នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ទុក្ខ​លំបាក​មាន​ភាព​ចាំបាច់  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទុក្ខ​លំបាក​មាន​ភាព​ចាំបាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 17, 2025

«យើង​នៅ​តែ​អួត​ក្នុង​កាលដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ​ទ្រ» (រ៉ូម ៥:៣)។
ទស្សនៈ​របស់​យើង​តែង​តែ​មាន​សារៈ​សំខាន់ ទោះ​នៅ​ក្នុង​វិស័យ​ណា​ក៏​ដោយ។ ក្នុង​វិស័យ​សិល្បៈ ទស្សនៈ​របស់​វិចិត្រករ ជួយ​គាត់​ឲ្យ​គូរ​រូប​ភាព​ពែង ដែល​មើល​ទៅ​ហាក់​ដូច​ជា​ពែង​ពិតៗ ធ្វើ​ឲ្យ​គេ​ចង់​តែ​ចាក់​ទឹក​ចូល​ក្នុង​ពែង​នោះ ឬ​ជួយ​ឲ្យ​គាត់​គូរ​រូប​កៅអី​កំពុង​ឈ​ជាប់​នៅ​លើ​ដី មិន​មែន​កំពុង​អណ្ដែត​ក្នុង​ខ្យល់​នោះ​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​ទុក្ខ​លំបាក​នៃ​ជីវិត ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​មាន​ភាព​ចាំ​បាច់ ដើម្បី​ឲ្យ​យើង​មាន​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ។ បើ​យើង​មិន​បាន​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​ទុក្ខ​លំបាក​នោះ​ទេ យើង​មិន​អាច​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។ 
ទុក្ខ​លំបាក​គឺជា​មធ្យោបាយ​ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​ល្បង​ល​សេចក្តី​ជំនឿ​ដែល​យើង​មាន​ចំពោះ​ព្រះ​យេស៊ូវ ធ្វើ​ជា​ក្តី​សង្ឃឹម​តែ​មួយ​របស់​យើង។ ទុក្ខ​លំបាក​ជួយ​កំណត់​ថា យើង​មាន​ជំនឿ​ពិត​ប្រាកដ ឬ​ក្លែង​ក្លាយ។ នៅ​ពេល​ដែល​អ្វីៗ​មាន​ដំណើរ​ការ​យ៉ាង​រលូន យើង​ក៏​ងាយ​នឹង​មាន​អារម្មណ៍​សុខ​ស្រួល។ ប៉ុន្តែ យើង​ចាប់​ផ្ដើម​ដឹង​ថា យើង​មាន​ជំនឿ​ពិត​ប្រាកដ​ឬ​អត់ នៅ​ពេល​ដែល​អ្វីៗ​មាន​ការ​ជាប់​គាំង នៅ​ពេល​ជីវិត​គ្រួសារ​មាន​ការ​បែក​បាក់ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ផ្លូវ​កាយ ឬ​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​ក្តី​សង្ឃឹម​សម្រាប់​ការ​រស់​នៅ​បាន​រលាយ​បាត់។ ហើយ​នៅ​ពេល​ដែល​យើង​ដឹង​ច្បាស់​ថា យើង​មាន​ជំនឿ​ពិត​ប្រាកដ តាម​រយៈ​ការ​ល្បង​ល​នោះ យើង​នឹង​មាន​ក្តី​អំណរ ព្រោះ​ជំនឿ​ប្រភេទ​នោះ «វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ» (១ពេត្រុស ១:៧)។ 
ទុក្ខ​លំបាក​ក៏​ជួយ​យើង​ឲ្យ​វាស់​ស្ទង់​ការ​លូត​លាស់​នៃ​ជំនឿ​របស់​យើង ទោះ​យើង​កំពុង​ជាប់​គាំង ឬ​ចម្រើន​ឡើង​ក្តី។ ការ​ខក​ចិត្ត និង​ទឹក​ភ្នែក​ច្រើន​តែ​នាំ​មក​នូវ​ការ​រីក​ចម្រើន និង​ការ​លូត​លាស់ ក្នុង​ជំនឿ​យើង ខណៈ​ពេល​ដែល​យើង​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ ហើយ​ស្គាល់​តម្លៃ​របស់​ព្រះ​គ្រីស្ទ​ដែល​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ តាម​របៀប​ដែល​យើង​មិន​ដែល​ធ្វើ និង​មិន​ដែល​ស្គាល់​កាល​ពី​មុន។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​លើក​ឡើង​ថា «ខ្យល់​នៃ​ទុក្ខ​លំបាក​បក់​ផាត់​អង្កាម​នៃ​កំហុស ពុត​ត្បុត និង​ការ​សង្ស័យ​ឲ្យ​ប៉ើង​ទៅ​ឆ្ងាយ ដោយ​បន្សល់​ទុក​អ្វី​ដែល​ឈ្នះ​ការ​ល្បង​ល...