
លូតលាស់ក្នុងព្រះបន្ទូលព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 11, 2025
«អ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប» (កិច្ចការ ២:៣៨)។
បើអ្នកបានក្លាយជាគ្រីស្ទបរិស័ទតាំងពីយូរមកហើយ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា ការសិក្សាព្រះបន្ទូលផ្ទាល់ខ្លួន ឬនៅព្រះវិហារនៅថ្ងៃអាទិត្យ ងាយនឹងក្លាយជាទម្លាប់ដែលគ្មានភាពឆេះឆួល។ ដំណឹងល្អហាក់ដូចជានិយាយត្រង់ៗពេក បានជាយើងងាយនឹងមើលរំលងសារៈសំខាន់របស់ដំណឹងល្អ ប៉ុន្តែក្នុងភាពកម្សោយរបស់យើង យើងតែងតែចាំបាច់ត្រូវឮសេចក្តីពិតនៃដំណឹងល្អដែលផ្សាយមកយើងម្តងហើយម្តងទៀត។ យើងត្រូវការឮដំណឹងល្អក្នុងពេលសព្វថ្ងៃ ដូចកាលយើងឮនៅថ្ងៃដំបូងដែលយើងទទួលជឿព្រះយេស៊ូវ។ យើងមិនអាចកាត់ផ្តាច់ការដើរជាមួយព្រះគ្រីស្ទចេញពី «ព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះ» (អេភេសូរ ១:១៣) ព្រោះព្រះទ្រង់បានកំណត់ឲ្យសេចក្តីទាំងពីរនេះជាប់ទាក់ទងគ្នា។ ព្រះវិញ្ញាណរបស់ព្រះ ធ្វើការតាមរយៈព្រះបន្ទូលរបស់ព្រះ ដើម្បីទ្រទ្រង់រាស្ត្ររបស់ព្រះអង្គ។
ហេតុនេះហើយ កិច្ចការដំបូងដែលសាវ័ក ពេត្រុស ធ្វើបន្ទាប់ពីបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទី៥០ គឺគាត់បានឈរអធិប្បាយព្រះបន្ទូលអស់ពេលយ៉ាងយូរ ខណៈពេលដែលមនុស្សកាន់តែច្រើនបានស្តាប់ព្រះបន្ទូលព្រះ (កិច្ចការ ២)។ ផ្ទុយទៅវិញ ពេលណាពួកជំនុំមិនឮព្រះបន្ទូលព្រះ នោះពួកគេក៏មិនលូតលាស់ដែរ។ ហេតុអ្វី? ព្រោះព្រះវិញ្ញាណបរិសុទ្ធធ្វើការ ពេលណាគេឮព្រះបន្ទូល ហើយគេឮព្រះបន្ទូលនៅពេលដែលព្រះវិញ្ញាណធ្វើការ។ ការអធិប្បាយព្រះបន្ទូលក្នុងកណ្ឌគម្ពីរកិច្ចការជំពូក២ ក្នុងព្រះគម្ពីររបស់អ្នក មិនគ្រាន់តែបានបង្ហាញអំពីរបៀបដែលបុរស និងស្ត្រីទាំងនោះបានទទួលជឿព្រះប៉ុណ្ណោះទេ តែក៏បានជំរុញ និងលើកទឹកចិត្តអ្នកក្នុងជំនឿរបស់អ្នកផងដែរ។
នេះជាអ្វីដែលព្រះបន្ទូលបានបង្កើតឲ្យមាន នៅពេលដែលព្រះវិញ្ញាណធ្វើការ។ នៅពេលដែលសាវ័ក ពេត្រុស អធិប្បាយព្រះបន្ទូលនៅថ្ងៃនោះ អ្នកស្តាប់របស់គាត់ «មានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវ័កឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្ដេច?» (កិច្ចការ ២:៣៧)។ អាចនិយាយម្យ៉ាងទៀតថា ព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តពួកគេឲ្យចង់ប្រែចិត្ត។ សាវ័ក ពេត្រុស ក៏បានឆ្លើយតបថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (ខ.៣៨)។ ហើយពួកគេក៏បានប្រែចិត្ត។ ដូចនេះ ពួកគេមានការប្ដេជ្ញាចិត្ត។ ទីបំផុត អ្នកជឿថ្មីក៏បានជួបជុំគ្នាព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំប៉័ង នឹងសេចក្ដីអធិស្ឋានផង (ខ.៤២)។ ដូចនេះ ពួកគេមានសហគមន៍មួយដ៏រឹងមាំ។ ការចាក់ចុចចិត្ត ការប្ដេជ្ញាចិត្ត និងសហគមន៍ សុទ្ធតែបានចាប់ផ្ដើម ដោយការអធិប្បាយព្រះបន្ទូលដែលព្រះវិញ្ញាណបានបណ្ដាលឡើង។
ការចម្រើនឡើងក្នុងជំនឿរាប់បញ្ចូលសកម្មភាពនៃចិត្ត និងគំនិត។ យើងមានការទទួលខុសត្រូវ ក្នុងការដាក់ខ្លួននៅក្រោមការបង្រៀនព្រះគម្ពីរ ហើយដេញតាមការរៀនព្រះបន្ទូលព្រះជាលក្ខណៈបុគ្គល ដោយសូមព្រះវិញ្ញាណព្រះ បង្ហាញឲ្យយើងឃើញព្រះគ្រីស្ទនៅលើទំព័រព្រះគម្ពីរ និងបណ្ដាលចិត្តយើងឲ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំង។ បើការអានព្រះគម្ពីរ និងជីវិតជាគ្រីស្ទបរិស័ទបានក្លាយជាទម្លាប់ដែលគ្មានភាពឆេះឆួល នោះចូរវិលត្រឡប់មករកចំណុចចាប់ផ្ដើមឡើងវិញ។ ចូរអានដំណឹងល្អក្នុងព្រះបន្ទូលព្រះ។ ចូរទទួលការចាក់ចុចឲ្យប្រែចិត្តចេញពីបាប ហើយប្ដេជ្ញាចិត្តថា នឹងទុកចិត្ត ហើយបម្រើព្រះអង្គសង្គ្រោះរបស់អ្នក។ ចូរឲ្យខ្លួនអ្នកបានជ្រួតជ្រាប ដោយសហគមន៍នៃអ្នកជឿ ដែលព្រះទ្រង់បានប្រទានមកអ្នក ដើម្បីប្រយោជន៍អ្នក។ ហើយចូរសូមព្រះអង្គឲ្យធ្វើការក្នុងអ្នក តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីការប្ដេជ្ញាចិត្ត និងភាពឆេះឆួលដែលបានផ្ទុះឡើងក្នុងពួកជំនុំនៅទីក្រុងយេរូសាឡឹម បានកើតមានក្នុងជីវិតអ្នកផងដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ២:២២-៤១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ១-៣ និងលូកា ១៤:២៥-៣៣