នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ស្តាប់​តាម​ព្រះ​អង្គ​ចុះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្តាប់​តាម​ព្រះ​អង្គ​ចុះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 18, 2025

«រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សម្រាប់​លោក ១សម្រាប់​លោក ម៉ូសេ ហើយ១សម្រាប់​លោក អេលីយ៉ា។ នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្ដេច​ទេ ពីព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។ នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮសូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ចូរ​ស្ដាប់​តាម​ចុះ» (ម៉ាកុស ៩:៥-៧)។
សាវ័ក ពេត្រុស កំពុង​ឆ្លង​កាត់​ដំណើរ​ជីវិត​ដែល​មាន​ការ​ឡើង​ចុះៗ​យ៉ាង​ខ្លាំង រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ជិត​ដល់​ពេល​ដែល​ព្រះ​យេស៊ូវ​ប្រែ​ព្រះ​ភក្ត្រ​នៅ​លើ​ភ្នំ។ នៅ​នាទី​ខ្លះ គាត់​ប្រកាស​ថា «ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» (ម៉ាថាយ ១៦:១៦) ហើយ​នៅ​នាទី​បន្ទាប់ ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា «សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ» (ខ.២៣)។ លោក ពេត្រុស បាន​ឈាន​ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត នៃ​ការ​ប្រកាស​អត្ត​សញ្ញាណ​ពិត​របស់​បុរស​ម្នាក់ ដែល​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស ហើយ​បន្ទាប់​មក ក៏​បាន​ធ្លាក់​ទៅ​ដល់​ជម្រៅ​នៃ​កំហុស ដែល​ព្រះ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​បាន​ប្រាប់​គាត់​ថា គាត់​កំពុង​ទទួល​ឥទ្ធិពល​ពី​អារក្ស ហើយ​កំពុង​ធ្វើ​ជា​ឧបសគ្គ​រា​រាំង​បេសកកម្ម​នៃ​ព្រះ​រាជ​បុត្រា។ គាត់​នឹង​ធ្លាក់​កាន់​តែ​ជ្រៅ តែ​ក្រោយ​មក គាត់​ក៏​បាន​ឡើង​ខ្ពស់​ជាង​មុន​ទៀត (២៦:៦៩-៧៥ កិច្ចការ ៤:៥-២០)។ បើ​អ្នក​ដឹង​ថា ជីវិត​របស់​អ្នក​ជា​គ្រីស្ទាន មាន​ដំណើរ​ឡើង​ចុះៗ​ខ្លាំង ដូច​ខ្ញុំ​ដែរ នោះ​សូម​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គំរូ​របស់​សាវ័ក ពេត្រុស ចុះ។
ក្នុង​បទ​គម្ពីរ​ម៉ាថាយ​ជំពូក១៧ សាវ័ក ពេត្រុស បាន​ឡើង​ភ្នំ ឃើញ​ព្រះ​យេស៊ូវ​ប្រែ​ព្រះ​ភក្ត្រ ក្នុង​ការ​សន្ទនា​ជា​មួយ​លោក ម៉ូសេ និង​លោក អេលីយ៉ា។ ពេល​នោះ គាត់​រក​ពាក្យ​និយាយ​មិន​ចេញ​ដោយ​សារ​គាត់ និង​មិត្តភក្ដិ​គាត់​ពីរ​នាក់​ទៀត​មាន​សេចក្តី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា (ម៉ាកុស ៩:៦)។ គាត់​មិន​ដឹង​ថា គាត់​ត្រូវ​និយាយ​អ្វី​ទេ (លូកា ៩:៣៣) តែ​បញ្ហា​នេះ​មិន​បាន​រា​រាំង​គាត់​មិន​ឲ្យ​និយាយ​ឡើយ!
សាវ័ក ពេត្រុស មាន​អារម្មណ៍​តក់ស្លុត​ចំពោះ​ភាព​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ។ គាត់​ក៏​បាន​ទូល​សូម​ព្រះ​អម្ចាស់​ឲ្យ​គាត់​ធ្វើ​ត្រសាល​សម្រាប់​ព្រះ​អង្គ និង​ហោរា​ធំៗ​ទាំង​ពីរ​នោះ​ដែល​មកពី​គ្រា​សញ្ញា​ចាស់ ហើយ​ពេល​នោះ គាត់​ក៏​បាន​ឮ​សម្លេង​ឮ​ពី​ស្ថាន​សួគ៌​មក​ថា «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ចូរ​ឲ្យ​ស្ដាប់​តាម​ចុះ» គឺ​ដូច​ដែល​គេ​ធ្លាប់​បាន​ឮ​កាល​ព្រះ​យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ 
នេះ​គឺ​ជា​ការ​ត្រាស់​ហៅ​ដ៏​ជាប់​លាប់​របស់​ព្រះ​គ្រប់​ពេល​វេលា សម្រាប់​មនុស្ស និង​នៅ​ទី​កន្លែង​ទាំង​អស់។ ព្រះ​បន្ទូល​ព្រះ​នៅ​មាន​ជីវិត​រស់ និង​សកម្ម​ក្នុង​ពេល​សព្វ​ថ្ងៃ​តាម​រយៈ​ព្រះ​គម្ពីរ គឺ​ដូច​កាល​ដែល​សាវ័ក ពេត្រុស បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល នៅ​ភ្នំ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រែ​ព្រះ​ភក្ត្រ។ ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ឱកាស​មើល​ឃើញ​ភាព​អស្ចារ្យ និង​ដក​ពិសោធ​ជា​មួយ​សិរី​ល្អ​មុន​ពេល​កំណត់ ដូច​សាវ័ក ពេត្រុស យ៉ាកុប និង យ៉ូហាន ផង​ដែរ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ការ​ក្នុង​ចិត្ត​យើង។ 
ដំណើរ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​ការ​ឡើង​ចុះៗ មិន​ខុស​ពី​ជីវិត​របស់​សាវ័ក ពេត្រុស ទេ «ថ្ងៃ​ខ្លះ​យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​លិច​លង់​ក្នុង​ជ្រោះ​ដ៏​សែន​ជម្រៅ ដែល​គេ​មិន​អាច​វាស់​បាន ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​ឡើង​ទៅ​កន្លែង​ដ៏​សែន​ខ្ពស់ ដែល​គេ​ឈោង​មិន​ដល់»។138 ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​បន្ទូល​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ ចូល​ទៅ​ក្នុង​ជីវិត​យើង យើង​ទទួល​ការ​ដឹក​នាំ​ជា​ថ្មី​ទៅ​រក​ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងារ​របស់​ព្រះ ដែល​តែង​តែ​គាប់​ព្រះ​ទ័យ​ដល់​ព្រះ​វរបិតា និង​បាន​យាង​មក ដើម្បី​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់។ សំណួរ​ដែល​យើង​ត្រូវ​ឆ្លើយ​នោះ​គឺ៖ តើ​យើង​នឹង​ស្តាប់​តាម​ព្រះ​អង្គ​ទេ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ពេត្រុស ១:‌១៦-២១ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ២២-២៤ និង​លូកា ១៨:១៨-៤៣

ប្រភេទ