នោះ​គឺ​ជា​ចារិត​លក្ខណៈ​ពិត​ប្រាកដ»។137
ការ​ល្បង​ល​បង្កើត​ឲ្យ​មាន​កម្លាំង​ដែល​អាច​ទៅ​បាន​ឆ្ងាយ។ ជីវិត​របស់​គ្រីស្ទ​បរិស័ទ មិន​មែន​ជា​ការ​រត់​ប្រណាំង​ចម្ងាយ​ខ្លី​តែ​ពីរ​បី​រយ​ម៉ែត្រ​នោះ​ទេ តែ​ជា​ការ​រត់​កាត់​ប្រទេស​មាន​រយៈ​ពេល​អស់​មួយ​ជីវិត។ កីឡាករ​រត់​ប្រណាំង​ម៉ារ៉ាតុន រត់​បាន​ជា​ច្រើន​គីឡូ​ម៉ែត្រ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក និង​ហត់ តែ​ពួក​គេ​នៅ​តែ​បន្ត​រត់​ទៅ​មុខ​ទៀត។ ពួក​គេ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ក្នុង​ការ​រត់​នោះ។ ពួក​គេ​រំពឹង​ថា នឹង​មាន​ការ​ពិបាក។ ប៉ុន្តែ ពួក​គេ​ដឹង​ថា បន្ទាប់​ពី​ការ​លំបាក គឺ​មាន​ទី​ផ្តាច់​ព្រាត់។ ស្រដៀង​គ្នា​នេះ​ដែរ ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ​នៅ​តាម​ផ្លូវ ក៏​តម្រូវ​ឲ្យ​យើង​មាន និង​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ ដើម្បី​ឲ្យ​យើង​រត់​ប្រណាំង​ខាង​ឯ​វិញ្ញាណ​ឲ្យ​បាន​ល្អ។ 
ចូរ​មើល​ទៅ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ដែល​មាន​ភ្នែក​ទន់ និង​ចិត្ត​សុភាព នោះ​អ្នក​នឹង​ស្ទើរ​តែ​ប្រាកដ​ជា​រក​ឃើញ​ថា ពួក​គេ​មាន​ចិត្ត​សប្បុរស​យ៉ាង​ដូច​នោះ តាម​រយៈ​ការ​ឆ្លង​កាត់​ទុក្ខ​លំបាក។ យើង​ងាយ​នឹង​ចង់​បាន​លទ្ធផល ដោយ​មិន​មាន​ការ​ប្រឹង​ប្រែង។ ប៉ុន្តែ យើង​មិន​ទទួល​លទ្ធផល​ល្អ​យ៉ាង​ដូច​នេះ​ទេ។ តាម​ធម្មតា ព្រះ​ទ្រង់​ធ្វើ​ឲ្យ​ជំនឿ​យើង​លូត​លាស់ នៅ​ក្នុង​ដី​នៃ​ទុក្ខ​លំបាក។ 
សំណួរ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង​នោះ​គឺ «តើ​ខ្ញុំ​ជឿ​ថា ជំនឿ​លូត​លាស់​ក្នុង​ទុក្ខ​លំបាក​ទេ?» បើ​អ្នក​ជឿ​មែន ទស្សនៈ និង​ការ​ឆ្លើយ​តប​របស់​អ្នក​ចំពោះ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។ ទុក្ខ​លំបាក​អាច​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ពេញ​ដោយ​ការ​ឈឺ​ចាប់ ការ​ភ័យ​ខ្លាច និង​ភាព​មិន​ច្បាស់​លាស់ តែ​ទន្ទឹម​នឹង​នោះ អ្នក​នឹង​អាច​គិត​អំពី​វា​ដោយ​អំណរ ដោយ​ដឹង​ថា ការ​ស៊ូ​ទ្រាំ​ខាង​វិញ្ញាណ​របស់​អ្នក​កំពុង​កើត​មាន ហើយ​អ្នក​កាន់​តែ​មាន​លទ្ធ​ភាព​រត់​ទៅ​ដល់​ទី។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ១:៣-៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ១៩-២១ និង​លូកា ១៨:១-១៧

ប្រភេទ