
ក្តីអំណរ និងកម្លាំង ក្នុងទុក្ខលំបាក
ដោយKatara Patton
December 13, 2025
នេហេមា ៨:៥-៦,៨-១២
ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា។ នេហេមា ៨:១០
នៅក្នុងចំណោមស្នាដៃសិល្បៈផលិតពីដបផ្លាស្ទីកចាស់ៗ ដែលគេបានកាត់ចេញជារូបស្លាបបក្សី និងឆាងម៉ាងចង្កៀងជាដើម អ្នកនាំភ្ញៀវទេសចរណ៍នៅសារមន្ទីររដ្ឋញូអូឡិន បានចែកចាយ អំពីគំនិតនៅពីក្រោយការប្រើប្រាស់សម្ភារៈទាំងនោះឲ្យមានប្រយោជន៍។ គាត់ថា “សម្រាប់ទីក្រុងដែលធ្លាប់មានទុក្ខលំបាកយ៉ាងខ្លាំង យើងក៏បានរៀនប្រើរបស់អ្វីដែលយើងមាន ដើម្បីបង្កើតឲ្យមានក្តីអំណរ និងភាពស្រស់ស្អាត។ យើងមិនផ្ដោតទៅលើពេលដែលពិបាកប៉ុណ្ណោះទេ តែយើងក៏អបអរការតស៊ូ ក្នុងការឆ្លងកាត់ទុក្ខលំបាកទាំងនោះផងដែរ”។
មានពេលមួយ ហោរានេហេមា និងប្រជាជនអ៊ីស្រាអែលក៏បានជួបប្រទះទុក្ខលំបាក ប៉ុន្តែ បានតស៊ូ ក្នុងការបន្តមមុលទៅមុខ ដោយក្តីអំណររបស់ព្រះអម្ចាស់។ ពួកសត្រូវបានចាប់ពួកគេធ្វើជាឈ្លើយសឹក ហើយដឹកបញ្ជូនចេញពីផ្ទះសម្បែង ហើយនៅទីបំផុត ពួកគេអាចវិលត្រឡប់មកទីក្រុងយេរូសាឡិម ពីការនិរទេស(នេហេមា ៤:៧-១២)។ ប៉ុន្តែ នៅពេលដែលពួកគេត្រឡប់មកវិញ ពួកគេបានជួបប្រទះការទាស់ប្រឆាំង មកលើការសាងសង់កំផែង សម្រាប់ការពារទីក្រុងយេរូសាឡិម(នេហេមា ៦)។ នៅពេលដែលការជួសជុលកំផែងទីក្រុងបានចប់សព្វគ្រប់ ពួកគេក៏បានជួបជុំគ្នា ដើម្បីធ្វើពិធីអបអរ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះ ក្នុងក្រឹត្យវិន័យរបស់ទ្រង់ តែពួកគេនៅតែមានបន្ទុកធ្ងន់នៅក្នុងចិត្ត។ ពួកគេក៏បានទួញយំ ខណៈពេលដែលពួកគេស្តាប់ព្រះបន្ទូលទ្រង់(៨:៩)។ ប៉ុន្តែ ហោរានេហេមា បានក្រើនរំឭកពួកគេថា ពួកគេអាចរកឃើញក្តីអំណរ និងកម្លាំង នៅក្នុងព្រះ ដោយចាំថា ព្រះអង្គជានរណា ហើយព្រះអង្គបាននាំពួកគេឆ្លងកាត់បញ្ហាអ្វីខ្លះ។ ហោរានេហេមា ក៏បានប្រាប់ពួកគេថា “សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា”(ខ.១០)។
ការផ្ដោតចិត្តទៅលើព្រះ អាចផ្តល់ឲ្យយើងនូវ “ក្តីអំណរ” និងកម្លាំងផងដែរ ជាពិសេស នៅពេលដែលកាលៈទេសៈរបស់យើង ហាក់ដូចជាមានភាពធ្ងន់ធ្ងរ។ សមត្ថភាព ចារិតលក្ខណៈ និងព្រះគម្ពីររបស់ព្រះអម្ចាស់ អាចកែប្រែចិត្តយើងថ្មីឡើង ហើយនាំមកនូវក្តីអំណរដល់យើង(ខ.១២) ដោយប្រទានកម្លាំង និងការតស៊ូ ដែលយើងត្រូវការ។—Katara Patton
តើអ្នកបានរកឃើញក្តីអំណរ និងកម្លាំង ក្នុងព្រះអម្ចាស់ នៅពេលណា?
តើអ្នកអាចមានការតស៊ូ ក្នុងទុក្ខលំបាក ដូចម្តេចខ្លះ?
ឱព្រះដ៏បរិសុទ្ធ ពេលណាកាលៈទេសៈរបស់ទូលបង្គំហាក់ដូចជាអាក្រក់
សូមព្រះអង្គក្រើនរំឭកទូលបង្គំឲ្យផ្ដោតទៅលើព្រះអង្គ ដើម្បីរកឃើញក្តីអំណរ និងកម្លាំង។
For further study, read What if Our Struggles Are Meant to Point Us to God? at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ៤