នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

យុត្តិ​ធម៌​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

យុត្តិ​ធម៌​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 12, 2025

«តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន។ ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​តម្រាប់​ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់» (១ពេត្រុស ២:២០-២១)។
លោក​គ្រូ ឆាល អេឆ ស្ព័រជិន (C.H. Spurgeon) ធ្លាប់​បាន​និយាយ​ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់​នៅ​ទីក្រុង​ឡុងដ៍​ថា «មិត្ត​សំឡាញ់​ខ្ញុំ​អើយ! បើ​សិន​ជា​អ្នក​តាំង​ចិត្ត​ថា មនុស្ស​ដែល​បាន​ប្រមាថ​អ្នក​ត្រូវ​ទទួល​ការ​ប្រមាថ​មក​វិញ​ឲ្យ​សមនឹង​ទង្វើ​របស់​ខ្លួន ឬ​មនុស្ស​ដែល​មិន​គោរព​អ្នក​ត្រូវ​ទទួល​ការ​តប​ស្នង​មក​វិញ​ឲ្យ​សម​នឹង​ទង្វើ​ដែល​គ្មាន​ការ​គោរព នោះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ទៅ​កាន់​ព្រះ​នៅ​ពេល​ព្រឹក ដើម្បី​ជួយ​ឲ្យ​អ្នក​សង​សឹក​ទៅ​គេ​វិញ​ឡើយ»។133 ពាក្យ​សម្ដី​របស់​គាត់​សាមញ្ញ​ងាយ​យល់​ទេ ព្រោះ​ការ​ការពារ​មុខ​មាត់ និង​ការ​សង​សឹក​ទៅ​គេ​វិញ ដើម្បី​ឲ្យ​រួច​គ្នា គឺ​ជា​សភាវគតិ​របស់​យើង ដែល​កើត​មាន​ជា​ធម្មតា ដោយ​មិន​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ជួយ​រុញ​យើង​បន្ថែម​នោះ​ទេ។ ប៉ុន្តែ ការ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក និង​ទុក​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​ជំនុំ​ជម្រះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ។
ការ​ជំនុំ​ជម្រះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដែល​យើង​មិន​មាន​លទ្ធ​ភាព​ធ្វើ​ទាល់​តែ​សោះ។ ពេល​ណា​យើង​វាយ​បក​ទៅ​វិញ យើង​មិន​ដឹង​ថា ត្រូវ​វាយ​គេ​ឲ្យ​ខ្លាំង​ប៉ុណ្ណា​ទើប​សម​ទេ ហើយ​ពេល​ដែល​នរណា​ម្នាក់​និយាយ​អ្វី​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ យើង​ច្រើន​តែ​ឆ្លើយ​តប ដោយ​ពាក្យ​សម្ដី​ដែល​អាក្រក់​ជាង​គេ​ទៅ​ទៀត។ ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ច្រើន​តែ​គិត​ថា យើង​នឹង​ឈ្នះ​សេចក្តី​សម្អប់​របស់​គេ ដោយ​សេចក្តី​សម្អប់​របស់​យើង​ដែល​ខ្លាំង​ជាង តែ​ផ្ទុយ​ទៅ​វិញ យើង​កំពុង​តែ​ពង្រីក​សេចក្តី​អាក្រក់​ឲ្យ​កាន់​តែ​ធំ​លើស​ដើម។ ច្បាស់​ណាស់ ការ​អាក្រក់​ត្រូវ​តែ​ទទួល​ទោស ហើយ​ព្រះ​ទ្រង់​នឹង​ដាក់​ទោស​មក​លើ​ការ​អាក្រក់។ ប៉ុន្តែ យើង​មិន​ត្រូវ​តាំង​ខ្លួន​ជា​ចៅ​ក្រម​ដាក់​ទោស​គេ​ឡើយ។
