុង​អង្គ​បុគ្គល។ ព្រះ​អង្គ «គង់​នៅ​ជា​មួយ​ព្រះ» តែ​ទ្រង់ «គឺ​ជា​ព្រះ»។ ទោះ​ស្តាប់​មើល​ទៅ ហាក់​ដូច​ជា​ពិបាក​យល់​ក៏​ដោយ ក៏​សាវ័ក យ៉ូហាន មិន​បាន​និពន្ធ​កណ្ឌ​គម្ពីរ​នេះ​មក​ក្នុង​ន័យ​អាថ៌​កំបាំង​នោះ​ទេ។ គាត់​កំពុង​បង្ហាញ​ឲ្យ​គេ​ស្គាល់​អង្គ​បុគ្គល​ដែល​គាត់​បាន​ជួប ឃើញ ឮ និង​ប៉ះ​ដោយ​ផ្ទាល់។ គឺ​បាន​រៀប​ចំ​មក​សម្រាប់​ឲ្យ​អ្នក​អាន​ទាំង​ឡាយ​និយាយ​ជា​មួយ​គាត់​ថា «ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់» (១យ៉ូហាន ១:២) ព្រោះ​នោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះ​បន្ទូល​ដ៏​រស់​របស់​ព្រះ។ 
នៅ​ក្នុង​ការ​លើក​ឡើង​នូវ​ការ​ពិត​ដែល​ថា ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​គង់​នៅ​ជា​មួយ​ព្រះ តែ​ទ្រង់​ក៏​ជា​ព្រះ គឺ​សាវ័ក យ៉ូហាន ចង់​ឲ្យ​យើង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នេះ​ទាំង​មូល ដោយ​នឹក​ចាំ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។ នៅ​ពេល​ដែល​យើង​បើក​ទំព័រ​នីមួយៗ យើង​អាន​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ និង​សង្កេត​មើល​កិច្ចការ​ដែល​ទ្រង់​ធ្វើ គឺ​យើង​ត្រូវ​ដឹង​ថា អ្វី​ដែល​ព្រះ​អង្គ​មាន​បន្ទូល និង​ធ្វើ ក៏​ជា​អ្វី​​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល និង​ធ្វើ​ផង​ដែរ។ 
បើ​ព្រះ​យេស៊ូវ​ទ្រង់​គ្រាន់​តែ​ជា​មនុស្ស​ល្អ នោះ​អ្វី​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន គឺ​ជា​ការ​ប្រមាថ​ព្រះ​ហើយ។ តែ​ព្រះ​អង្គ​លើស​ពី​មនុស្ស។ ព្រះ​អង្គ និង​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ គឺ​ជា​ព្រះ​តែ​មួយ​ទេ តាំង​ពី​ដើម​មក​រហូត​ដល់​អស់​កល្ប​ជានិច្ច។ យើង​ចាំ​បាច់​ត្រូវ​យល់​ខ​គម្ពីរ​ដំបូង​របស់​កណ្ឌ​គម្ពីរ​យ៉ូហាន ដើម្បី​យល់​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​នរណា ដើម្បី​ឲ្យ​យើង​អាច «ថ្វាយ​បង្គំ​ព្រះ​អង្គ ឥត​ឈប់​ឈរ ព្រម​ទាំង​ស្តាប់​បង្គាប់ និង​ស្រឡាញ់​ទ្រង់​ដោយ​មិន​ស្ទាក់​ស្ទើរ ហើយ​បម្រើ​ទ្រង់​ដោយ​មិន​បែក​អារម្មណ៍»។130 
បើ​អ្នក​ពិបាក​ថ្វាយ​បង្គំ ស្តាប់​បង្គាប់ ស្រឡាញ់ ឬ​បម្រើ​ព្រះ​អម្ចាស់​នៅ​ថ្ងៃ​នេះ ចូរ​មើល​ទៅ​ព្រះ​អង្គ។ ពេល​ណា​យើង​យល់​កាន់​តែ​ច្បាស់​ថា ព្រះ​បន្ទូល​ដែល​បាន​ផ្ទំ​ក្នុង​ក្រោល​សត្វ ក៏​ជា​ព្រះ​បន្ទូល​ដែល​គង់​នៅ​ជា​មួយ​ព្រះ និង​ជា​ព្រះ​តាំង​ពី​ដើម​មក នោះ​យើង​ក៏​កាន់​តែ​ងាយ​យល់​ថា ភារកិច្ច​របស់​យើង​ជា​គ្រីស្ទ​បរិស័ទ​កំពុង​តែ​ប្រែ​ជា​ក្តី​អំណរ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១:១-១៨ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២របាក្សត្រ ២៥-២៧ និង​លូកា ៩:៣៧-៦២

ប្រភេទ