មាន​តែ​ព្រះ​ទេ​ដែល​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ក្នុង​សេចក្ដី​យុត្តិ​ធម៌​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​កាត់​ទោស​ការ​អាក្រក់​គ្រប់​យ៉ាង។ មាន​បល្ល័ង្ក​មួយ​ដែល​ខ្ពស់​លើស​អស់​ទាំង​បល្ល័ង្ក​ដែល​លោកីយ៍​បាន​ឃើញ ហើយ​ថ្ងៃ​មួយ នៅ​លើ​បល្ល័ង្ក​នោះ រាល់​ការ​គ្រប់​គ្រង​ដែល​ពុក​រលួយ ការ​ជំនុំ​ជម្រះ​ដែល​បរាជ័យ និង​អំពើ​អយុត្តិធម៌​ទាំង​អស់​របស់​មនុស្ស​នឹង​ទទួល​ការ​ជំនុំ​ជម្រះ។ ប៉ុន្តែ មិន​មាន​ន័យ​ថា យើង​អាច​បន្ត​មាន​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ទទួល​ទោស​នោះ​ឡើយ។ យើង​មិន​ត្រូវ​ប្រាថ្នា​អ្វី ក្រៅ​ពី​ចង់​ឲ្យ​ខ្មាំង​សត្រូវ​របស់​យើង​ទទួល​សេចក្តី​សង្គ្រោះ​ឡើយ។ ការ​ទទួល​ខុស​ត្រូវ​របស់​យើង គឺ​ត្រូវ​តែ​ឲ្យ​ពរ និង​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង ធ្វើ​បាប​យើង ឬ​បាន​បំផ្លាញ​យើង (ម៉ាថាយ ៥:៤៤; លូកា ៦:២៨)។ 
ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង៖ «កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជម្រះ​ដោយ​សុចរិត​វិញ» (១ពេត្រុស ២:២៣)។ លោក​អ្នក​នឹង​មិន​ជួប​រឿង​អយុត្តិធម៌​លើស​ព្រះ​អង្គ​ឡើយ ដូច​នេះ​ក្នុង​ស្ថានភាព​នីមួយៗ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ឆ្លើយ​តប​ដូច​ព្រះ​អង្គ​ដែរ។ 
តើ​អ្នក​ចង់​វាយ​បក​ទៅ​វិញ​ឲ្យ​ខ្លាំង​មក​លើ​នរណា ហើយ​ក្នុង​ស្ថាន​ភាព​ណា ជា​ជាង​ធ្វើ​ការ​ល្អ​ស្នង​ការ​អាក្រក់? មាន​រឿង​បី​យ៉ាង​ដែល​នឹង​ជួយ​ឲ្យ​អ្នក​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ ដោយ​ធ្វើ​ការ​ល្អ​ចំពោះ​អ្នក​ទាំង​នោះ។ ទី​មួយ ចូរ​មើល​ទៅ​ព្រះ​យេស៊ូវ។ យើង​ពិបាក​សង​សឹក​មក​លើ​គេ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ ពេល​ណា​យើង​មើល​ទៅ​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​មាន​បន្ទូល​ថា «ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ» (លូកា ២៣:៣៤)។ ទី​ពីរ ចូរ​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​គុណ​របស់​ព្រះ។ ចូរ​ចាំ​ថា លោក​អ្នក​ជា​នរណា​ក្នុង​និស្ស័យ​សាច់​ឈាម​របស់​ខ្លួន ហើយ​លោក​អ្នក​បាន​ក្លាយ​ជា​នរណា​ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ។ ពេល​ណា​យើង​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​គុណ​របស់​ព្រះ​យ៉ាង​ដូច​នេះ នោះ​យើង​មិន​ងាយ​ប្រាថ្នា​ឲ្យ​គេ​ជួប​ការ​អាក្រក់​ឡើយ។ ហើយ​ទី​បី ចូរ​ផ្ដោត​ទៅ​លើ​ភាព​អស់​កល្ប​ជានិច្ច និង​បល្ល័ង្ក​របស់​ព្រះ​ដែល​ខ្ពស់​ជាង។ ស្ថាន​ភាព​របស់​លោក​អ្នក​នៅ​លើ​ផែនដី មិន​មែន​ជា​រូប​ភាព​ទាំង​មូល​ឡើយ ហើយ​លោក​អ្នក​ក៏​មិន​ចាំ​បាច់​ត្រូវ​មើល​ឃើញ​សេចក្តី​យុត្តិ​ធម៌​បាន​សម្រេច​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ។ ដូច​នេះ សូម​ព្រះ​ទ្រង់​ជួយ​លោក​អ្នក​ធ្វើ​ការ​ល្អ និង​ស៊ូ​ទ្រាំ សូម្បី​តែ​នៅ​ពេល​ដែល​លោក​អ្នក​ទទួល​រង​ការ​អាក្រក់​ក៏​ដោយ។ ព្រះ​អង្គ​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​លោក​អ្នក​សម្រេច​ការ​អ្វី​ដែល​សម​ស្រប​ទាំង​ស្រុង​នឹង​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទីតុស ២:១១-១៤ និង ៣:១-៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ៤-៦ និង​លូកា ១៥:១-១០

ប្រភេទ